ខេត្តប៉ៃលិន៖ ក្មេងពាលមួយក្រុមចេញពីផឹកស្រវឹងទាញដាវកាប់គូទំនាស់ម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ក៏ត្រូវសមត្ថកិច្ចឃាត់​ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិថ្មលកែង និងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្រ្ដីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ជុន ពិសិដ្ឋ ភេទប្រុស អាយុ​១៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាជនដៃដល់ និងទី២-ឈ្មោះ នី ភា ភេទប្រុស អាយុ​២០ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ជាជនរួមគំនិត។ រីឯជនរងគ្រោះ ឈ្មោះម៉ុក តួ អាយុ១៧ឆ្នាំ រស់នៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ គេឃើញក្មេងពាលមួយក្រុមមានគ្នាចំនួន៨នាក់​បានព័ទ្ធវង់ផឹកស៊ី រហូតស្រវឹងជោកជាំ។ បន្ទាប់មកពួកគេបាននាំគ្នាមកពួន នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចស្ដេចកនកន្លែង​សេះ៨ ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លុះពេលឃើញជនរងគ្រោះដើរមក ស្រាប់តែ​ពួកគេបានកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយនាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ រួចហើយសមត្ថ​កិច្ចបានស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ និងបក្ខពួកចំនួន២នាក់ នាំមកកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕