ភ្នំពេញ ៖ ​​បុរសម្នាក់បានដេកលង់លក់​ខ្យល់គស្លាប់ កូនប្រុសត្រឡប់មកពីរៀនវិញ អត់ដឹងឪពុកស្លាប់ ខំប្រឹងទៅដាំទឹកដើម្បីយកមកឆុងតែឱ្យឪពុក ដែលតែងតែហូបតែជារៀងរាល់ថ្ងៃ តែក្រោយមកទើបដឹងថា ឪពុកខ្លួនស្លាប់ ដែលហេតុ​ការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា នៅផ្ទះជួល​បន្ទប់លេខ៨ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

សពឈ្មោះ រ៉ង សារ៉េត ភេទ​ប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់កាហ្វេបោះម៉ូយ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ​ មានប្រពន្ធឈ្មោះ ​អួន ​សុផារី អាយុ ៣៧ឆ្នាំ ធ្វើការនៅប្រទេសជប៉ុន មានកូនប្រុសម្នាក់ឈ្មោះ រ៉ង សុវណ្ណា អាយុ ១១ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាគោគបញ្ជាន់ ។ មានបងថ្លៃឈ្មោះ ​អួន ពុធ ភេទប្រុស អាយុ​៤០ឆ្នាំ រៀនភាសាកូរ៉េ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត​នៅខេត្តក្រចេះ ។​

តាមប្រភពព័ត៌មាន ពីកូនប្រុស​ឈ្មោះ រ៉ង សុវណ្ណា បាននិយាយថា ផ្ទះជួលគាត់រស់នៅរាល់​ថ្ងៃមានគ្នា ៣នាក់ឪពុក រូបគេ និងអ៊ុំប្រុសត្រូវជាបងរបស់​ម្តាយគេម្នាក់ទៀត ដែលទើបនឹង​មកស្នាក់នៅបានជិត២ខែ ចំណែកម្តាយរបស់គេ​វិញ បានទៅធ្វើការនៅប្រទេសជប៉ុនជាង២ឆ្នាំមកហើយ ។​ ​នៅមុនពេលកើតហេតុ រូបគាត់បានទៅរៀននៅសាលាបឋមសិក្សាគោកបញ្ជាន់ ដោយរៀននៅពេលថ្ងៃ លុះគាត់ត្រឡប់មកពីរៀនវិញ ស្រាប់តែឃើញឪពុករបស់ខ្លួនកំពង់សម្រាន្ត នៅក្នុងបន្ទប់​មិនដឹងថាគាត់ស្លាប់ឡើយ បន្ទាប់មកទៀតក៏បានទៅដាំទឹកក្តៅ ឱ្យឪពុករបស់ខ្លួន​សំរាប់ឆុងទឹកតែ​ ។

លុះពេលអុំប្រុស​​មកពីរៀន​ភាសាកូរ៉េវិញ បានទៅដាស់ អង្រន់ឪពុករបស់គេ​ ​មិនដឹងខ្លួនទេ ហើយខ្លួនមានសភាពរឹងទៅហើយ ក៏បានស្រែកហៅអ្នកជិតខាងមកជួយមើល បង្កឱ្យផ្អើលឆោឡោតែម្តង ។ បើតាមកាសម្ដីបុរសជាបងថ្លៃ​សព បាននិយាយថា នៅមុនពេលកើតហេតុ នៅវេលាពេលព្រឹក ប្អូនថ្លៃរបស់ខ្លួនបានចេញទៅយកកាហ្វេ ឱ្យម៉ូយដូចសព្វដង ហើយពេលថ្ងៃបានមកហូបបាយជាមួយពួកគាត់ដែរ និងបាននិយាយប្រាប់គាត់ថា ថ្ងៃនេះដូចជាមិនស្រួលខ្លួន ចេះតែឈឺក្បាល ហើយគាត់បាននិយាយថា បើឈឺក្បាលមកគាត់កោសខ្យល់ឱ្យ តែសពខាងលើ និយាយថា មិនអីទេបង ហើយគាត់ចេញទៅរៀនបាត់ទៅ ។

​ប្រភពពីនាក់ជិតខាងបានបន្តទៀតថា បុរសខាងលើបានប្រាប់អ្នកជិតខាងថា ខ្លួនមានជំងឺខ្សោយបេះដូង ពេលអ្នកជិតខាងមានកម្មវិធីតិចតួច នៅជិតគ្នាបានហៅគាត់ផឹកស៊ី គឺគាត់មិនដែលមកហូបជាមួយនឹងគេទេ ដោយប្រាប់ថា ខ្លួនមានជំងឺខ្សោយបេះដូង ហើយចូលចិត្តហូបទឹក​​តែ ។​ ​



ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកពិនិត្យសព​ ឃើញមានស្នាមក្រហមជាំពេញខ្លួន​ សមត្ថកិច្ចបានបញ្ជាក់ថា សពខាងលើស្លាប់ដោយគាំងបេះដូង បន្ទាប់មកសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឱ្យបងថ្លៃ និងកូនយកទៅធ្វើបុណ្យតាមប្រពៃណី តែ​ក្រុមគ្រួសារបានយកសព​ទៅដំកល់នៅវត្តគោគបញ្ជាន់ ដើម្បីរង់ចាំប្រពន្ធត្រឡប់មកពីប្រទេសជប៉ុនវិញ​​ ធ្វើបុណ្យតាមប្រពៃណី ៕ សហការី KBN-LIVE.com