ខេត្តកណ្ដាល៖ បុរស២នាក់បងប្អូនបង្កើត បានព័ទ្ធវង់ផឹកស្រាថ្នាំ រហូតដល់ស្រវឹងជោកជាំ ក៏ខឹងនឹងបងដេញឲ្យទៅផ្ទះ ស្រាប់​តែស្ទុះទៅទាញកាំបិតប័ុងតោកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង​១ និង១០នាទីរំលងអធ្រាត្រ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើខ្នងទំនប់៣៨ ស្ថិតក្នុងភូមិ​​ព្រែកខ្នាច ឃំុលើកដែក ស្រុកកោះធំ។

មន្រ្ដីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឃ្លិន ផេង ភេទប្រុស អាយុ២៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបរជាអ្នកនេសាទ មានលំនៅក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ រីឯ
ជន​​​រងគ្រោះ ឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកនេសាទ (រងរបួសត្រង់ក្ដោងច្រមុះ និងដៃខាងស្ដាំ) មានលំនៅក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយ និងជនរងគ្រោះ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា បានព័ទ្ធវង់ផឹកស្រាថ្នាំ នៅលើខ្នងទំនប់៣៨ រហូតមកដល់វេលាម៉ោង១០យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ទើប ជនរងគ្រោះជាបង បានដេញឲ្យជនសង្ស័យជាប្អូនឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះពេលយប់ជ្រៅហើយ។ ប៉ុន្តែនៅពេលនេះ ជនសង្ស័យ​មិនព្រមទៅ ហើយ​ក៏​ទាញយកបារីពីជនរងគ្រោះមកជក់។ រីឯជនរងគ្រោះក៏បានទាញបារីមកវិញ ដើម្បីកុំឲ្យជន​សង័្សយជក់ និងបានវាយទៅ​លើ​ជនសង្ស័យជាប្អូនមួយដៃ ធ្វើឲ្យជនសង្ស័យខឹង ក៏ដើរទៅផ្ទះម្ដាយ ដែលនៅក្បែរនោះ រួចទាញកាំបិតបុ័ងតោ ​កាប់​ប្រហារទៅលើ​ជន​រងគ្រោះ បណ្ដាលឲ្យរងរបួសចំក្ដោងច្រមុះ និងដៃខាងស្ដាំជាទម្ងន់។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក។ ដោយឡែកជនសង័្សយ​ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន នាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕