ភ្នំពេញ៖ បើកម៉ូតូកង់បីកៀររថយន្តតារាកំប្លែងនាយកុយបណ្តាលឱ្យបែកកាងមុខ សំណាងល្អអ្នក​បើកម៉ូតូកង់បីដឹងកំហុសទាន់ លើកដៃសំពះសុំទោសធ្វើឱ្យប្រជាពលរដ្ឋចោមរោមមើលគ្រប់គ្នា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្តុបអូឡាំពិក ស្ថិតនៅភូមិ១ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

​ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាតារាកំប្លែងនាយកុយ បើកបរតាមផ្លូវព្រះសីហនុ ពី​ស្តុប​អូឡាំពិក ទៅស្តុបវត្តមហាមន្ត្រីទិសដៅស្របទិសគ្នាជាមួយម៉ូតូកង់បី ខណៈមកដល់ ចំណុចកើតហេតុអ្នកបើកម៉ូតូកង់បី បានបើកកៀររថយន្តតារាកំប្លែងធ្វើឱ្យបែកកាងមុខ ។

បើតាមសម្តីរបស់បុរសជាអ្នកបើកម៉ូតូកង់បី បានប្រាប់សមត្ថកិច្ចថា ខ្លួនគាត់ពិតជាខុសមែនព្រោះប្រញាប់ ថៅកែហៅទៅដឹកទំនិញ ទើបគាត់បើកម៉ូតូកង់បីកៀររថយន្តបែបនេះ ​មានតែម្រាមដៃដប់គ្មានលទ្ធភាពសងថ្លៃជួសជុលរថយន្តទេ សព្វថ្ងៃធ្វើការបានប្រាក់ខែ១៥០ដុល្លារមានតែជូនតំលៃ ១៥០ដុល្លារ បើលោកពូកុយព្រមរូបគេទូរស័ព្ទខ្ចីថៅកែយកមកសង​ ។

ចំណែកតារាកំប្លែង​នាយកុយវិញ បានប្រាប់សមត្ថកិច្ច​ថាគាត់បើករថយន្តសុខៗ ស្រាប់តែ​មានបុរស ២នាក់បើកម៉ូតូកង់បីយ៉ាងលឿន​កៀរ រថយន្តគាត់បណ្ដាលឱ្យ​បែកកោងខាងមុខ គាត់មិនចង់បានលុយទេ គ្រាន់តែឱ្យបុរសបង្កនោះ យករថយន្តគាត់ទៅធ្វើកាង​មុខដែលខូចបែកបាក់ឱ្យស្អាតឡើងវិញ ប៉ុន្តែបុរស២នាក់នោះថា គ្មានលទ្ធភាពយករថយន្តគាត់ទៅ​ជួសជុល មានតែលុយ ១៥០ដុល្លារ គាត់សុខចិត្តយកដោយនឹកថាអាណិត តែរថយន្តគាត់ជួសជុលអស់លើស១៥០ដុល្លារ​ទៀត សូមបងប្អូនកុំច្រឡំថាជួសជុលរួចសល់លុយឱ្យសោះ តែសំខាន់បុរសបើកម៉ូតូកង់បីទទួលស្គាល់កំហុសខ្លួនឯង ។

ក្រោយកើតហេតុ ដោយមានការចរចាចុងក្រោយ ភាគីខាងបើកម៉ូតូកង់បានសងសំណងទៅនាយកុយចំនួន ៤០ម៉ឺនរៀលបញ្ចប់រឿង ៕