ខេត្តតាកែវ៖ បន្ទាប់ពី​ក្រសួង​ធម្មការ ​និង​សាសនា​ចុះ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​បុគ្គល​ម្នាក់​ឈ្មោះ ធាន វុ​ទ្ធី តាំងខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រី នៅ​វត្ត​ទួល​ព្រះរាជា ស្ថិតត​ក្នុង​ខេត្តកណ្តាល ហើយឲ្យបុគ្គលកំហូចនោះលែងធ្វើសកម្មភាពនោះមក ស្រាប់តែកាលពីពេលថ្មីៗនេះ ជនដដែលនោះ បានបង្ហាញមុខក្នុងការហែកឋិនមួយយ៉ាងគគ្រឹកគគ្រេង នៅក្នុងខេត្តតាកែវ ដោយតាំងខ្លួនឯងជាព្រះអរហន្ត ហើយត្រូវអ្នកលេងសង្គមហ្វេសប៊ុកចែករំលែកគ្នាពីមួយទៅមួយ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កក បាន​ង្ហា​ញ​នូវ​រូបភាព​យ៉ាងច្រើន​ពី​បុគ្គល ធាន វុ​ទ្ធី ក្នុង​ពិធីបុណ្យ​កឋិនទាន​មួយ កាលពី​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​ទឹកដី​នៃ​ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជាទី​កន្លែង​ដែល​លោក ធាន វុ​ទ្ធី បាន​កសាង​ព្រះពុទ្ធ​បដិមា​ធំ​ៗ​យ៉ាងច្រើន នៅ​លើ​ផ្ទៃដី​ជា​ច្រើន​ហិ​កតារ ដែល​មាន​អ្នកចូលរួម​ហែ​អង្គ​កឋិនទាន សុទ្ធតែ​ស្លៀក​ស ពាក់​ស មាន​ចំនួន​ជិត​១​ពាន់​នាក់ និង​អ្នកចូលរួម​បាន​ប្រសិទ្ធ​នាម​ឱ្យ​លោក ធាន វ​ទ្ធី ថា ជាព្រះអរហន្ត ដែល​ត្រាស់​ដឹង​នៅ​លើក​ទឹកដី​ខេត្ត​តាកែវ ថែម​ទៀត ។

បើតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា អរហន្ត(ជាពាក្យក្លាយមកពីបាលី និងសំស្រ្កឹត) មាន​ន័យថា អ្នក​ឆ្ងាយ​ចាក​កិលេស គឺ​អ្នក​ដែល​បាន​សម្រេច​លោកុត្តរ​ធម៌​ផុត​ថ្នាក់ : អរហន្ត គឺ​អ្នក​ដែល​បាន​សម្រេច​អរហត្ត ។ បើ​ស្ត្រី​ជា អរហន្តី; ព. កា. ឬ ព. ទេ. ឯក. ជា អរហា, ពហុ. ជា អរហន្តា ឬ អរហន្តោ (ម. ព. អរហំ ផង)។ ប៉ុន្តែបើគេក្រឡេកមើលទៅលើបុគ្គល ធាន វុទ្ធី វិញ ទើបគាត់បានឆ្ងាយចាកកិលេស និងសម្រេចលោកុត្តរធម៌ហើយឬនៅ? បើនៅជាបុថុជ្ជន ពោរពេញទៅដោយកិលេស មានការលោភលន់ គ្រាន់តែកោរសក់ស្លៀកពាក់សនោះ គឺមិនអាចហៅថា​​ ព្រះអរហន្តកើតទេ។ ដូច្នេះអ្នកកាន់ព្រះពុទ្ធសាសនា គួរតែយកទ្រឹស្ដីដ៏ល្អរបស់ព្រះពុទ្ធមកដាក់ក្នុងចិត្តផង ពីព្រោះព្រះពុទ្ធបាន​អប់រំ​ និងទូន្មានដល់មនុស្សលោក មុននឹងជឿ ឬមានសទ្ធា ត្រូវប្រើបញ្ញាត្រិះរិះឲ្យគ្រប់ជ្រុងជ្រោយ ទើបវានាំឲ្យយើងមានប្រយោជន៍ និងមិនខាតបង់។ ការដែលត្រឹមតែស្លៀកសពាក់ស កោរសក់បែបនេះ មិនមែនមានន័យថា ព្រះអរហន្តនោះឡើយ។

គួររម្លឹកថា កាលពី​ឆ្នាំ​២០១៤ ក្រសួង​បាន​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​នូវ​កំហុសឆ្គង​របស់​បុគ្គល​នេះ ជា​អ្នក​ដើរតួ​បោកប្រាស់​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន និង​បំផ្លិចបំផ្លាញ​កិត្យានុភាពព្រះពុទ្ធ​សាសនា​ នៅ​កម្ពុជា ដោយសារតែលោក ធាន វុ​ទ្ធី តាំងខ្លួន​ឯង​​ជា​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ៍ បាន​ចូលខ្លួន​មក​សារភាព​នៅ​សាល​ប្រជុំ ​នៃ​សាលា​ខេត្តកណ្តាល​សាជា​ថ្មី នៅចំពោះ​មុខ​លោក មិន ឃិ​ន អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា។ ជុំវិញ​ករណី​បុគ្គល​នេះ ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ដោយ​បាន​តាំងខ្លួន​ជា​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ ហើយ​ឈាន​ដល់​មាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្រាប​សំពះទៀតផង។ ជាធម្មតា ព្រះសង្ឃ គឺជាឧត្តមភេទ មិនមែនក្រាបសំពះគ្រហស្ថបែបនេះទេ សូម្បីតែសេ្ដចផែនដី ក៏ព្រះសង្ឃមិនលើកដៃសំពះឡើយ។

ស្របគ្នានោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ធ្លាប់​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ស្វែងរក​តាម​ចាប់ខ្លួន និង​វាយ​ខ្នោះ​បុគ្គល​ឈ្មោះ ធាន វុ​ទ្ធី កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៤ កន្លង​ទៅ ហើយ​បុគ្គល​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ ​ដូច​ការ​លើក​ឡើង​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​ឡើយ គឺ​បាន​ត្រឹម​បើកផ្លូវ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ និង​សារភាព​កំហុសឆ្គង​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​គ្រប់យ៉ាង និង​សុំ​ទោស​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​សម្តេចព្រះ​ពោធិវង័្ស អំ លឹ​ម​ហេង និង​ចំពោះ​មុខ​លោក ផៃ ប៊ុ​ន​ឈឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល នា​ថ្ងៃ​ទី​៦ សីហា ២០១៤ តែប៉ុណ្ណោះ ។

បុគ្គល​ធាន វុ​ទ្ធី មិនមែន​ជា​ករណី​តូចតាច ឬ​សាមញ្ញ​នោះ​ឡើយ ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​របស់​បុគ្គល​ដែល​ធ្លាប់​តាំងខ្លួន​ជា​តាបស ជា​សម្តេចព្រះសង្ឃរាជ ជួន ណាត ចាប់ជាតិ ជា​អ្នករក​ឃើញ​ព្រះ​ផុស អាច​ទំនាក់ទំនង​ជាមួយ​ព្រះព្រហ្ម និង​ព្រះឥន្ទ្រ​បាន រហូត​ដល់​តាំងខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រីយ៍ ធ្វើ​ឲ្យ​ព្រះសង្ឃ​មួយ​ចំនួន​ថ្វាយបង្គំ​បុគ្គល ធាន វុ​ទ្ធី បង្ក​ឲ្យ​មាន​ភាព​ក្រឡាប់ចាក់ រហូត​ដល់ នៅ​ស្រុក​កំណើត​របស់​គាត់ ស្ថិត​នៅ​ភូមិ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវ​បាន​គេ​​ប្រសិទ្ធ​នាមថា ជា​ព្រះអរហន្ត វិញ​ម្តង ។

ទោះជាយ៉ាងណា ពុទ្ធសាសនិកដែលយល់ដឹងជ្រៅជ្រះពីព្រះពុទ្ធសាសនា បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ គួរគិតពិចារណា និងចាត់វិធានការពីករណីនេះផង៕