ភ្នំពេញ៖ បុរសវ័យ​៥៧ឆ្នាំម្នាក់ ជាអ្នកធាក់ស៊ីក្លូ បានដេកស្លាប់ នៅលើស៊ីក្លូបង្កឲ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវ២១៧ នៅចំណុចមុខផ្ទះ95AEo ស្ថិតនៅក្នុងភូមិ៣ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សំ ហន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធាក់ស៊ីក្លូ ស្នាក់​នៅកន្លែង កើតហេតុខាងលើ មានស្រុកកំណើត នៅឃុំក្រាវលាវ ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពពត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ​ជាអ្នកធាក់ស៊ីក្លូ នៅម្តុំផ្សារអូរឬស្សី នៅយប់កើតហេតុ មិនដឹងថា គាត់មានជម្ងឺអីទេ បានគាំងបេះដូងសន្លប់ស្តូក នៅលើស៊ីក្លូ ធ្វើឲ្យអ្នកធាក់ស៊ីក្លូដូចគ្នា ​ជួយធ្វើចលនាបេះដូងដែរ ប៉ុន្តែជនរងគ្រោះ ​បានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ ​ចុះទៅចោមរោម​មើល ​និងជួយចូលបុណ្យម្នាក់១ម៉ឺនរៀល ទៅ២ម៉ឺនរៀល ។

ចំណែកលោកចៅសង្កាត់ អូរឬស្សី៣ បានចូលបុណ្យចំនួន ៣០ម៉ឺនរៀលផងដែរ ។ តាមការពិនិត្យរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង ។ បន្ទាប់ពីពិនិត្យរួចហើយសព បានទាក់ទងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត ខេត្តតាកែវ ៕​