ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍មួយ ដោយប៉ូលិស និងប្រជាជនជាច្រើននាក់ បាននាំគ្នាតាមចាប់បុរស ព្រាននារីម្នាក់ ដែលបានចាប់បង្ខំនារីដ៏ស្រស់ស្អាតម្នាក់ យកទៅរំលោភ តែសំណាងល្អនាងត្រូវបាន អ្នកភូមិជួយទាន់ ដោយហេតុការណ៍នេះ បានកើតឡើងនៅក្បែរស្ពាន មួយកន្លែងក្បែរស្រះទឹកតូចមួយ ស្ថិតនៅស្រុកម៉ែសត ខេត្តតាត ប្រទេសថៃ ។

ពេលក្រុមប៉ូលិសទៅដល់ កន្លែងកើេតហេតុបានឃើញ ប្រជាជន និងជនជាតិភូមាជាច្រើននាក់ បានតាមចាប់ជនល្មើស ដោយនាំគ្នាយ៉ាងច្រើន ឡោមព័ទ្ធគុម្ពោធព្រៃ ព្រមទាំងព័ទ្ធជុំវិញកន្លែងកើតហេតុ នៅលើស្ពានប្រវែងប្រហែល១០ម៉ែត្រ ។

នៅកន្លែងកើតហេតុ គេឃើញនារីរងគ្រោះ ឈ្មោះ អេតាឡា អាយុ២២ឆ្នាំ មានមុខមាត់ស្រស់ស្អាត ក្នុងសម្លៀកបំពាក់ទទឹកជោគខ្លួន អង្គុយយំ ហើយអង្វរសុំឲ្យគេជួយរូបនាងផង ហើយពេលនោះ ប៉ូលិសបាននាំនារីរងគ្រោះខាងលើ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ស្របពេលនោះដែរ ក្រុមប៉ូលិសបានចូលរួមជាមួយ ប្រជាជននៅក្នុងភូមិនោះ ដើម្បីព័ទ្ធចាប់ជនល្មើស ហើយមួយសន្ទុះក្រោយមក ជនល្មើសក៏បានបង្ហាញខ្លួន ហើយត្រូវប៉ូលិសវាយខ្នោះ ចាប់បានសម្រេច ដោយជនល្មើសខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ដាំ អាយុប្រហែល១៩ឆ្នាំ ជាជនជាតិភូមា ហើយបុរសនោះ មានសភាពស្រវឹងជោគជាំ មិនអាចនិយាយស្តាប់គ្នាបាន ទើបប៉ូលិសបញ្ជូនទៅកាន់ប៉ុស្តិ៍តែម្តង ។

បើតាមការរៀបរាប់ របស់នារីរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ រូបនាងនិងមិត្តភក្តិ៣នាក់ទៀត បាននាំគ្នាទៅធ្វើបុណ្យឆ្លង ចេញវស្សាតាមប្រពៃណីរហូតដល់ចប់ពិធី ពួកនាងក៏បាននាំគ្នា ត្រលប់មកផ្ទះជួលវិញ ។ លុះពេលមកដល់ពាក់កណ្តាលផ្លូវ ហើយកំពុងតែឆ្លងស្ពានទៅផ្ទះ ដោយនាងបានដើរពីក្រោយ មិត្តភក្តិ២នាក់ទៀត បំរុងនិងឆ្លងផុតស្ពានទៅហើយ ស្រាប់តែជនល្មើសស្ទុះចេញមក ចាប់រូបនាងទម្លាក់ចូលក្នុងទឹក ហើយបំរុងចាប់រំលោភនាង នៅក្នុងទឹកនោះតែម្តង ។

ខណៈពេលដែលជនល្មើស បំរុងនិងចាប់រំលោភនាងនោះ នាងបានតស៊ូ រើបំរាស់ខ្លួនជាមួយជនល្មើស យ៉ាងពេញទំហឹង តែកម្លាំងរបស់នាង មិនអាចតស៊ូជាមួយ កម្លាំងជនល្មើសនោះបានឡើយ ។ តែពេលនោះសំណាងណាស់ ដែលមិត្តភក្តិ២នាក់របស់នាង បាននាំគ្នាស្រែកហៅឲ្យអ្នកស្រុកជួយ ។

នាងបានបន្តថា ពេលនោះក្រុមកម្មករ ដែលធ្វើការនៅក្បែរនោះ បានឮសម្លេងស្រែកឲ្យជួយ ក៏បាននាំគ្នារត់មកមើល ធ្វើឲ្យជនល្មើសភ័យស្លន់ស្លោ រត់ចូលក្នុងព្រៃបាត់តែម្តង តែចុងក្រោយត្រូវប៉ូលិស និងប្រជាជនព័ទ្ធចាប់បាន។ ខណៈពេលនេះ ប៉ូលិសកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនជនល្មើស ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖ សារព័ត៌មានខោវស៊ូត
ដោយ៖ KBN