ភ្នំពេញ៖ នារីម្នាក់រត់ទៅរកប្តឹងប៉ូលិស បន្ទាប់ពីសង្សារ ប្រតាយឆក់យកខ្សែក និងយកទូរស័ព្ទទៅបាត់ ដោយសារនាងមិនព្រមឡើងជិះម៉ូតូទៅតាមជាមួយ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

នារីខាងលើមានឈ្មោះ រឿន រ៉ាន អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ សាន់តិចវេណថ្ងៃ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិស្វាយសុខោ ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ចំណែកបុរសជាគូរស្នេហ៍សង្សារមានឈ្មោះ ផុង ប៊ុនណារ៉ូ អាយុ ២៤ឆ្នាំ កម្មកររោងចក្រសាន់តិចជាមួយគ្នា វេណយប់ ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ មានស្រុកកំណើត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមការរៀបរាប់ពីនារីខាងលើ បានឱ្យដឹងថា គាត់ទាំង ២នាក់ ស្រឡាញ់ ធ្លាប់រស់នៅជាមួយគ្នា អស់រយៈពេលជិត ១ឆ្នាំ តែមិនទាន់រៀបការ ក៏ប៉ុន្តែការរស់នៅក្នុងជីវិតសាកល្បងជាគូរ មិនស្រួល មិនបានដូចបំណង ប្រុសស្នេហ៍នាងប្រចណ្ឌច្រើន ធ្លាប់វាយ ធ្វើបាបរាងកាយនាងម្តងរួចហើយ ទើបនាងដកចិត្ត ដាក់កាយឱ្យឃ្លាតគ្នា ពោលសុំបែកចែកផ្លូវគ្នាដើរ អស់រយៈពេល ១ខែមកហើយ ។

ដោយសារការមិនយល់ចិត្តស្រី ទោះជាព្យាយាមសុំលួងលោម សុំស្នេហ៍វិញក៏នាងមិនព្រម ទើបតែមកដល់ព្រឹកថ្ងៃទី០៤ ខែធ្នូ នេះ រៀបចេញទៅធ្វើការ ស្រាប់តែលេចមុខអតីតប្រុសស្នេហ៍ ជិះម៉ូតូមកដល់ ចាំមុខបន្ទប់ស្រេច ហៅនាងឱ្យឡើងជិះម៉ូតូជាមួយគេ តែនាងប្រកែក ហើយប្រកែកទៀត «ផ្តាច់ហើយចំណងស្នេហ៍ហេងស៊យ» ត្រូវបានភាគីខាងប្រុសខឹង ស្ទុះវឹងបម្រុង ចាប់បីលើកដាក់លើម៉ូតូ រើបម្រាស់រួច បុរសខាងលើ ក៏ចាប់ស្រវ៉ាទាញខ្សែក ប្លាទីនទម្ងន់៣,៥ជី និងទូរស័ព្ទសាំសុងមួយគ្រឿង ហើយសួរបញ្ជាក់ថា ឡើងជិះម៉ូតូ ឬអត់ រួចជិះម៉ូតូចាកចេញទៅបាត់ ។

ក្រោយពីអតីតប្រុសស្នេហ៍ ផ្តាច់យកខ្សែក និងទូស័ព្ទដៃទៅបាត់ ភាគីខាងស្រី រត់ទៅប្តឹងប៉ូលិស ឱ្យជួយតាមយកខ្សែក និងទូរស័ព្ទដៃ របស់នាងមកវិញ ។ នារីខាងលើ ប្រកាន់ជំហរមួយ ផ្តាច់ ឈប់ សម្ព័ន្ធស្នេហ៍ជាមួយបុរសខាងលើទៀតហើយ សុំតែម្យ៉ាង យករបស់មកវិញ និងបញ្ឈប់មករកនាងទៀត ៕