ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូដឹកសង្សាដើរលេង ​បើកជែងជាមួយម៉ូតូមិត្តភក្ដិមួយគ្រឿងទៀត ជ្រុលទៅ បុកឃឿនចិញ្ចើមផ្លូវ បណ្តាលឲ្យដួល​រងរបួសធ្ងន់ ២នាក់ ដែល ហេតុការនេះ បានកើតឡើងកាលវេលាម៉ោង​១និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង ចំណុចមុខលីហ័ង លក់គ្រឿងទេសគ្រប់មុខ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត័មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់បើកម៉ូតូម៉ាកឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CJ-6157 ដឹកនារីម្នាក់ជាសង្សារគោលបំណងទៅដើរលេង នៅកោះពេជ្រ ទិសដៅពីលិចទៅកើត ស្របគ្នាជាមួយមិត្តភក្ដិ ជាយុវជន ២នាក់ទៀតជិះម៉ូតូ មួយគ្រឿងម៉ាក Zoomer.X ពណ៌ត្រួយចេក ។

ខណៈមកដល់ចំណុចខាងលើ ម៉ូតូទាំង ២គ្រឿង បានជិះជែងគ្នា ធ្វើឲ្យម៉ូតូរងគ្រោះ ជ្រុលទៅបុកឃឿន ចិញ្ចើមផ្លូវ ដួលរងរបួសធ្ងន់ ទាំង ២នាក់សង្សារ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយ​បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ រស្មី ​ដឹកយកទៅព្យាបាលភ្លាមៗ ចំណែកឯម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រង់ចាំប្រគល់ឱ្យម្ចាស់វិញ ៕