ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីកន្លែងផឹកស៊ី បញ្ច្រាសទិសដៅចរាចរណ៍ ក៏ជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រ ពេញទំហឹង ខ្ទាតម៉ូតូទៅបុករទេះលក់គ្រឿងម្ជូរ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង​២​ និងង៣០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅតាមផ្លូវសុរាម្រឹត មុខ​ណា​ហ្គាវើលដ៍ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ 1BG-0030 តាមបណ្តោយផ្លូវសុរាម្រឹត ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសដៅចរាចរណ៍។

លុះពេលគាត់បើកម៉ូតូមកដល់ចំណុច​កើត​ហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហម ដែលកំពុងដឹកភ្ញៀវ ចេញពីច្រកចូល​ណា​ហ្គាវើលដ៍ ចំពីមុខពេញទំហឹង ធ្វើឲ្យខ្ទាតម៉ូតូ ទៅបុកនឹងរទះលក់គ្រឿងម្ជូរ នៅតាមចិញ្ចើមផ្លូវ ខូច​ខាតស្ទើរទាំងស្រុង បណ្ដាលឲ្យស្រ្ដីជាអ្នកបើកម៉ូតូរងរបួសធ្ងន់។ រីឯអ្នកបើករថយន្តតាក់ស៊ីម៉ែតវិញ ដោយសារគាត់មិនចង់ឲ្យមានរឿងរ៉ាវវែងឆ្ងាយ ក៏បើករថយ​ន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុភ្លាមនោះ ក៏មានអ្នកធ្វើដំណើរចិត្តធម៌២នាក់ប្ដីប្រពន្ធដែលឆ្លងកាត់ទីនោះ បានឃើញអ្នកលក់ម្ជូរ ក៏មានចិត្តអាណិតអាសូរ ទើបពួកគាត់ជួយលុយចំនួន100$ ដើម្បីជួសជុលរទះនិងទិញម្ចូរយកមកលក់វិញុ។

រីឯអ្នកជិះម៉ូតូបង្ក ត្រូវគេបញ្ជូនតាមរថយន្តសង្គ្រោះ ដឹកទៅព្យាបាលនៅគ្លីនិកសុខលាភមេត្រី។ ដោយឡែកម៉ូតូបង្កវិញ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕
សហការី KBN-LIVE.com