​ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ដេកសន្លប់ស្តូក បន្ទាប់ពីជិះម៉ូតូទៅបុកពីក្រោយរថយន្តរបស់តារា​កំប្លែងចតស្ងៀម នៅទល់មុខហាងផឹកស៊ីរបស់នាយក្រិន ស្ថិតនៅតាមផ្លូវ២០០៤  ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-0360 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។ ចំណែករថយន្តដែលចតស្ងៀមម៉ាក កាមរី ពណ៌ស ​ពាក់ស្លាកលេខ ភ្នំពេញ ២B-6233 ជារថយន្តរបស់ឈ្មោះ ទេស សុខជន ហៅនាយក្រិន តារាកំប្លែងនៅក្រុមនាយ​កុយ ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូស្មាស់វី ​តាមផ្លូវ២០០៤ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តរបស់នាយ​ក្រិន ដែលចតនៅទុលមុខហាងផឹកស៊ីរបស់នាយ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យ អ្នកបើកម៉ូតូដួល​បាក់ធ្មេញ និងប៉ោងភ្នែក ចំណែកម៉ូតូខ្ទេចផ្នែកខាងមុខទាំងស្រុង ដោយឡែករថយន្ត​បែកស្តុបម្ខាង ​។

ក្រោយកើតហេតុ ជនរងគ្រោះខាងម៉ូតូស្មាស់ត្រូវរថយន្តសង្រ្គោះរបស់គ្លីនិកឯកជនមកដឹក យកទៅព្យាបាលតែ​មិនព្រមឡើងរថយន្តទៅសង្គ្រោះទេ សុខចិត្តឡើងជិះម៉ូតូឌុបទៅពេទ្យដោយខ្លួនឯង ។ ចំណែករថយន្ តនិងម៉ូតូ​ត្រូវបាននគរបាលចុះវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕ សហការី KBN-LIVE.com