ប្រទេសថៃ៖ កាលពីថ្ងៃទី៣ មិថុនា ២០១៧ ប៉ូលិសខេត្តបានទទួល សេចក្តីរាយការណ៍មកថា មានឃាតកម្មបាញ់គ្នាមួយ បានកើតឡើងនៅក្នុងផ្ទះលេខ២១១៧ ស្រុកនងយ៉ាសៃ ខេត្តសុផាន់បុរី ពេលទៅដល់ផ្ទះកើតហេតុ ប៉ូលិសបានប្រទះឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ដោយរុំក្រម៉ាព័ទ្ធនិងចង្កេះ។ ចំណែកស្ត្រីជាប្រពន្ធសព ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មុនពេលប៉ូលិសចុះទៅដល់ ។

សាកសពបុរសនោះត្រូវបានគេសង្កេតឃើញ ត្រូវបានបាញ់ចំស្នៀតផ្កា១គ្រាប់ ហើយនៅក្បែរសព គេប្រទះឃើញសំបកគ្រាប់កាំភ្លើង ចំនួន២គ្រាប់ និងកាំភ្លើងទំហំ 9mm ធ្លាក់នៅក្បែរនោះផងដែរ ។ ក្រោយពីពិនិត្យរួចរាល់ហើយ ប៉ូលិសបានរកឃើញថា បុរសដែលស្លាប់នោះ ឈ្មោះ សាធិត ប៉ានវង្ស អាយុ៥២ឆ្នាំ មានមុខរបរជាប៉ូលិសស៊ើបអង្កេតខេត្ត។

ចំណែកប្រពន្ធបុរស ដែលបាញ់សម្លាប់ខ្លួននោះ មានឈ្មោះថា សុំឆាហ៊ម អាយុ៣៩ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយនៅមាន អាការៈធ្ងន់ធ្ងរមិនទាន់ដឹងខ្លួននៅឡើយ ។

ក្រោយពីប៉ូលិសបានសាកសួរ សាច់ញាតិរបស់ពួកគេ បានប្រាប់ថា មុនពេលកើេតហេតុ បុរសដែលស្លាប់នោះ បានឈ្លោះគ្នាជាមួយប្រពន្ធយ៉ាងខ្លាំង ក្រោយពីឈ្លោះគ្នាហើយ មិនយូរប៉ុន្មានគេឃើញបុរសជាប្តី បានបើកឡានចេញទៅក្រៅបាត់ទៅ ។

មួយសន្ទុះក្រោយមក គេក៏ឃើញបុរសជាប្តីបានត្រលប់មកវិញ ហើយឡើងទៅលើផ្ទះ ក៏ឮសម្លេងឈ្លោះគ្នាម្តងទៀត ហើយគេបានឃើញកូនរបស់ពួកគេទាំង២នាក់ បានរត់ចេញក្រៅផ្ទះជាមួយម្តាយក្មេក។ មិនយូរប៉ុន្មាន គេក៏បានឮសម្លេងកាំភ្លើងផ្ទុះពីរបីគ្រាប់ ទើបអ្នកជិតខាងមានការភ្ញាក់ផ្អើល នាំគ្នារត់ទៅមើល ក៏បានឃើញប្តីស្លាប់ក្នុងថ្លុកឈាម ចំណែកប្រពន្ធត្រូវគ្រាប់កាំភ្លើង របួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ។

ហេតុការណ៍ខាងលើនេះ ប៉ូលិសបានធ្វើការសន្និដ្ឋានថា បានកើេតចេញពីការប្រចណ្ឌរបស់ប្តី បានហាមប្រពន្ធមិនឲ្យទៅធ្វើការ នៅខេត្តផ្សេង រហូតមានការប៉ះទង្គិចពាក្យសម្តីគ្នា ។ សាច់ញាតិបានឲ្យដឹងថា អ្នកទាំង២នាក់ រស់នៅជាមួយគ្នាអស់រយៈពេល ជាង១០ឆ្នាំហើយ ហើយប្រពន្ធរបស់គាត់មានរូបសម្ផស្សស្អាត និងមានការងារល្អ ក្នុងក្រុមហ៊ុនឯកជន ចំណែកប្តីវិញ ជាមនុស្សមានអារម្មណ៍ឆេវឆាវខ្លាំង ពេលឈ្លោះគ្នាម្តងៗ គំរាមយកកាំភ្លើងបាញ់ប្រពន្ធ ជាញឹកញាប់មកហើយ ៕

ដោយសហការី KBN-live.com
ហាមចម្លងព័ត៌មាន យកទៅចុះផ្សាយដោយគ្មានការអនុញាតិ!!!