ភ្នំពេញ ៖ យកធុងស្ពេត្រូ ដាក់ទឹកកកក្លាសេស្រាបៀរ រួចទុកចោលលើគ្រែ ជីដូនយកចៅប្រុស អាយុ​​មួយ​​ខួប​កន្លះ ទៅអង្គុយលេងលើគ្រែនោះ បានមួយភ្លែត ស្រាប់តែដាំក្បាល ចូលក្នុងធុងស្ពេត្រូស្លាប់ គួរ​ឲ្យអណោចអធ័ម កាលពីវេលា​ម៉ោង​ ៦និង​២០នាទី​ព្រលប់​ ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នៅ​ផ្ទះ​របស់​ជនរងគ្រោះ​ ស្ថិត​​ក្នុង​ភូមិ​ស្ពាន​ថ្ម​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ ។

សពកុមារ​រងគ្រោះ​ មានឈ្មោះ​ ប៉េង​ ឧត្តម ​​ភេទប្រុស​ អាយុ​មួយ​ខួប​កន្លះ​ ត្រូវ​ជាកូន​ទី​២ ​ក្នុង​ចំណោម​បងប្អូ​ន ​៣នាក់​ ស្រីមួ​យ​ ប្រុស​មួយ​ និង​ម្នាក់​ទៀត​នៅ​ក្នុង​ផ្ទៃ​ ​​មានម្ដាយ​ឈ្មោះ​ធី​ ស្រៀង​ ​អាយុ​២៥​ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ ឪពុក​ឈ្មោះ​ ពុត​ ណូញ​ អាយុ​ ៣១​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ស្នាក់នៅ​ ភូមិ​ស្ពាន​ថ្ម​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ ។

​​តាម​សម្ដី​ឈ្មោះ​ ឡុង​ សៀក ​អាយុ​៧៥ឆ្នាំ​ ត្រូវ​ជាជីដូន​បង្កើត​ និង​ជាអ្នក​មើល​ថែ​ចៅ​​ បានអោយ​ដឹងថា​ នៅ​មុន​ពេល​កើតហេតុ​ ​មាន​អ្នក​ជិតខាង​ប្រុសៗប្រមាណ ​​៣ទៅ​បួន​នាក់​ បានមកផឹក​ស៊ី​នៅ​លើ​គ្រែ​ផ្ទះ​គាត់​ ដោយ​បានទិញ​ស្រាបៀរ​ យក​មកផឹក​ ហើយ​បានយកធុងស្ពេត្រូ​ យកមក​ក្លាសេ​ស្រាបៀរ​ លុះ​ដល់​ពេល​ពួក​គេ ​​ផឹកស៊ី​ចប់​ ក៏បាននាំគ្នា​ត្រលប់​ទៅ​ផ្ទះ​ រៀងៗខ្លួន​អស់​ទៅ​ ដោយមិន​បាន យកធុងស្ពេត្រូ​ ដែល​មានទឹក​សំរាប់​ក្លាសេ​ស្រាបៀរ​នោះ​ ទៅ​ចាក់​ចោល​ទេ​ ។

​​ប្រភព​ដដែល ​បាន​បន្ត​ទៀត​ថា​ នៅ​វេលា​កើតហេតុ​ បន្ទាប់​ពី​ក្រុម​អ្នក​ផឹក ​បានចេញ​ទៅ​ផ្ទះ​អស់​ ​រូបគាត់ជាជីដូន​ បានលើក​ចៅប្រុស​របស់គាត់​ ដែល​ជាជនរងគ្រោះ ​មកដាក់​អោយ​លេង​លើ​គ្រែ​ ហើយ​រូប​គាត់ ​ក៏​មិន​បានចាប់​អារម្មណ៍​ថា​ នៅ​ក្នុង​ធុង​ស្ពេត្រូ​និងមានទឹកទេ ។

ពេល​ដែលគាត់ដាក់ចៅ ឱ្យនៅលេងលើគ្រែហើយ រូប​គាត់​ត្រូវ​ជាជីដូន ​ក៏​ទៅងូតទឹក​ និង​បោក​ខោអាវ​មួយ​ភ្លែត​ លុះ​ដល់​ពេល​រូប​គាត់ ​បាន​ងូតទឹក​ និង​បោក​ខោអាវ​រួចហើយ​ រូបគាត់​បានដើរ​មករក​ចៅ​ ក៍ស្រាប់តែ​ឃើញ​ចៅប្រុស ​របស់គាត់​ដាំក្បាល​ ចូលទៅ​ក្នុង​ធុង​ស្ពេត្រូ​ ដែលមាន​ទឹក​កន្លះ​ធុង​ ។ ភ្លាមៗនោះ​ដែរ​ រូប​គាត់​ជា​ជីដូន បានស្ទុះ​​ទៅ​លើក​ចៅ​ និងស្រែក ​អោយ​អ្នក​ជិត​ខាង​ជួយ​ គាប់​ជួន​ពេល​នោះ​ ឪពុក​ជនរងគ្រោះ​ បានមកពី​ធ្វើ​ការ​ ឃើញ​ហេតុការណ៍​ដូច្នេះ ​ក៏បានរត់​ទៅ​ជួយ​សង្គ្រោះ ​និង​ធ្វើ​ចលនា​ តែអកុសល​ ចៅប្រុស​របស់គាត់​ បានដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ។

បន្តិច​ក្រោយ​មក​ ប្រជាពលរដ្ឋ​ដែល​បាន មក​មើល​ហេតុ​ការណ៍​ រួចហើយ​ក៏​បាន​ផ្តល់​ដំណឹង​ទៅដល់​សមត្ថកិច្ច​ មូលដ្ឋាន​អោយ​ចុះមកមើល​ លុះសមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅដល់​កន្លែង​កើតហេតុ​រួច​ហើយ​ បានទំនាក់ទំនងទៅ​ខាង ​ជំនាញ​កោសល្យវិច័យ​ អោយ​មកពិនិត្យ​សពកុមារជនរងគ្រោះ​​ ។

​បើតាមសម្តីស្ត្រី​ ត្រូវ​ជាម្តាយ​បង្កើត​ បាននិយាយថា​ រូបគាត់​មានកូនចំនួន ៣នាក់​ ប្រុស​មួយ​ស្រី​មួយ​ និង​ម្នាក់​ទៀត​ កំពុង​ព​ពោះ​ចំនួន៨ខែហើយ​ ​​នៅមុនពេល​កើតហេតុ​ រូប​គាត់​ ២នាក់​ប្តី​ប្រពន្ធ​បានចេញ​ទៅធ្វើ​ការ​ នៅ​រោង​ចក្រ​ អាមេរិក​កាំង​ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ លុះដល់​ពេល​ចេញ​ពី​ធ្វើ​ការ​ នៅម៉ោង​៦ល្ងាច​ ពួក​គាត់​បានត្រលប់​ទៅផ្ទះ​វិញ​ ដោយ​មិនដឹងថា មានរឿង​អ្វីនោះទេ​ លុះទៅ​ដល់ផ្ទះ​ ក៏ស្រាប់តែ​អ្នក​ជិតខាង​ប្រាប់ថា​ កូន​របស់​គាត់​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ ។

​​ក្រោយ​ពេល​កើតហេតុ​ សពកុមារ​ជនរងគ្រោះ​ ត្រូវ​បានសមត្ថកិច្ច​ជំនាញ ​ខាង​កោសល្យវិច័យ​ មកពិនិត្យ​ឃើញ​ថា ជនរង​គ្រោះ​ពិត​ជាស្លាប់​ ដោយសារ​តែ​លង់​ទឹក​ ពិតប្រាកដ​មែន​ ហើយ​ក៏​មិន​មានរឿង​អ្វី​ ក្រៅ​ពី​នេះ​ដែរ​ ព្រម​ទាំង​បានធ្វើ​កំណត់ហេតុ​រួច បាន​ប្រគល់​សពទៅ​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​ នៅ​ផ្ទះ​របស់​ជនរងគ្រោះតែម្តង​ ៕

សហការី kbn-live.com