ខេត្តកណ្ដាល៖ បុរសម្នាក់បានយកឧបករណ៍កែច្នៃចុះទៅឆក់ត្រី ក៏ជួបនឹងគ្រោះអកុសល ឆក់ខ្លួនឯង​ស្លាប់​នៅក្នុងទឹក យ៉ាងអាណោចអាធ័ម ហើយសាកសពត្រូវគេប្រទេះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ជនរងគ្រោះ​បានកាន់ឧបករណ៍ឆក់ត្រី ទៅឆក់ត្រីនៅចំណុចខាងលើ ហើយក៏បាត់ជនរងគ្រោះមិនឃើញត្រឡប់មក​ផ្ទះវិញ។ រីឯសាច់ញាតិ ក៏ចេះតែដើរតាមរក ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់យ៉ាងអាណោច​អាធ័ម នៅក្នុងទឹក ទើបរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ។

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណូត សុផល ហៅសេះ អាយុ​៣០ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ។ មុនពេលចុះទៅពិនិត្យនោះ សមត្ថកិច្ចបានទទួល​ព័ត៌មានមកថា មានករណីអ្នកឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅចំណុចខាងលើ។

មន្ត្រីនគរបាលដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានបែបនេះភ្លាម មន្ត្រីជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍ អាជ្ញាធមូលដ្ឋាន និងគ្រូពេទ្យឃុំ ដើម្បីពិនិត្យសាកសព ដោយរកឃើញថា នៅលើខ្លួនសាកសព មានស្នាមខ្លោចស្បែក នៅលើពោះ ប្រវែង២០សង់ទីម៉ែត្រ នៅលើចង្កេះខាងស្ដាំ មានស្នាមខ្លោចស្បែក ប្រវែង១២សង់ទីម៉ែត្រ និងមានស្នាមខ្លោច នៅលើកចង្កាផងដែរ។ រីឯនៅកន្លែងកើតហេតុ សមត្ថកិច្ចរក​ឃើញវត្ថុ​តាងជាច្រើន រួមមាន ដងឆក់២ដើម(ធ្វើពីឫស្សី) ដែកសរសៃ អាគុយម៉ាកតូក្យូ ៤០អំពែរ១ អាំងវ៉ាត់ទរ័កម្លាំង១គ្រឿង។

​ដូច្នេះសមត្ថកិច្ចជំនាញ បានសន្និដ្ឋាន​ជាជំហានដំបូងថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់នឹងឧបករណ៍ឆក់ត្រី ដោយខ្លួនឯងប្រាកដមែន។ ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពរបស់ជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ សហការី KBN-LIVE.com