យោង​តាម​សេចក្ដីរាយការណ៍​មួយ ​ចេញ​ពី​កង​ទ័ព​អាកាស​អាមេរិក​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​នេះ​ យន្តហោះ​ទម្លាក់​គ្រាប់​បែក​ ល្បឿន​លឿន​ជា​សម្លេង​ម៉ាក​ B-1B Lancer ​សមត្ថភាព​នុយក្លេអ៊ែរ​ ចំនួន​ ២​គ្រឿង​ របស់​បូក​រួម​ទាំង​នាវាពិឃាត ​បំពាក់​មីស៊ីល​របស់​ទ័ព​ជើង​ទឹក ​មួយ​គ្រឿង​ទៀត​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ តំបន់​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់​ពី​មាន​ការ​សម្រេច ​ពី​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ យន្តហោះ​ទម្លាក់​គ្រាប់​បែក​ នុយក្លេអ៊ែរ​ និង​នាវា​ពិឃាត ​បំពាក់​មីស៊ីស​ខាង​លើ​ ទើប​តែ​បាន​បញ្ជូន​ចេញ​ ពី​មូលដ្ឋាន​ទ័ព​អាកាស​ Andersen Air Force ​ហោះ​ហើរ​ក្នុង​រយៈ​១០​ម៉ោង ទៅ​កាន់​តំបន់​ Guam ឆ្លង​កាត់​តាម​ដែន​ទឹក​មាន​ជម្លោះ​ ដោយ​បេសកកម្ម​យោធា​លើក​នេះ​ ក្នុង​គោល​បំណង​ ធ្វើ​សម​យុទ្ធ​រួម​គ្នា​ជាមួយ​នាវាពិឃាត​ USS Sterett ពង្រឹង​សមត្ថភាព​យោធា​មួយ​កម្រិត​ទៀត ​ចំ​ពេល​ដែល​តំបន់​មហា​សេដ្ឋកិច្ច ​នៅ​តំបន់​ខាង​លើ​កំពុង​រអាក់រអួល។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​គឺ​ជា​ការ​ចេញ​ធ្វើ​ប្រតិបត្តិការ​មួយ​ រៀប​ចំ​មន្ទីរ​បញ្ចកោណ​ Pentagon​ ខណៈ​រដ្ឋាភិបាល​ចិន​ កំពុង​ពង្រីក​អំណាច​យោធា​របស់​ខ្លួន​ តាម​រយៈ​ការ​ដាក់​ពង្រាយ​មីស៊ីល​ផ្លោង​នៅ​តំបន់​ឆ្នេរ​ភាគ​ខាង​លិច ​បូករួម​ទាំង​នាវា​ផ្ទុក​យន្តហោះ​ និង​នាវា​ប្រយុទ្ធ​ជាច្រើន​គ្រឿង​ទៀត នៅ​ជុំវិញ​កោះ​សិប្បនិម្មិត៕

ផ្តល់សិទ្ធដោយ៖ kqube.net