ភ្នំពេញ ៖ បុរសម្នាក់កើតទុកមិនសុខចិត្ត បន្ទាប់ពីចូលច្រៀងខារ៉ាអូខេ ខ្វះលុយ ១១១ដុល្លារ សម្រេចចិត្តដាក់បញ្ចាំម៉ូតូរបស់ខ្លួន ឱ្យទៅថៅកែហាង អស់រយៈពេល ១៣ថ្ងៃក្រោយ ទៅលស់យកម៉ូតូខ្លួនវិញ ត្រូវបានថៅកែហាង យកម៉ូតូរបស់ខ្លួនទៅលក់ចោលបាត់ បង្កការឆោឡោ ប្តឹងប៉ូលិសចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ ហាង វិចិត្ត ថ្មី KTV តាមផ្លូវ២០០៤ ភូមិង្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមិនត្រូវបានប្រាប់ឱ្យស្គាល់ឈ្មោះឡើយ មានអាយុជាង ២០ឆ្នាំ ។ បុរសខាងលើបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កន្លងមកខ្លួនរួមជាមួយមិត្តភក្ដិចូលផឹកសុី ច្រៀងខារ៉ាអូខេ ដល់គិតលុយទៅខ្វះចំនួន ១១១ដុល្លារ ជនរងគ្រោះគ្មានលុយ ក៏សម្រេចចិត្តដាក់បញ្ចាមម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-0387 ទៅឱ្យថៅកែហាង ព្រមព្រៀងគ្នាពេលមកលស់វិញត្រូវសង១៥០ដុល្លារ ។

ប្រភពបន្តទៀតថា អស់រយៈពេល ១៣ថ្ងៃ រហូតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា នេះខ្លួនបានកាន់លុយ និងឯកសារពាក់ព័ន្ធមកលស់យកម៉ូតូវិញ ស្រាប់តែម្ចាស់ហាងឆ្លើយថាហួសពេលហើយអូន ម៉ូតូយកទៅលក់ចោលបាត់ហើយ ទើបកើតជារឿងតឹងមាត់តឹងកដាក់គ្នា ទ្រាំមិនបាន រត់ទៅប្តឹងនគរបាលជំនាញខណ្ឌទៅទៅអន្តរាគមន៍ សួរនាំ ទើបថៅកែហាង ឆ្លើយថា ចង់បានម៉ូតូវិញទាល់តែឱ្យ ៤០០ដុល្លារទើបបាន ។

សម្តីបែបនេះហាក់បីដូចជា ថៅកែចិត្តចោរ ម្ចាស់ម៉ូតូនៅតែមិនសុខចិត្ត ត្បិតស្តាប់ទៅដូចជាមិនប្រក្រតី មានតែប្តឹងដោះស្រាយតាមផ្លូវច្បាប់ ទើបថៅកែហាង សុខចិត្តទទួលយកលុយចំនួន១៥០ដុល្លារ តាមការសន្យាគ្រាដើម រួចអូសម៉ូតូចេញពីក្នុងផ្ទះ ប្រគល់ជូនម្ចាស់ដើមវិញជាការបញ្ចប់រឿង ៕ សហការី KBN-LIVE.com