ភ្នំពេញ​៖ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មកពីកូតារបស់គណបក្ស​សង្គ្រោះជាតិ បានលាលែងពីតំណែងនោះមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករជា១ម៉ឺននាក់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកានេះថា តួនាទី​អនុប្រធាន​គជប​ថ្មី ដែល​ជំនួស​លោក គួ​យ ប៊ុន​រឿន នឹងត្រូវ​ជ្រើសរើស​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។​

សម្ដេច ហ៊ុន សែន បាន​បន្ថែមថា មន្ត្រី​គជប​ថ្មី​ទាំង​៣​រូបនេះ គឺមាន​សមាសភាព​មក​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​ខ្មែរ និង​ខាង​អង្គការ​សង្គម​ស៊ីវិល​។ សមាជិក​ទាំងបី​នេះ នឹងត្រូវ​ជ្រើសរើស​តាម​សភាជាតិ​។​

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បាន​ស្នើ​ទៅ​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គជប) លោក ស៊ិ​ក ប៊ុន​ហុក កុំ​ឲ្យ​ទទួលយក​មន្ត្រី​គជប កូតា​មកពីគណបក្ស​សង្គ្រោះ​ជាតិ ទាំង៣​នាក់ ដែល​បាន​លាលែង​ពី​តំណែង​នោះ​ ត្រឡប់មកវិញ​​។​

យោង​តាមរយៈ​លិខិត​រួមគ្នា​មួយ ​ផ្ញើ​ទៅ​ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំនួន​៣​នាក់ រួមមាន ​លោក គួ​យ ប៊ុន​រឿន ជា​អនុប្រធាន លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង បានដាក់​ពាក្យសុំ​លាលែង​តំណែងពី​ស្ថាប័ន​​មួយ​​នេះ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លិខិតដដែលនោះ បានបញ្ជាក់ពីមូលហេតុ ​នៅ​ក្នុង​ការ​ដាក់​ពាក្យស្នើសុំលាលែងពីតំណែងនោះថា ដោយ​សារលោក​ទាំង​៣​នាក់​បើកផ្លូវ​ឲ្យគ​ជ​​ប អនុវត្ត​នូវការ​បែងចែក​អាសនៈ​ នៃ​រដ្ឋសភា​អាណត្តិ​ទី​៥ និង​អាសនៈ​​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ឡើង​វិញ។ អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិទាំងនោះ ត្រូវ​បែងចែក​ទៅឲ្យ​គណ​បក្ស​នយោបាយ​ផ្សេងៗ ​ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ជូន។

នៅក្នុងលិខិតដដែលនោះ បានហៅ​ការ​ដាក់កំហិត​ឲ្យគ​​ជ​​ប បែងចែក​អាសនៈ​ឡើង​វិញនេះថា​ ជា​ការ​ជះ​ឥទ្ធិពល ​ដោយ​ផ្ទាល់​ដល់​ដំណើរការ ​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ឆ្នាំ​២០១៨ ដោយ​មិន​អាច​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​មួយ ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌បានឡើយ។ រីឯ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​ក៏​មិន​អាច​ទទួលស្គាល់​ពី​ពលរដ្ឋជា​ម្ចាស់​ឆ្នោត ក៏៏ដូចជាភាគី​ពាក់ព័ន្ធ និង​សហគមន៍​អន្តរជាតិបានដែរ​។

នៅ​ក្នុងពាក្យស្នើសុំលាលែងពីតំណែងធ្វើរួមគ្នាដដែលនោះ គឺមានទាំងស្នាម​មេដៃ​របស់លោក​អនុប្រធានម្នាក់ និង​សមាជិក​គ​​ជ​ប​២រូបផ្សេងទៀត បានអះអាង​ថា ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​ សម្រាប់ការរៀបចំ​ការ​បោះ​ឆ្នោត មិន​អាច​នៅ​បន្ត​ធ្វើ​ការងារ ​ក្នុង​ស្ថាប័នគ​​ជ​​ប បានតទៅ​ទៀត​​ឡើយ ពីព្រោះវា​​ក្បត់ទៅ​នឹង​ឧត្តម​គតិ និងមនសិការរបស់​ខ្លួន និង​​ក្បត់​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋជា​ម្ចាស់​ឆ្នោត​ ហើយ​បញ្ហានេះនឹង​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទៀតផង៕