ខេត្តកំពង់ឆ្នាំង៖ បុរស២នាក់ត្រូវជាដន្លង បានដឹកគ្នាដើរប្រាប់ភ្ញៀវ ឲ្យមកចូលរួមពិធីមង្គលការកូនរបស់​ខ្លួន ស្រាប់តែជួបនឹងគ្រោះអកុសល ជិះម៉ូតូបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់ កាលពីវេលាម៉ោង៤ និង​៣០នាទីល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅលេីកំណាត់ផ្លូវជាតិលេខ១៤៤ ទល់មុខសាលាបឋមសិក្សាព្រះទ្វារ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ។

មន្រ្ដីនគរបានចរាចរស្រុករលាប្អៀរ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត នៅក្នុងហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឈ្មោះ ម៉ៅ ប៊ន អាយុប្រហែលជាង៥០ឆ្នាំ រស់នៅភូមិសាអង ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណេីជាមួយ ត្រូវជាដន្លង មិនទាន់ស្គាល់អត្តសញ្ញាណគ្រាន់តែដឹងថា រងរបួសធ្ងន់។ ដោយឡែកម៉ូតូបង្កម៉ាកហុងឌ្រីម ស៊េរី២០១៤ ស្លាកលេខ កំពង់ឆ្នាំង 1C -9076 បើកបរដោយឈ្មោះ យិន គន្ធា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (រងរបួសធ្ងន់) រស់នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណេីរជាមួយ រងរបួសស្រាល។

ប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ បុរស​ទាំង២នាក់បានជិះម៉ូតូមួយគ្រឿងដឹកគ្នា តាមបណ្ដោយផ្លូវជាតិលេខ១៤៤ ដើម្បីដើរចែកសំបុត្រអាពាហ៍ពិពាហ៍ អញ្ជើញភ្ញៀវឲ្យមកចូលរួម ក្នុងពិធីមង្គលការកូនរបស់ពួកគាត់។ លុះពេលពួកគាត់ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងស្ទាវ២នាក់ជិះម៉ូតូដឹកគ្នា បោះពួយមកពីចម្ងាយ ក៏រេចង្កូតទៅបុកម៉ូតូរបស់ពួកគាត់ពេញ​ទំហឹង ដួល​បោក​ទៅលើថ្នល់ ដេករដូករណែលពេញដី បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មម្នាក់ និង៣នាក់ផ្សេងទៀត រងរបួស ក្នុងនោះរបួសស្រាលម្នាក់។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង រួចហើយទៅរក្សាទុក នៅក្នុងអធិការដ្ឋាន​នគរបាលបាលស្រុក ដើម្បីចាត់តាមច្បាប់ និងប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យសាច់ញាតិ ដឹក​ទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕