ភ្នំពេញ៖ រថយន្ត​ប្រ​ភេទ​យីឌុប​របស់​ក្រុមហ៊ុន​ នាគខៀវ​ មួយ​គ្រឿង បានបើក​ដាច់​ហ្រ្វាំង​ បានជ្រុល​ទៅ​បុក​រះ​ ​ម៉ូតូ ២គ្រឿង​ ក្នុង​នោះ​មានរ៉ឺម៉ក​ម៉ូតូ​​បីនាក់​ មួយ​គ្រឿង​ បណ្តាល​ឱ្យ​មានអ្នក​ ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ស្រាល​ បីនាក់​ ដែលហេតុការណ៍​ដ៏រន្ធត់នេះ ​បានកើតឡើង​នៅ​វេលាម៉ោង​៣និង៣០នាទី​ រសៀល​ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ ទុលមុខនិង​ សាលា​រៀន​ មីគីវ៉េ​ ផ្លូវ​២១៧​ កែង​និង​ផ្លូវ​បេតុង​ បឹង​តា​ម៉ាត​ ភូមិ​សំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

​​សពជនរងគ្រោះ​មានឈ្មោះ​ ផឹង​ ដន​ ភេទប្រុស​ អាយុ​ ៦២ឆ្នាំ​ មុខរបររត់​រ៉ឺម៉កម៉ូតូ​​​ ស្នាក់នៅ​ ភូមិ​ព្រៃស​លិច​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ ជាអ្នក​បើករ៉ឺម៉ក​ម៉ូតូ​​ មាន​កូន ​៤នាក់ ​ប្រុស ២នាក់ស្រី ២នាក់​ ​។ ចំនែក​អ្នក​រងរបួស​ធ្ងន់​មាន​ឈ្មោះ​ ស្តោ​ សំឆាយា​ ភេទប្រុស​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ជាអ្នក​បើក​ម៉ូតូ​ហុងដាឌ្រីម​​ ស៊េរីឆ្នាំ​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CX 7142 ។​

ដោយ​ឡែក​អ្នក​បើក​​រថយន្ត​បង្ក​ មាន​ឈ្មោះ​ អឿន​ លុច​ ភេទប្រុស​ អាយុ ​២៤ឆ្នាំ​ មុខរបរបើកបរ​រថយន្ត​ ស្នាក់ក្នុង​ឡាន​ មាន​ស្រុក​កំណើត​ ភូមិ​ព្រៃថីយ​ ភូមិ​រការ​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ចំនែកជំនួយ​ការ​រថយន្តវិញ​ មាន​ឈ្មោះ​ ផាន​ ផាត​ ភេទប្រុស​ អាយុ ​១៨ឆ្នាំ​ មុខរបរជំនួយ​ការ​រថយន្ត​ ស្នាក់​ក្នង​ឡាន​ មាន​ស្រុក​កំណើត​ ភូមិ​សូទិន​ ឃុំ​សូទិន​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់ចាម​ ។

​តាម​ប្រភព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ដែល​ស្លាប់​ បានបើករ៉ឺម៉ក​ម៉ូតូដឹក​ក្មេង​ប្រុស​ស្រី​ចំនួន ​២នាក់​ បាន​ធ្វើ​ដំណើរ​តាមផ្លូវ​ បេតុង ​បឹង​តា​ម៉ាត​ ក្នុង​ទិសដៅ​ពីលិចទៅកើត​ ខណៈ​មកដល់​ចំនុច​កើតហេតុ​ ដែល​ជាផ្លូវ​កែង​អក្សរ​តេ​ ក៏ស្រាប់តែមានរថយន្ត​ប្រភេទ​យីឌុបរបស់​ក្រុម​ហ៊ុន​ នាគខៀវ​ ពណ៌បៃតង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3B-​ 5449 ជិះ​គ្នា ​២នាក់​ទាំងអ្នកបើកបរ​ បាន​ធ្វើដំណើរតាម​ផ្លូវ​ ២១៧​ ក្នុង​ទិសដៅ​ពីត្បូងទៅជើង​ ក្នុង​ល្បឿនលឿន​ ។

លុះ​មកដល់​ចំណុចកើតហេតុ​ មិន​ដឹង​ជាយ៉ាង​មិច​នោះទេ​ ស្រាប់តែឃើញ​ ជ្រុល​ទៅ​បុក​​ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​​ ស៊េរី​ឆ្នាំ​២០១៥​​ ចំពីក្រោយ​ពេញទំហឹង ​រួចហើយ​រថយន្ត​បាន​ជ្រុលទៅ​បុក​និងរ៉ឺម៉ក​ម៉ូតូ​​ដែល​កំពុង​តែ​ឆ្លង​ផ្លូវ ​ចំពាក់​កណ្តាល​បន្ថែម​ទៀត​ បណ្តាលឱ្យធ្លាក់​អ្នក​បើក​ម៉ូតូ​ចូល​ក្រោម​រថយន្ត ​កិន​ចំក្បាល​ចេញ​ឈាម​ស្លាប់ ​នៅ​កន្លែង ​ចំនែកក្មេងដែល​រួម​ដំណើរ​ក្នុង​រ៉ឺម៉កម៉ូតូ ​២នាក់​ទៀត​ រងរបួស​រលាត់ដៃរលាត់ជើង​ស្រាល​ ចំនែក​បុរស​ដែល​ជិះ​ម៉ូតូ​ឌ្រីមសង់ម្នាក់​ឯង​វិញ​ ដួល​ចូល​ក្រោម​រថយន្ត​ដូច​គ្នា​ តែរងរ​បួស​ជើង​ទាំង​សងខាង​ ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លិនិក​ ​សួគា៍​ ។

​ដោយ​ឡែក​ខាងរថយន្ត​វិញ​ ពេល​បង្ក​​គ្រោះថ្នាក់​ហើយ ​រងការខូចខាត​ ក្រពិត​កាងខាងមុខ​ចំហៀង​ខាងឆ្វេង​ ហើយ​បានបើក​ចេញពី​កន្លែងកើតហេតុ ​​៥០​ម៉ែត្រ​ ទើបឈប់ ​រួច​ហើយ​នាំ​គ្នា​រត់គេខ្លួន​ ក៏ត្រូវ​បាន​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​ បាននាំគ្នា​ជួយ​ដេញ​ចាប់​បាន​ ទាំង​ពី​រនាក់​យកទៅ​ប្រគល់ឱ្យសមត្ថកិច្ច យកទៅ​សាកសួរ​នៅ​អធិការដ្ឋានខណ្ឌ​ដង្កោ ​។



​​តាម​សម្តី​សារភាព​ របស់​អ្នក​បើកបរ​រថយន្ត​បង្ក ​បាន​ឱ្យដឹងថា​ មុន​ពេលកើតហេតុ ពួកគាត់​ទាំង​ពី​រនាក់ ​បាន​បើករថយន្ត​ខាង​លើ​យកទៅ​ទំលាក់​ទ្រុង ​ឱ្យ​ជាង​ធ្វើ​នៅ​ម្តុំ​ ផ្លូវ​បំបែក​ជាបួន​ ស្ពាន​ព្រែក​ជ្រៃ​ ខណ្ឌដង្កោ​ លុះ​ទំលាក់​ទ្រុង​ហើយ​ ពួក​គាត់​បាន​បើក​រថយន្ត​គោលបំណង​ត្រឡប់​ទៅ​ការ៉ាស​វិញ​ នៅ​ក្រោយ​វត្ត​សំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ លុះ​មកដល់​ចំនុចកើតហេតុ​ ដោយ​សារតែ​ រថយន្ត​របស់​ពួកគាត់​ ហ្រ្វាំង​អត់​ស៊ី​ ក៏ជ្រុលទៅ​រះ​ម៉ូតូ​២ គ្រឿង ។

​​បើតាម​សម្តី​បងបង្អូន​របស់​សពជនរងគ្រោះ​បានឱ្យ​ដឹងថា​ ជន​រងគ្រោះ​ទើប​មក​ពី​បុណ្យ​សព​បងបងប្អូន​ នៅខេត្ត​កំពង់ចាម​ លុះ​ធ្វើ​ដំណើរ​មកដល់​ភ្នំពេញ​ ឈាង​ចូល​លេង​ផ្ទះ​បងប្អូន​ នៅ​ម្តុំ​ក្បាល​ថ្នល់​ ពេលចេញ​ពី​ផ្ទះ​បងប្អូន​នៅ​ក្បាលថ្នល់ ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រៃ​ស​ ក៏ជួប​គ្រោះថ្នាក់​បែបនេះ​ទៅ​ ​។ ក្នុង​ហេតុ​ការណ៍​នេះដែរ​ ឃើញ​មាន​បងប្អូន​កូន​ចៅ​របស់​ជនរងគ្រោះ​ បានមកស្រែក​ទ្រ​ហ៊ោ​ ស្រែក​យំ​សោកបោក​ខ្លួន ​ឱបសព​របស់​ឪពុក​ មើលទៅ​គួរ​សោក​សង្រែង​បំផុត​ ។

ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន ​និង​ជំនាញ ព្រមទាំង​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខណ្ឌដង្កោ​ បានចុះ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​ កុំឱ្យ​កក​ស្ទះ​ រួចហើយ​បានទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍ក្រុង​ មក​ធ្វើ​លិខិត​ប្រគល់​សព ជនរងគ្រោះ​ឱ្យក្រុមគ្រួសារ​សាច់ញាតិ​ យកទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ និង​ធ្វើ​ការ​វាស់វែង​យកម៉ូតូ​ ទាំង​រថយន្ត​ ព្រមទាំង​អ្នក​បើក​បរ​ ទៅ​រក្សារ​ទុក នៅ​ការ​រិយាល័យ​ចរាចរណ៍​ជើង​គោក ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ ៕