ខេត្តពោធិ៍សាត់៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារជិះម៉ូតូបុក កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេក៥ ខាងកើតធនាគារកាណាឌីយ៉ា ស្ថិតក្នុងភូមិពាលញែក ឃុំផ្ទះព្រៃ ក្រុងពោធិ៍​សាត់ ខេត្តពោធិ៍សាត់​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ONG28-1-0779 តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នាជាមួយនឹងបុរស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ។ លុះពេលពួកគេធ្វើដំណើរមកដល់ចំណុចកើតហេតុ​ ក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង ដួលបោកនឹងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។

មន្ត្រីនគរបាលចរាចរក្រុងពោធិ៍សាត់ បានឲ្យដឹងថា អ្នករងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ពៅ សុភា ភេទប្រុស អាយុ៦៣ឆ្នាំ បម្រើការងារ នៅអង្គការអាត្រាត រងរបួសក្បាល់ធ្ងន់ធ្ងរ ជិះម៉ូតូហុងដាឌ្រីម ទី២-គង់ វិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(រងរបួសក្បាលធ្ងន់ធ្ងរ) និងទី៣-ឈ្មោះ ស៊ុន សល់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(រងរបួសស្រាល)។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ បន្ទាប់មកយកម៉ូតូទាំង​២គ្រឿងទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕