ខេត្តកណ្ដាល៖ បុរសម្នាក់ផឹកស្រាស្រវឹង ទាញកាំបិតផ្គាក់ កាប់អ្នកផឹកស៊ីជាមួយគ្នា ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ រស់នៅភូមិរកាកោង ឃុំរកា​កោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា​ ជនរងគ្រោះ ឈ្មោះ ឡាយ តាំងជី ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​កសិករ រស់នៅភូមិរកាកោង ឃុំរកាកោងទី១​ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយជនរងគ្រោះ មានស្នាមរបួសចំនួន​២​កន្លែង គឺស្នាមឆូតនៅលើស្លាបប្រចៀវខាងឆ្វេង១កន្លែង និងស្នាមរបួសនៅលើខ្នងក្រោមស្លាបប្រចៀវខាងឆ្វេង១កន្លែង។ រីឯជនសង័្សយ ឈ្មោះ យ៉ យុាំងហ្គុង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ រស់នៅភូមិរកាកោង ឃុំរកា​កោងទី១ ស្រុក​​មុខកំពូល ខេត្តកណ្តាល។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចក៏ដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន កាំបិតខ្វែវដងវែងធ្វើអំពីឫស្សីប្រវែង៩៣សង់ទីម៉ែត្រចំនួន១ អាវដៃវែង ក្រឡាល្អិត ពណ៌ស រហែកនៅផ្នែកខ្នងខាងឆ្វេងចំនួន២កន្លែង និងនៅក្រោមហោប៉ៅអាវខាងឆ្វេងចំនួន១កន្លែង(ប្រឡាក់ឈាម)។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទិ៨ ខែសីហា ឆ្នាំ២០១៧ ឈ្មោះ​ ប៉ាល់ ភាក្ត្រា ហៅ ម៉ៅ បាន​បើករថយន្តជូនជនរងគ្រោះចេញពីស្រះត្រីរបស់ខ្លួន នៅភូមិគោហ៊េ ឃុំរកាកោងទី១ មកស្រះត្រីរបស់ជនរងគ្រោះ នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ។ លុះពេលពួកគេមកដល់រោងលក់ដូរ ឈ្មោះ តូ សុខ នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ឈ្មោះ កូយ ស្រីធំ ឈ្មោះ កូយ ឈុនហេង ឈ្មោះពេជ្រ ម៉ន ភេទស្រី ឈ្មោះ ជា សុខថា និងឈ្មោះ ផល្លី ភេទប្រុសបានហៅជនរងគ្រោះផឹកស្រាជាមួយនៅរោងលក់ដូរនោះ។ ចំណែកឈ្មោះប៉ាល់ ភាក្ត្រាក៏បើករថយន្តទៅស្រះត្រីរបស់ខ្លួនវិញ ហើយជនរងគ្រោះក៏ចូលទៅផឹកស្រាបៀរជាមួយឈ្មោះខាងលើអស់១កំប៉ុង។ បន្ទាប់មក ជនសង្ស័យក៏បានមកដល់ ហើយឃើញអស់ស្រាបៀរ​ផឹក ជនសង្ស័យក៏ជិះម៉ូតូទៅទិញស្រាបៀរក្រេនស្បឺត១កេស នៅឯផ្សាកំពង់ប្រាសាទ យកមកផឹកជាមួយជនរងគ្រោះ និងឈ្មោះខាងលើ។ ពេលជនសង្ស័យផឹកស្រាបៀរអស់២កំប៉ុង ជនសង្ស័យក៏សុំលាជនរងគ្រោះទៅរោងរបស់ខ្លួនមុន នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ។

ប្រភពព័ត៌មានដដែល បានបន្តថា រហូតមកដល់វេលាម៉ោង៨ និង៤០នាទី ស្រាប់តែជនសង្ស័យបានកាន់កាំបិតខ្វែវដើរត្រឡប់មកវិញ រួចកាប់ជនរងគ្រោះពីក្រោយចំនួន១កាំបិត បណ្ដាលឲ្យរងរបួសនៅលើខ្នងក្រោមស្លាបប្រចៀវឆ្វេង បណ្ដាលឲ្យមានរបួស២កន្លែង។ ស្ថិតក្នុងស្ថានភាពបែបនេះ ជនរងគ្រោះមានការភិតភ័យយ៉ាងខ្លាំងក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ និងទៅរកពេទ្យឲ្យដេររបួសរបស់ខ្លួន ប៉ុន្តែភ្លាមៗនោះ ដោយសារភ្លៀងកំពុងបង្អុរចុះខ្លាំងពេក ទើបជនរងគ្រោះមិនបានរាយការណ៏ទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល។

ក្រោយពេលកាប់ទៅលើជនរងគ្រោះហើយ ជនសង្ស័យបានកាន់កាំបិតដើរទៅរោងរបស់ខ្លួនវិញ ហើយរហូតដល់វេលាម៉ោង​១១យប់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ពីបទហិង្សាដោយចេតនា។បន្ទាប់មកពីសមត្ថកិច្ចក៏បានចុះទៅចាប់ខ្លួនជនសង្ស័យដល់រោងត្រី រួមនឹងវត្ថុតាង នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការបន្តតាមនីតិវិធី៕