ភ្នំពេញ ៖ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូធ្លាក់ចូលលូ ដែលពលរដ្ឋថាអាជ្ញាធរ បើកគម្របស្តាហើយ អ់បានបិទគ្របវិញ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ១៣បេ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយកើតហេតុភ្លាមៗ រកសាច់ញាតិមិនឃើញ ទើបសមត្ថកិច្ចសម្រេចដឹកសាកសពទៅតំកល់ទុកនៅវត្តទឹកថ្លា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែតុលា នេះ សាកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកអត្តញ្ញាណ សាច់ញាតិ ក្រុមគ្រួសារឃើញហើយ ។

សាកសពមានឈ្មោះ ឃឿង សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ជាងពិដាន ស្នាក់នៅ ផ្ទះជួលក្នុង ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើត ភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះ មានឪពុកឈ្មោះ ខៀវ ថៃ អាយុ ៥៦ឆ្នាំ មុខរបរកសិករ មានម្តាយឈ្មោះ ជួប ថុល អាយុ ៥៣ឆ្នាំ មុខរបរកសិករ និងមានបងប្អូនចំនួន៧នាក់ ប្រុស៤នាក់ ស្រី៣នាក់ ជនរងគ្រោះជាកូនទី២ ។

តាមនារីឈ្មោះ ឃឿង ស្រីពៅ អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ត្រូវជាប្អូនស្រីបង្កើត របស់ជនរងគ្រោះ បានឱ្យដឹងថា បងប្រុសរបស់ខ្លួនជាបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោល ៣ឆ្នាំមកហើយ មានកូនប្រុសម្នាក់ អាយុទើប ៣ឆ្នាំ រស់នៅជាមួយជីដូន ឯស្រុកកំណើត រីឯជនរងគ្រោះ ក្រោយពីប្រពន្ធស្លាប់ចោល បានមកធ្វើការងារជាកម្មករសំណង់ (ជាងពិដាន) នៅទីក្រុងភ្នំពេញ ដោយស្នាក់នៅផ្ទះជួល ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែម្នាក់ឯង គ្រាន់បានប្រាក់ទុកសម្រាប់ចិញ្ចឹមបីបាច់កូនប្រុស នៅតូច តែជាអកុល មកដល់ពេលនេះ កូនប្រុសបន្ទាប់ពីកំព្រាម្តាយហើយ ឥឡូវថែមទាំងកំព្រាឪពុកទៀត ជីវិតក្មេងប្រុស ក្លាយជាជីវិតក្មេងកំព្រា គ្មានឪពុក ម្តាយ ក្នុងអាយុ ៣ឆ្នាំទៅហើយ ។

តាមនគរបាលបានឱ្យដឹងថា សាកសពក្រោយពីរកអត្តសញ្ញាណ សាច់ញាតិឃើញហើយ បានធ្វើឯកសារមរណភាព ហើយប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។

តាមមតិប្រជាពលរដ្ឋឃើញហេតុការបានឱ្យដឹងថា នេះជាការធ្វេសប្រហែសមួយ លូខាងលើ ក្រោយពីអាជ្ញាធរ បើកគម្រប ពិនិត្យស្តារួច មិនបានបិទគម្របវិញ ធ្វើឱ្យអ្នកធ្វើដំណើរឆ្លងកាត់ពេលយប់ មិនបានចាប់អារម្មណ៍ ផ្លូវត្រូវជិះរាល់ថ្ងៃ រហូតដល់បុរសរងគ្រោះខាងលើជិះម៉ូតូធ្លាក់ បាក់កស្លាប់បាត់បង់ជីវិត សង្ឃឹមថាអាជ្ញាធរ នឹងចាត់វិធានការ ដើម្បីរៀបចំដាក់គម្របបិទបាំងលូឡើងវិញ ។

ដោយមើលឃើញនូវសេចក្តីទុក្ខ របស់គ្រួសារជនរងគ្រោះខាងលើ ក្រោយពីជួបនូវហេតុការអាក្រក់ ឃើញថា នៅព្រឹកថ្ងៃទី០៩ ខែតុលា នេះអាជ្ញាធរខណ្ឌសែនសុខ ក្រោមបញ្ជារបស់លោកអភិបាលខណ្ឌ ចាត់ឱ្យមន្ត្រី នាំយកថវិការចំនួន ៥០មុឺនរៀល ជួយដល់ក្រុមគ្រួសារនៃសព និងចេញថ្លៃសេវាដឹកសពវិលទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ ៕

ព័ត៌មានទាក់ទងគ្នា…

ងងឹតមើលផ្លូវមិនឃើញ ស្រាប់តែធ្លាក់ចូលលូឈ្លក់ទឹក…គេខំនាំគ្នាជួយដែរ ប៉ុន្តែនៅតែគ្មានវាសនា បានរស់បន្តទៀត

ភ្នំពេញ៖ បុរសម្នាក់ជិះវីវ៉ាមួយគ្រឿង​ ធ្លាក់ចូលលូដែលនៅចំកណ្តាលផ្លូវ ដែលពុំមានគម្របគ្របត្រឹមត្រូវ បណ្តាលឱ្យឈ្លក់ទឹកស្លាប់​ ដែលហេតុការនេះ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧​យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៣B ​ក្បែរហាងផឹកស៊ីយីហោ ចែលីអង្គរ ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ម៉ូតូរងគ្រោះម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1D-2037 បើកបរដោយបុរសមិនស្គាល់ឈ្មោះ វ័យ​ជាង ៣០ឆ្នាំ ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ១៣B ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុ ​ផ្លូវទើបចាក់បេតុងរួចហើយ តែមិនមានបង្គោលភ្លើងបំភ្លឺផ្លូវទេ គឺមាន​ស្ថានភាពងងឹតសូន្យសុង មើលអី្វមិនឃើញ បានជិះធ្លាក់ចូលក្នុងលូដែល​មានមាត់លូទំហំ​មួយម៉ែត្រកន្លះបួនជ្រុងស្ថិតនៅចំកណ្តាលផ្លូវ ដោយពុំមានគម្របគ្របត្រឹមត្រូវ ​ឬបិទស្លាកសញ្ញាសំគាល់អ្វីនោះទេ បណ្តាលអោយម៉ូតូរងគ្រោះ​ជិះធ្លាក់ចូលក្នុងលូបាត់ ហើយអ្នកជិះម៉ូតូ ​បោកក្បាលនឹងមាត់លូ ធ្លាក់ចូលក្នុងទឹកលូ​បាត់ ។

ភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំគ្នាចុះស្រង់ជនរងគ្រោះ និងម៉ូតូយកមកខាងលើ តែ​ជាអកុសល ជនរង​គ្រោះពេលដែលប្រជាពលរដ្ឋស្រង់​មកដល់ខាងលើ ​បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បើតាមសម្តីបញ្ជាក់ពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កំណាត់ផ្លូវខាងលើនោះ គឺបានចាក់បេតុងជិតកន្លះខែមកហើយ តែមិនឃើញមានមន្ត្រីរូបណា ចុះមកត្រួតពិនិត្យធ្វើគម្របលូបិទឱ្យបានត្រឹមត្រូវនោះទេ គឺលូទាំងអស់ធ្វើនៅកណ្តាល ផ្លូវមួយជួរ ហើយមិនទាន់មានគំរបលូទាំងអស់ គ្រាន់តែគំរបលូនខ្លះ ត្រូវបានប្រជាពលរដ្ឋ យកមែកឈើដាក់បាំងជាសញ្ញាសំគាល់ ជាក់ស្តែងលូនៅកន្លែងកើតហេតុ មិមនមានសញ្ញាសំគាល់ទាំងអស់ គឺមានតែដុំថ្មបួនប្រាំដុំនៅក្បែរមាត់លូតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលសែនសុខ រង់ចាំសាច់មកទទួលយកត្រលប់ទៅវិញនៅពេលក្រោយ ។ ដោយឡែកសពបុរសរងគ្រោះ ត្រូវបានរថយន្តដឹកពសដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត ។

ជុំវិញករណីជិះម៉ូតូធ្លាក់លូស្លាប់នេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានលើកឡើងថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ខាងលើនេះ ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋ ចង់ឱ្យសាច់ញាតិរបស់ជនរងគ្រោះ ប្តឹងប្តល់ទៅដល់ក្រុមហ៊ុនដែលធ្វើលូរួចហើយមិនបាន យកចិត្តទុកដាក់ដល់ការធ្វើគំរបលូសម្រាប់បិទបាំងបែរជាទុកលូឱ្យនៅចំហទុកចោល ​​ដោយមិនគិតពីសុវត្ថិភាពរបស់អ្នកធ្វើដំណើរបែបនេះ ៕