ខេត្តព្រះសីហនុ៖ មេការជនជាតិចិនម្នាក់​ ខឹងនឹងវិស្វករទៅទារលុយភាគហ៊ុន ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ នាំបក្ខពួកវាយតប់​គូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ២០១៧​ ស្ថិតក្នុង​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​លេខ៤​ ក្រុងព្រះសីហនុ​។

មន្ត្រីការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ​ឈ្មោះ​ FANG​ JINHUA​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ G28945277​ មុខរបរ​ជាមេការ​សំណង់​ ស្នាក់​នៅផ្ទះ​ជួល ​ក្រុម​១៥​ ភូមិ​៥​ សង្កាត់​លេខ៤​ ក្រុងព្រះសីហនុ​ (​ជា​មុខសញ្ញា​ចាស់​មិន​រាងចាល​ ធ្លាប់​ជាប់​ពន្ធនាគារ​ កាលពី​ថ្ងៃ​ទី​ ១៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ គឺ​រឿង​មិន​បើក​លុយ​ឲ្យកម្មករ​ក្រោម​ឱវាទ ​ហើយ​ដេញ​កាប់​គេ រហូត​ចូល​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ក៏​ត្រូវ​សមត្ថកិច្ចចាប់ខ្លួន​ប​ញ្ជូនន​ទៅ​តុលា​ការ​តែ​ម្ដង​ទៅ​)​។​ ដោយឡែកបក្ខពួក​ចំនួន​៥​នាក់​ទៀត​ មិន​ស្គាល់​អត្តសញ្ញាណ​ ពីព្រោះពួកគេបានរត់គេចខ្លួនបាត់អស់។ រីឯ​ជន​រង​គ្រោះ​ ឈ្មោះ​ LIN​ YONGFEI​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខៈ​ G3I​ 368954​ មុខរបរ​ជាវិស្វករ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​៥​ សង្កាត់​លេខ៤​ ក្រុងព្រះសីហនុ​។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជន​រង​គ្រោះ​បាន​ទៅ​ទារ​លុយ​ភាគហ៊ុន​សាងសង់​ពី​ជនសង្ស័យ​ តែជនសង័្សយមិនព្រមឲ្យ ក៏បង្កឲ្យកើត​ទាស់​ពា​ក្យ​សម្តី​គ្នា​ រហូត​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​ដាក់គ្នាទៅវិញទៅមក។ នៅពេលនោះ ជនសង័្សយ និងបក្ខពួកបានយកដៃ និងជើង វាយទាត់ធាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ច្បានចុះទៅឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ FANG​ JINHUA​ ជា​ចារី​មេខ្លោង​ និង​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន​បក្ខពួករបស់គេចំនួន​៥​នាក់​ទៀត​ ដើម្បី​នាំ​មក​ផ្តន្ទាទោស​តាម​ច្បាប់។​ ដោយឡែក ជន​រង​គ្រោះដែលរងរបួស​ក្បាល​ និង​ដងខ្លួន​ជា​ទម្ងន់​ ត្រូវគេបញ្ជូនទៅសង្គ្រោះ​ នៅ​ក្នុងគ្លឺ​និក​សេ​តេ​៕​