ខេត្តព្រៃវែង៖ បុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានជិះម៉ូតូយ៉ាងលឿន រេចង្កូតធ្លាក់ចូលក្នុងទឹកព្រែក បណ្ដាលឲ្យស្លាប់យ៉ាង​អណោច​អធ័ម កាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវដាច់ទំនប់ព្រែកពន្លៃ ស្ថិតក្នុងភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មួង​ ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកគុបមូលC70 ពណ៌ទឹកប៊ិកចាស់ ក្នុងទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ទាំងសភាពស្រវឹងជោកជាំ។​ លុះពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ទំនងជាដោយសារជាតិស្រាវឹងធ្វើទុក្ខ រហូតបាត់បង់ម្ចាស់ការ​​ ទើបធ្វើឲ្យម៉ូតូរេចង្កូតធ្លាក់ចូលទៅក្នុងទឹកព្រែក ទាំងមនុស្ស បណ្ដាលឲ្យ​លង់ទឹកស្លាប់យ៉ាងអណោចអធ័ម។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅពិនិត្យ និងចុះរាវរក ឃើញតែម៉ូតូ ហើយសាកសពរបស់ជនរងគ្រោះ គឺរកមិនទាន់ឃើញនៅឡើយ ពីព្រោះទឹកជ្រៅពេក និងទឹកកំពុងហូរខ្លាំងទៀតផង៕