ទាហាន​ពិសេស​កាណាដា​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការណ៍​ នៅ​ប្រទេស​អ៊ីរ៉ាក់​ បាន​សម្លាប់​សកម្ម​ប្រយុទ្ធ​ ISIS ជាង​បី​គីឡូម៉ែត្រ​ ឡើង​កាន់​កំពូល​តារាង​កំពូល​អ្នក​បាញ់ ​Sniper ​ឆ្ងាយ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​​​។

ប្រភព​កាសែត​ Globe and Mail ប្រចាំ​ទីក្រុង​ Toronto និយាយ​ថា​ អ្នក​ជំនាញ​កាន់​កាំភ្លើង​បាញ់​ស៊ីប​រូប​នេះ ​មាន​ប្រភព​ពី​ក្រុម​ទាហាន​ពិសេស​ Joint Task Force 2 របស់​កាណាដា​​ ដោយ​សម្រេច​ស្នាដៃ​បាញ់​ចេញ​​ ពី​កំពូល​អាគារ​មួយ ​ត្រឹម​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ​ខណៈ​ប្រតិបត្តិការ​នេះ​ អនុវត្តជាង​៣០​ថ្ងៃ​​ទើប​បាន​សម្រេច។

ក្រោយ​ទទួល​បាន​ការ​បញ្ជា ​និង​ការ​គាំទ្រ​ពី​ជំនួយ​ការ​ម្នាក់​ ទាហាន​រូប​នេះ​បាន​ឈរ​ ពី​ក្រោយ​សមរភូមិ​ លើ​អគារ​មួយ​ ខណៈ​កង​ទាហាន​អ៊ីរ៉ាក់​ កំពុង​ប្រយុទ្ធ​យ៉ាង​​សាហាវ​នៅ​ខាង​មុខ។ ប្រភព​ខាង​លើ​បាន​និយាយ​ទៀត​ថា​៖”មេ​បញ្ជា​​ការ ​ក្នុង​ប្រតិបត្តិការ​ពិសេស ​មួយ​បាន​បញ្ជាក់​​ថា កង​ទាហាន​ Joint Task Force 2 ម្នាក់​បាន​បាញ់​ចំ​គោលដៅ​ ចម្ងាយ​៣,៥៤០​ម៉ែត្រ​ (​ជាង​៣​គីឡូម៉ែត្រ​)​ ហើយ​ព័ត៌មាន​ទាក់​ទង​ នឹង​បេសកកម្ម​​នេះ​ត្រូវ​រក្សា​ជា​សម្ងាត់​។

រយៈ​ចម្ងាយ​នេះ​៣,៥៤០​ម៉ែត្រ​​ មាន​ន័យ​ថា ​ទាហាន​ពិសេស​កាណាដា​ ឡើង​ឈរ​កំណត់​ត្រា​ពិភពលោក ​ផ្នែក​ទាហាន​ខាង​បាញ់​ចំ​គោលដៅ​ ឆ្ងាយ​ជាង​គេ​ដោយ​ប្រើ​កាំភ្លើង ​Sniper ​ទម្លាក់​ទាហាន​ពិសេស​អង់គ្លេស SAS ​លោក Craig Harrison ដែល​ធ្លាប់​ប្រើ​ត្រឹម​មួយ​គ្រាប់ ​បាញ់​ចំ​ក្បាល​ទាហាន​ឧទ្ទាម​តាលីបង់២​នាក់​​ ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ ២០០៩។

ទាហាន​ជំនាញ​រូប​នេះ​ បាន​ប្រើ​កាំភ្លើង​ម៉ាក McMillan TAC-50 បាញ់​ចេញ​ពី​​តំបន់​ខ្ពស់ ​អំឡុង​ពេល​សហការ​ជាមួយ ​ទាហាន​អ៊ីរ៉ាក់​​ ដោយ​លោក​ប្រើ​រយៈ​ពេល​ត្រឹម​១០​វិនាទី​ ក្នុង​ការ​តម្រង់​ក្បាល​គោលដៅ៕

ផ្តល់សិទ្ធដោយ៖ kqube.net