ភ្នំពេញ៖ អតីត​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន ​ដ៏ល្បីម្នាក់របស់វិទ្យុ​អាស៊ី​សេរី​ ជាប់ពាក់ព័ន្ធនឹងការដំឡើង ​​​វិទ្យុ​ផ្សព្វផ្សាយ​ព័ត៌មាន ​​ចេញ​ទៅ​ក្រៅ​ប្រទេស ​​ដោយ​ខុសច្បាប់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ ៨​នាទី​យប់ ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​នៅ​ក្នុង​សណ្ឋាគារ​ម៉ារ៉ាឌី​ មានទីតាំងនៅ​ជិត​ គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាមមហាវិថីព្រះ​មុនី​រ៉េ​ត (ផ្លូវលេខ២១៧) ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី (RFA) ដែល​ត្រូវ​បាន​អាជ្ញាធរ​ ឃាត់ខ្លួន​ជាប់ពាក់ព័ន្ធ នឹងការដំឡើងវិទ្យុផ្សព្វផ្សាយ ដោយខុសច្បាប់នោះ ឈ្មោះ អ៊ួ​ង ឈិ​ន ភេទ​ប្រុស អាយុ​ជាង​​៤០​ឆ្នាំ មាន​​លំ​នៅបច្ចុប្បន្ន​​ ផ្ទះ​លេខ​៩២ ផ្លូវ​លេខ​១៨ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​​ជ័យ រាជធានី​ភ្នំពេញ។ នៅក្នុងការឆែកឆេរបន្ទប់ជួល របស់ជនសង័្សយនោះ អាជ្ញាធរ​រក​ឃើញ វត្ថុតាងមួយចំនួន រួមមាន ម៉ា​ស៊ី​កុំព្យូទ័រ Dastop ៤​គ្រឿង Laptop​ មួយ​គ្រឿង Mixer មួយ​គ្រឿង Speaker មួយគូ ទូរទស្សន៍២​គ្រឿង Monitor Speaker មួយគូ Microphone ចំនួន​៥ រួម​ទាំង​សម្ភារ ពាក់ព័ន្ធ​នឹង​ការ​ដំឡើង ស្ទី​ឌី​យោ​វិទ្យុ​មួយ​ចំនួន​ទៀត។

មន្ត្រីនគរបាលដដែល បានបន្តថា នៅក្នុងប្រតិបត្តិការនេះ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដោយលោក ​ពេជ្រ កែ​មុនី អភិបាល​ខណ្ឌមានជ័យ ក្រោមការសម្របសម្រួលពីលោក​ អ៊ុំ សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បានឱ្យ​​ដឹង​ថា ជនសង្ស័យ​បាន​មក​ជួល​បន្ទប់​លេខ​E04 ជាន់​ទី​៧ នៃ​សណ្ឋាគារ​ខាងលើ ក្នុង​តម្លៃ​២០០​ដុល្លារ ប៉ុន្តែដោយ​សារ​ អាជ្ញាធរមានការ​សង្ស័យ ​ពីករណី​លួចលាក់ដំឡើង ​ឧបករណ៍​ផ្សាយ​ព័ត៌មាន​តាម​វិទ្យុ ​ដោយ​ខុសច្បាប់​ ទើបអាជ្ញាធរបានដឹកនាំកម្លាំង​ សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរ ក៏​រក​ឃើញ​ឧបករណ៍​ ពាក់ព័ន្ធ​មួយ​ចំនួន។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានបន្តថា ចំពោះ​មុខ​អាជ្ញាធរ​ និងសមត្ថកិច្ចចម្រុះ លោក​ អ៊ួ​ង ឈិ​ន បាន​ឆ្លើយ​ថា ​លោក​បាន​ជួល​បន្ទប់E04 ជាន់ទី៧ នៃ​សណ្ឋាគារ​នេះ​ គឺដើម្បី​បើកជា​ស្ទី​ឌី​យោ​ច្រៀង​ខារ៉ាអូខេ និង​ថត​វី​ដេ​អូ ក្នុង​កម្មវិធី​រៀប​អាពា​ហ៍​ពិពាហ៍ និង​ពិធីបុណ្យ​ផ្សេង​ៗ​ សម្រាប់​អាណិក​ជន​ជួល​ទៅ​តាម​តម្រូវការ​ជាក់ស្តែង និង​គ្រោង​​រៀបចំ​ថត​ចម្រៀង​ សម្រាប់​លក់កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ មិន​មាន​បំណង​ ក្នុង​គោលដៅ​អ្វី​ផ្សេងនោះ​ឡើយ។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយ​ការ​សាក​សួរជាបឋម​រួច​មក លោក​អ៊ួ​ង ឈិ​ន ត្រូវ​​​​អាជ្ញាធរ​និងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្រោមការ​ឯកភាព​ពី​លោកព្រះរាជអាជ្ញារ​រង រួច​ប​ញ្ជូ​ន​​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ទាំង​យប់ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម និង​បន្ត​នីតិវិធី​។ ​នៅ​វេលា​ព្រឹក ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​​ នេះ កម្លាំង​សមត្ថកិច្ចចម្រុះ​ខណ្ឌមានជ័យ រួម​ទាំង​ក្រសួង​ មន្ទីរពាក់ព័ន្ធ នឹង​ចុះ​ទៅ​ពិនិត្យ​បន្ទប់​ជួលរបស់​ជនសង្ស័យ​ម្តងទៀត ដើម្បី​ពិនិត្យ​ និងស្វែងរក​ការ​ពិត ថាតើករណីនេះ វាជាការពិត​ដូចអ្វីដែល​​អាជ្ញាធរ​សង្ស័យពីរឿង​លួចលាក់ដំឡើងប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខុស
ច្បាប់ដែរឬយ៉ាងណា៕