ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងកាលពីថ្ងៃទី៣ មិថុនា ២០១៧ វេលាម៉ោង១០យប់ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុ ដែលហេតុការណ៍នេះ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៥២ និង ៥៣ ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ភាគីខាងម៉ូតូ មានគ្នា៤នាក់ ១-ឈ្មោះ ចក់ ក្រឹម ភេទប្រុស អាយុ១៨ឆ្នាំ (កសិករ)ខ្មែរ ជាអ្នកបើកបរ ម៉ាកស្មាក់រេវ៉ូ ពណ៌ខ្មៅ ស្លាកលេខព្រៃ វែង1F-8041 (ស្លាប់នៅកន្លែងកើតហេតុ) ២-ឈ្មោះញឹម សុខរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ (កសិករ) ខ្មែររួមដំណើរ (ស្លាប់នៅកន្លែងកើតហេតុ) ៣-ឈ្មោះអឿន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ(កសិករ) ខ្មែរ ជាអ្នករួមដំណើរ (ស្លាប់នៅកន្លែងកើតហេតុ) ៤-ឈ្មោះផន ចាន់ថេន ភេទស្រី អាយុ១៩ឆ្នាំ (កសិករ)ខ្មែរ ជាអ្នករួមដំណើរ (របួសធ្ងន់បញ្ជូនទៅ មន្ទីរពេទ្យភ្នំពេញ)។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង បានបើកវ៉ារថយន្ត១គ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿន នៅសល់តែ១៥ម៉ែត្រទៀតវ៉ាផុត ស្រាប់តែមានម៉ូតូ១គ្រឿង ជិះគ្នា៤នាក់ បើកមកដល់ចំណុចកើតហេតុនេះ ហើយបានឃើញរថយន្តនៅចំពីមុខ អ្នកបើកម៉ូតូក៏គេចទៅខាងឆ្វេងដៃ ហើយក៏បុកពេញទំហឹង ជាមួយរថយន្ត១គ្រឿងទៀត បង្កជាសោកនាដកម្មនេះតែម្តង ។

ក្រោយពីកេតហេតុ រថយន្តដែលបុកម៉ូតូនោះ បានបន្ថែមល្បឿងបើកគេច បាត់ស្រមោល នៅតែភាគីខាងម៉ូតូ ស្លាប់រណូករណែលពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋចោមរោមមើល និងហៅរថយន្តសង្គ្រោះ មកជួយភ្លាមៗផងដែរ ។ ចំណែកឯរថយន្ត១គ្រឿងទៀត បានកាច់ចង្កូចគេចពីម៉ូតូ ធ្លាក់ផ្លូវចូលត្រាំក្នុងប្រឡាយទឹក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង និងធ្វើកំណត់ហេតុ ស្រាវជ្រាវរករថយន្តបង្ក ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕