ភ្នំពេញ៖ បុរសម្នាក់ជិះវីវ៉ាមួយគ្រឿង​ ធ្លាក់ចូលលូដែលនៅចំកណ្តាលផ្លូវ ដែលពុំមានគម្របគ្របត្រឹមត្រូវ បណ្តាលឱ្យឈ្លក់ទឹកស្លាប់​ ដែលហេតុការនេះ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧​យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៣B ​ក្បែរហាងផឹកស៊ីយីហោ ចែលីអង្គរ ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ម៉ូតូរងគ្រោះម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1D-2037 បើកបរដោយបុរសមិនស្គាល់ឈ្មោះ វ័យ​ជាង ៣០ឆ្នាំ ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ១៣B ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុ ​ផ្លូវទើបចាក់បេតុងរួចហើយ តែមិនមានបង្គោលភ្លើងបំភ្លឺផ្លូវទេ គឺមាន​ស្ថានភាពងងឹតសូន្យសុង មើលអី្វមិនឃើញ បានជិះធ្លាក់ចូលក្នុងលូដែល​មានមាត់លូទំហំ​មួយម៉ែត្រកន្លះបួនជ្រុងស្ថិតនៅចំកណ្តាលផ្លូវ ដោយពុំមានគម្របគ្របត្រឹមត្រូវ ​ឬបិទស្លាកសញ្ញាសំគាល់អ្វីនោះទេ បណ្តាលអោយម៉ូតូរងគ្រោះ​ជិះធ្លាក់ចូលក្នុងលូបាត់ ហើយអ្នកជិះម៉ូតូ ​បោកក្បាលនឹងមាត់លូ ធ្លាក់ចូលក្នុងទឹកលូ​បាត់ ។

ភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំគ្នាចុះស្រង់ជនរងគ្រោះ និងម៉ូតូយកមកខាងលើ តែ​ជាអកុសល ជនរង​គ្រោះពេលដែលប្រជាពលរដ្ឋស្រង់​មកដល់ខាងលើ ​បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បើតាមសម្តីបញ្ជាក់ពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កំណាត់ផ្លូវខាងលើនោះ គឺបានចាក់បេតុងជិតកន្លះខែមកហើយ តែមិនឃើញមានមន្ត្រីរូបណា ចុះមកត្រួតពិនិត្យធ្វើគម្របលូបិទឱ្យបានត្រឹមត្រូវនោះទេ គឺលូទាំងអស់ធ្វើនៅកណ្តាល ផ្លូវមួយជួរ ហើយមិនទាន់មានគំរបលូទាំងអស់ គ្រាន់តែគំរបលូនខ្លះ ត្រូវបានប្រជាពលរដ្ឋ យកមែកឈើដាក់បាំងជាសញ្ញាសំគាល់ ជាក់ស្តែងលូនៅកន្លែងកើតហេតុ មិមនមានសញ្ញាសំគាល់ទាំងអស់ គឺមានតែដុំថ្មបួនប្រាំដុំនៅក្បែរមាត់លូតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលសែនសុខ រង់ចាំសាច់មកទទួលយកត្រលប់ទៅវិញនៅពេលក្រោយ ។ ដោយឡែកសពបុរសរងគ្រោះ ត្រូវបានរថយន្តដឹកពសដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត ។

ជុំវិញករណីជិះម៉ូតូធ្លាក់លូស្លាប់នេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានលើកឡើងថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ខាងលើនេះ ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋ ចង់ឱ្យសាច់ញាតិរបស់ជនរងគ្រោះ ប្តឹងប្តល់ទៅដល់ក្រុមហ៊ុនដែលធ្វើលូរួចហើយមិនបាន យកចិត្តទុកដាក់ដល់ការធ្វើគំរបលូសម្រាប់បិទបាំងបែរជាទុកលូឱ្យនៅចំហទុកចោល ​​ដោយមិនគិតពីសុវត្ថិភាពរបស់អ្នកធ្វើដំណើរបែបនេះ ៕