កាលពីពេលថ្មីៗនេះ ប៉ូលិសថៃ បានរាយការណ៍ឲ្យដឹងថា ករណីដែលបុរស ជនជាតិបរទេស២នាក់ បានថតរូបស្រាត បង្ហោះលើប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ូក កាលពីថ្ងៃទី២៤ វិច្ឆិកា ២០១៧ កន្លងមកនេះ នៅក្នុងវត្តបុរាណថៃ ឈ្មោះ Wat Arun ដែលជាទីកន្លែងទេសចរណ៍ ដ៏ល្បីឈ្មោះ និងជាទីកន្លែងគោរពបូជា របស់ជនជាតិថៃផងដែរ ។

ប៉ូលិសបានបន្តទៀតថា នៅវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី២៨ វិច្ឆិកា ២០១៧ ប៉ូលិសបានឈានទៅឃាត់ខ្លួន បុរសទាំង២នាក់នោះ នៅក្នុងព្រលានយន្តហោះ Pon Muang Airport ក្រោយពីប្រព័ន្ធតាមចាប់ ជនបរទេសនៅក្នុងព្រលានយន្តហោះ បានផ្តល់សញ្ញាឡើង ដោយបុរសទាំង២នាក់នោះ អាយុប្រហែលជាង៣០ឆ្នាំ ។

ពួកគេទាំង២ ត្រូវបានឃាត់ខ្លួន រួចប៉ូលិសបាននាំទៅកាន់ប៉ុស្តិ៍ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ក្រោយពីរូបគេបានធ្វើឲ្យរូបភាព មិនសមរម្យផ្សព្វផ្សាយចេញទៅក្រៅ ព្រមទាំងធ្វើឲ្យប៉ះពាល់កិត្តិយស របស់ប្រទេសថៃទាំងមូល ។

ក្រៅពីនេះ ក្រុមប៉ូលិសក៏បានដាស់តឿន ដល់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ ចូលមកទស្សនាកំសាន្តនៅប្រទេសថៃ សូមឲ្យគោរពអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងសាសនា របស់ប្រទេសថៃផងដែរ ។