​​​រាជធានី​ភ្នំពេញ​៖​ ស្រប​ពេល​ដែល ​​​​​ប្រជាពលរដ្ឋ​ខ្មែរ​​ជា​ច្រើន​​នាក់​ស ម្តែង​នូវ​ការ​កើត​ទុក្ខ​ និង​សោកស្ដាយ​យ៉ាង​ខ្លាំង ​នូវ​ការ​បាត់​​បង់​​វីរៈ​ពិធីករ​ជើងចាស់ ​​ដ៏​មាន​វោហារសាស្ត្រ​ យ៉ាង​ពូកែ​​នោះ​ សម្ដេច​​នាយករដ្ឋមន្ត្រី​កម្ពុជា​ ក៏បាន​បញ្ចេញ​សារ​ខ្លី​​ ​បង្ហាញ​នូវ​អារម្មណ៍​ក្ដុកក្ដួល​ អួល​ដើម​ក ​​ហើយ​​ប្រៀប​​​​បាន​នឹង​ការ​​បាត់​បង់​ កូន​ប្រុស​ជា​ទី​ស្រឡាញ់​ របស់​សម្ដេច​ផង​ដែរ​។​​​​​​

សារ​ខ្លី​អួល​ដើម​​របស់​ សម្ដេច​តេជោ ដែល​រៀប​រាប់​ពី​ការបាត់បង់​លោក​ អ៊ិត សេដ្ឋា នោះ​​​អត្ថន័យ​យ៉ាង​ដូច្នេះ​៖​​​

“ក្មួយ ​អ៊ិត ​សេដ្ឋា​ ពេល​នេះ​​រូប​កាយ​ក្មួយ​បាន​បាត់​ពី​ភព​ផែនដី​នេះ​រួច​ទៅ​ហើយ​បន្សល់​ទុក​ តែ​ការ​ស្តាយ​ ស្រណោះ​​ពី​មនុស្ស​ជា​ច្រើន​ដែល​បាន​រាប់​អាន​ក្មួយ​។ ​ប្រមាណ​២០​ឆ្នាំ​កន្លង​មក​នេះ ​ទំនាក់​ទំនង​រវាង​ក្មួយ​ជាមួយ​ពូ​និង​មីង​ប្រៀប​ដូច​ឪពុក​ ម្តាយ​និង​កូន​។​

ពូ​នៅ​ចាំ​បាន​នូវ​អ្វីៗ​ដែល​ក្មួយ​បាន​រៀប​រាប់​តាម​លិខិត ​តាម​ទូរស័ព្ទ​និង​ការ​ជួប​ក្មួយ​ផ្ទាល់​នៅ​ផ្ទះ​ពូ​នា​ឆ្នាំ​២​​​០​១​៥​។ ពូ​នៅ​ចាំ​បាន​នូវ​សំណូម​ពរ​ដែល​ក្មួយ​បាន​សុំ​មក​ពូ​ដើម្បី​កសាង​សាលារៀន​ដែល​ក្មួយ​ធ្លាប់​រៀន​ ម្ដាយ​ក្មួយ​ធ្លាប់​បង្រៀន ​និង​កសាង​ទី​អា​រ៉ាម​នៅ​ភូមិ​កំណើត​របស់​ក្មួយ​។



ក្មួយ​ប្រុស ​ពេល​ក្មួយ​កំពុង​ត្រូវ​ការ​សង្គ្រោះ​ និង​រហូត​ពេល​ក្មួយ​ចែក​ឋាន​ពូ​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​រវល់ ​បំផុត ​គឺ​ចំ​ថ្ងៃ​បោះឆ្នោត​។ ​តែ​ទោះ​យ៉ាង​ណា​មីង​បាន​ធ្វើ​ទំនាក់​ទំនង​ជា​ប្រចាំ​ជាមួយ ​លោក ​ហ៊ុយ ​វណ្ណៈ​ ​ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​របស់​ក្មួយ​។​​​

ការ​បាត់បង់​ក្មួយ​ប្រៀប​ដូច​ជា​ការ​បាត់បង់​កូន​ប្រុស​ម្នាក់​ដែល​ពុក​និង​​ម៉ែ​នឹង​រួម​ចំណែក​ជាមួយ​អ្នក​រាប់​អាន​កូន​ជួយ​ចិញ្ចឹម​បី​បាច់​ចៅ​ប្រុស ​ស្រី​ដែល​នៅ​កំព្រា​នោះ​ឡើយ​។​​​ ​លា​គ្នា​​ពី​ឋាន​ខុស​គ្នា​ដោយ​ទឹកភ្នែក​ណា​កូន​ប្រុស​ពុក”៕

ផ្តល់សិទ្ធដោយ៖ kqube.net