ដោយសារ​ក្តី​ស្រឡាញ់​ ដ៏​លើសលប់​ចំពោះ​ភរិយា បុរស​ជា​ប្តី​ម្នាក់​ បានសម្រេច​ចិត្ត​ បង្កក​សាកសព រង់ចាំ​វេជ្ជសាស្ត្រ​រីកចម្រើន ​អាច​រកឃើញ​វិធី​ព្យាបាល​មហារីក និង​សង្គ្រោះ​ភរិយា​គាត់​ឲ្យ​រស់​ឡើងវិញ ។​

​រយៈពេល​ជាង ៣ ខែ មកហើយ ដែល​អ្នកស្រី Zhan Wenlian ភរិយា​របស់លោក Gui Jumin ក្លា​ជា​ជនជាតិ​ចិន​ដំបូង ត្រូវបាន​អនុវត្ត​បច្ចេកទេស ​បង្កក​សរីរាង្គ​ទាំងមូល ។ លោក Gui ជឿថា ថ្ងៃ​ណាមួយ​នោះ ភាព​រីកចម្រើន​របស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ នឹង​ជួយ​ឲ្យ​ប្តី​ប្រពន្ធ​គាត់​បាន​ជួបជុំគ្នា​វិញ ។​

​មុននេះ​, តាម​សារព័ត៌មាន Science and Technology Daily, អ្នកស្រី Zhan បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​សួត​នៅ​អាយុ ៤៩ ឆ្នាំ កាលពី​ថ្ងៃទី​៨ ឧសភា នៅ​មន្ទីរពេទ្យ​មួយ នៅ​ភាគ​ខាងកើត​ខេត្ត​សាន​តុង ។ ក្រោយពេល​ស្លាប់ ពួក​វេជ្ជបណ្ឌិត​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជីវិត Ying feng សាន​តុង បាន​ដំណើរការ​បង្កក​សរីរាង្គ​អ្នកស្រី ។ ដោយ​ចំណាយពេល​ដល់​ទៅ ៥៥ ម៉ោង តាម​សំណូមពរ​របស់​ស្វាមី​គាត់ ។​

​បង្កក​សរីរាង្គ​ជា​វិធីសាស្ត្រ​មួយ​ប្រើប្រាស់​ឧបករណ៍​ពិសេស ដោយ​ការថែទាំ​ក្នុង​លក្ខខណ្ឌ​ត្រជាក់ រង់ចាំ​ថ្ងៃ​អនាគត​នឹង​អាច​រស់​ឡើងវិញ អាស្រ័យ​ដោយ​ការរីកចម្រើន​របស់​វេជ្ជសាស្ត្រ ។ សរីរាង្គ​មនុស្ស​ត្រូវបាន​រក្សាទុក​ក្នុង​នី​ត្រូ​ហ្សែ​ន​រាវ នៅ​សីតុណ្ហភាព -196 អង្សា​សេ ។​

​លោក Gui បាន​ជ្រើស​យក​វិធី​បង្កក​សាកសព​ភរិយា ដោយ​ក្តី​សង្ឃឹមថា នៅ​ថ្ងៃ​ខាងមុខ វេជ្ជបណ្ឌិត​នឹង​រកឃើញ​វិធី​ព្យាបាល​ជំងឺមហារីក​សួរ ។​

«​ខ្ញុំ​នឹង​រង់ចាំ​ដល់ពេល​មាន​វិធី​ព្យាបាល​មហារីក​សួត​ឲ្យ​ភរិយា​ខ្ញុំ ។ ពេលនោះ ភរិយា​ខ្ញុំ​អាច​ដឹងខ្លួន​ឡើងវិញ ។ ប្រសិន​មិន​បង្ក​, ខ្ញុំ​នឹង​ពុំមាន​ឱកាស​ណា​ទៀត ។ ខ្ញុំ​សង្ឃឹមថា ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​, ការធ្វើ​ឲ្យ​ភរិយា​ខ្ញុំ​រស់​ឡើងវិញ ជា​រឿង​អាច​ធ្វើបាន​ទាំងស្រុង​» ។​

​ប៉ុន្តែ ឱកាស​ដើម្បី​សាកសព​បង្កក អាច​រស់​ឡើងវិញ គឺ​ស្តួចស្តើង​បំផុត​, វេជ្ជបណ្ឌិត Huang Yonghua សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បង្ក​ចំណុះ​សកល​វិទ្យាល័យ​សាន​តុង​ឲ្យ​ដឹង ។​

«​សូម្បីតែ​យើងខ្ញុំ អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត ដើម្បី​បង្កក​សាកសព​, ក៏​ពុំទាន់​មាន​ករណី​ណា​ជោគជ័យ​ក្នុង​ការធ្វើ​ឲ្យ​មនុ​ស្សរស់​ឡើងវិញ ។ និយាយ​ម្យ៉ាងទៀត អត្រា​ជោគជ័យ​របស់​ការបង្ក​ក គឺ​ទាប​ណាស់​» ។​

​ទោះបីយ៉ាងណា Gui ឲ្យ​ដឹងថា «​ខ្ញុំ​នឹងមិន​បញ្ឈប់​ក្តីសង្ឃឹម ទោះបី​នៅសល់តែ​ឱកាស​ចុងក្រោយ​១​គត់​» ។​

Gui មិន​និយាយ​លំអិត​អំពី​ការចំណាយ​សម្រាប់​ធ្វើការ​បង្កក​សាកសព​ភរិយា ។ ប៉ុន្តែ តាម​របាយការណ៍​រប​ស់ Science and Technology Daily គឺ​ចំណាយ​សម្រាប់​បង្កក​ប្រមាណ ៣០០.០០០ ដុល្លារ និង​ខ្ទង់​ថែទាំ​១​ឆ្នាំៗ​ប្រមាណ ៧០០០ ដុល្លារ ទៀត ៕​

ប្រភព៖ ksn-news.com