ខេត្តព្រះសីហនុ៖ បុរសម្នាក់ឃើញគេចតម៉ូតូចោលចូលទៅលួច ហើយជិះគេចខ្លួនបាត់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួន​បាន កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទិ៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផែស៊ូទ្រី ក្រុមទី២៧ ភូមិ៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ គឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ រីឯជនរងគ្រោះ ឈ្មោះ លាត សុភា ភេទប្រុស អាយុ​៣៥​ឆ្នាំ មុខរបរជាកម្មករទូកនេសាទ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន9609146 ពាក់ស្លាកលេខ ព្រះសីហនុ 1F-1418។

មន្ត្រីនគរបាលដដែល បានបន្តថា​ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន9609146 ពាក់ស្លាកលេខ ព្រះសីហនុ 1F-1418 ទៅចតទុក នៅក្នុងផែស៊ូទ្រី ស្ថិតក្នងក្រុមទី២៧ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។ លុះបន្តិចក្រោយមក ស្រាប់តែជនសង្ស័យបានទៅលួចម៉ូតូនោះជិះគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះវិញ ក្រោយពេលដឹងថា បាត់ម៉ូតូហើយ គាត់ក៏បានទៅដាក់ពាក្យបណ្តឹង ទើបកម្លាំងជំនាញ​អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់លេខ១ ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីឃាត់ខ្លួនបានភ្លាម ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានប្រើប្រាស់ដែកទួណឺវីស គាស់ក្បាំងមុខម៉ូតូ​ រួចហើយបានផ្តាច់ខ្សែសោម៉ូតូ និងកាច់បំបាក់ស្លាកលេខជាពីរ ហើយជិះគេចខ្លួន និងយកម៉ូតូទៅលាក់ទុក នៅមុខរោងចក្រសាន់វ៉ា ស្ថិតក្នុងសង្កាត់លេខ១។ លុះមកដល់វេលាម៉ោង៧ និង៣០នាទីព្រឺក ថ្ងៃខែឆ្នាំដដែល រូបគេក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនឹងម៉ូតូដែលលួចបានតែម្ដង។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតវិធី៕