ប្រទេសអ៊ីរាក់៖ កងកម្លាំងយោធាអ៊ីរ៉ាក់ បានកាន់កាប់ទីតាំងជាច្រើន នៅភាគខាងត្បូង នៃទីក្រុង Kirkuk ពីយុទ្ធជន​ឃឺដ នៅពីថ្ងៃចន្ទ ទី១៦ ខែតុលានេះ បន្ទាប់ពីពួកគេគ្រប់គ្រងឡើង នៅទីក្រុងដ៏សម្បូរប្រេងមួយ ដែលបានប្រកាសឯករាជ្យ ពីការធ្វើប្រជាមតិ កាលពីខែមុន។

មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីរ៉ាក់ បាននិយាយថា ដែនដីដែលបានដណ្ដើមបានមកវិញពីពួកសកម្មប្រយុទ្ធឃឺដ រួមមាន មូល​ដ្ឋាន​អាកាសដ៏សំខាន់មួយ ហៅថា K1 ស្ថានីយឧស្ម័នខាងជើង រោងចក្រកែច្នៃនៅក្បែរនោះ រោងចក្រថាមពលមួយ និងតំបន់ឧស្សាហកម្ម។ នៅពេលនេះ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ កំពុងបន្តដណ្ដើមកាន់កាប់តំបន់ជាច្រើនទៀត។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលភូមិភាគឃឺដ (KRG) មិនបានបញ្ជាក់ពីការដណ្ដើមកាន់កាប់ទីតាំងទាំងនេះរបស់កងកម្លាំងយោធារបស់អ៊ីរ៉ាកនៅឡើយ ប៉ុន្ដែបើតាមខ្សែវីដេអូឃោសនាតាមទូរទស្សន៍របស់ឃឺដ(TV channel Rudaw) បាននិយាយថា កងកម្លាំងឃឺដ(Kurdish Peshmerga forces)បានបោះបង់ចោលតំបន់នៅភាគខាងត្បូង នៃទីក្រុងKirkuk ។ ទីក្រុង Kirkuk ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឃឺដ ប៉ុន្តែនៅពេលនេះ កងកម្លាំងអ៊ីរ៉ាក់បានចូលទៅកាន់តំបន់ឧស្សា​ហកម្ម​ទាំងនោះ ដោយបានគ្រប់គ្រងលើតំបន់ភាគខាងត្បូង។

ប្រទេសអ៊ីរ៉ាក់បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងតំបន់ពហុជនជាតិដើម នៅថ្ងៃអាទិត្យចំពេលមានវិបត្តិកាន់តែខ្លាំងក្លា រវាង​រដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋបាលប្រចាំតំបន់របស់ឃីដ(KRG) លើការធ្វើប្រជាមតិ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។