ភ្នំពេញ៖ ពីរនាក់ប្តីប្រពន្ធ មានផ្ទៃពោះគ្រប់ខែ ដល់ថ្ងៃសម្រាលកូន ទៅជួលបន្ទប់ស្នាក់នៅ ហើយឈឺពោះ សម្រាលកូនរួច ទុកកូនចាក់សោក្នុងបន្ទប់ចោល ឪពុកម្តាយនាំគ្នារត់ចោលបាត់អស់ ដែលករណីនេះបានបង្កឱ្យមាន ការភ្ញាក់​កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោផ្លូវ
វេងស្រេង នៅផ្ទះជួលម៉ាក ស្រីពេជ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមាន
ជ័យ ។

ប្ដីប្រពន្ធដែលទុកទារិកា​ទើបសម្រាលនៅក្នុងបន្ទប់ចាក់សោចោល​នោះ ប្រពន្ធមានឈ្មោះ អូន ស្រីស្លួត អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់លេខ៤បេ ជាន់ទី១ មានស្រុកកំណើតនៅភូមិ ត្រពាំងដងទឹក ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្ដតាកែវ ។ ចំណែកប្ដីមិនបានស្គាល់អត្ដសញ្ញាណទេ ។ ​ម្ចាស់ផ្ទះជួលមានឈ្មោះ ហួ ផៃអេង អាយុ ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះខាងលើ ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះជួល បានឱ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើនេះ ទើបតែ មកជួលបន្ទប់ស្នាក់នៅបានមួយថ្ងៃប៉ុណ្ណោះ ដោយស្រ្តីជាប្រពន្ធមានផ្ទៃពោះ លុះយប់ឡើង មិនបាន​ដឹង​ថា គាត់ឈឺពោះសម្រាលកូននៅពេលណាឡើយ ហើយក៏មិនដឹងថា រត់ចេញពីបន្ទប់ជួលតាំងពីពេលណាដែរ ទាល់តែឮសំឡេងក្មេងយំនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែធ្នូនេះ ដោយក្មេងនោះយំ​ខ្លាំងពេក ទើបគាត់ជាម្ចាស់ផ្ទះ បានចាក់សោបើកទ្វារបន្ទប់ចូលទៅមើល ឃើញតែទារិកទើបសម្រាល ចំណែក​​ពីរនាក់ប្តីប្រពន្ធមិនដឹងថារត់ទៅណាបាត់ហើយ ។ បន្ទាប់ពីកើត​ហេតុ​ភ្លាមៗ ម្ចាស់​ផ្ទះជួលមិនបានទៅដាក់ពាក្យបណ្តឹងទេ រង់ចាំព្រឹកថ្ងៃទី៩ ខែធ្នូ ទើបទៅរាយ​ការណ៍ប្រាប់​សមត្ថកិច្ច ។

យោងតាមសម្ដីបុរសឈ្មោះ សំ សៅ ស្នាក់នៅជិតបន្ទប់គ្នា បានប្រាប់ឱ្យដឹងទៀតថា មុនពេលប្រទះឃើញទារិកាដែលទើបសម្រាលនោះ រូបគាត់បានចេញពីបន្ទប់របស់គាត់ នៅវេលាម៉ោង១០ និង៤០នាទីយប់ ស្រាប់តែមានឮសំឡេងក្មេងយំ រូបគាត់ក៏បានដើរមកមើលឃើញបន្ទប់ចាក់សោខាងក្រៅ ភ្លាមៗនោះ រូបគាត់បានចុះទៅហៅម្ចាស់ផ្ទះ ឱ្យទៅជួយកាត់សោ​បន្ទប់ រួចចូលទៅខាងក្នុង ក៏ប្រទះឃើញទារិកាទើបនឹងសម្រាល នៅក្នុងបន្ទប់ដោយគ្មានអ្វីរុំខ្លួននោះទេ ។

បន្ទាប់មក ម្ចាស់ផ្ទះបានយកភួយទៅរុំ និងឱ្យទឹកដោះគោបៅពេញមួយយប់ លុះព្រឹកឡើង ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះមកមួយអន្ដរាគមន៍ ហើយសមត្ថកិច្ចបានទាក់ទងទៅខាងសាលាសង្កាត់ស្ទឹងមានជ័យ៣ ចុះទៅធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យខាងសង្គមកិច្ចយកទៅចិញ្ចឹម ចំណែកឪពុកម្តាយទារិកាខាងលើនេះ ​មិនដឹងថារត់ទៅណាបាត់ហើយ ៕