ខេត្តបន្ទាយ​មាន​ជ័យ​៖​ យុវជនយុវតីមួយគូបានស្រឡាញ់គ្នាយ៉ាងប្ដូរផ្ដាច់ ក៏ត្រូវម្ដាយខាងស្រីតាមបំបែក ធ្វើឲ្យពួកគេទាំង២នាក់ឈឺចិត្ត​ ក៏គិតខ្លីចងកសម្លាប់ខ្លួន និងយុវជនជាសង្សារ ក៏លេបថ្នាំសម្លាប់ខ្លួនតាមក្រោយ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង​៧ ​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅផ្ទះ​អ្នក​ជិតខាង​មួយ​កន្លែងដែលគចាក់សោ​ទុក​ចោល​ និងគ្មានមនុស្សរស់ ស្ថិត​នៅ​ភូមិ​គោរ​ដ្ឋា​ន ​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​។។

មន្ត្រីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា គូស្នេហ៍រងគ្រោះខាងលើ គឺភាគីខាងស្រី ឈ្មោះ​ សែ​ម​ សុធា​រ៉ា​ អាយុ​១៣​ឆ្នាំ​ មុខរបរជា​សិស្សថ្នាក់ទី៧ (ស្លាប់) ។​ រីឯសង្សាររបស់នាង ​ឈ្មោះ​ ​រឿ​ន​ សីហា​ អាយុ​២០​ឆ្នាំ​។ ពួក​គេ​រស់នៅផ្ទះ​ទល់មុខ​គ្នា​ ប៉ុន្តែ​ក្មេង​ប្រុសជាកូន​កំព្រា​ឳ​ពុក​ម្តា​យ ដោយ​រស់នៅ​ជាមួយ​បងស្រី​ ស្ថិត​នៅ​ភូមិ​-សង្កាត់​កើតហេតុ​ខាងលើ​។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា ក្មេងប្រុសស្រីទាំង២នាក់ខាងលើនេះ បានទាក់ទងស្នេហានឹងគ្នាជាយូរមកហើយ ប៉ុន្តែក្រោយ​មកទៀត ម្ដាយរបស់នាងបានហាមឃាត់មិនឲ្យនាងទាក់ទងនឹងសង្សាររបស់នាង។ ជាងនេះ ទៅទៀតម្ដាយរបស់នាងក៏បានវាយនាង និងគំរាមមិនឲ្យទាក់ទងបន្ដទៀត។ ដោយសារក្ដីអស់សង្ឃឹមពីរឿងស្នេហា ទើបក្មេងស្រីរងគ្រោះ បានសម្រេចចិត្តចងកធ្វើអត្តឃាត ហើយ​សង្សាររបស់នាងក៏បានលេបថ្នាំសម្លាប់ខ្លួនតាមក្រោយ។ ប៉ុន្តែអ្នក​ភូមិ​ឃើញ​យុវជនម្នាក់នេះបានរត់​ចេញ​មក​ពី​បន្ទប់ទឹក​ នៅផ្ទះ​ជិត​នោះ​ ទាំង​អាកា​រ​ក្រហល់ក្រហាយ​ត្រដរខ្យល់​ ទើបបងស្រីរបស់គេ​ដឹក​ទៅ​ស​ង្គ្រោះ ​នៅ​ក្នុងមន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​។

ប្រភពព័ត៌មានដដែល បានបន្តថា ភ្លាមៗនោះ អ្នកភូមិក៏បានចូលទៅមើលនៅក្នុងបន្ទប់ទឹកដែលយុវជនរងគ្រោះខាងលើរត់ចេញមក​នោះ ស្រាប់តែ​ឃើញ​ក្មេងស្រី​ ​ឈ្មោះ​ សែ​ម​ សុធា​រ៉ា​ បាន​​ចងក​ស្លាប់បាត់​ទៅ​ហើយ​ ដោយនាងយក​អាវ​ពណ៌​ស​ចង​នឹង​ធ្នឹម​បន្ទប់ទឹក​ ហើយក៏មិនដឹងថា ស្លាប់តាំង​ពី​ពេល​ណាដែរ​។​

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ ក៏បានចុះទៅ​ពិនិត្យដល់កន្លែងកើតហេតុ ឃើញ​មាន​ថ្នាំ​នៅរាយប៉ាយ​ និង​ដប​ថ្នាំ​១​ដប​ រួម​ទាំង​មាន​លុយ​មួយ​ចំនួន​ទៀតផង​។ បើ​តាម​ការ​ស្រាវជ្រាវ​និង​ការ​ធ្វើ​កោសល្យ​វិ​ច័​យលើសាកស​ពរបស់​សមត្ថកិច្ច​ អាចសន្និដ្ឋានបានថា ការ​ស្លាប់​របស់​ក្មេង​ស្រី​ខាងលើ​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​នោះ​ឡើយ​ គឺ​ពួក​គេ​បានសម្រេចចិត្ត​ធ្វើ​អត្តឃាត​ទាំង​២​នាក់​។​

បើតាមសម្ដីរបស់បងស្រីរបស់យុវតីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតមាននូវរឿងអកុសលនោះ គាត់បានឮប្អូនស្រី(ជនរងគ្រោះ)គាត់​ចុចទូរស័ព្ទទាក់ទងទៅសង្សាររបស់នាង ដើម្បីឲ្យយកថ្នាំមកឲ្យនាង។ តាមពិតទៅប្អូនស្រីរបស់គាត់ក៏បានរងការវាយដំពីម្ដាយផងដែរ ដើម្បីរារាំង​កុំឱ្យ​នាងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹងសង្សាររបស់នាងបន្តទៅទៀត។ ករណីនេះអាចបណ្ដាលមកពីពួកគេេរងនូវការ​ឈឺ​ចាប់ ហើយគិតខ្លី ទើបពួកគេសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕