ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយឆក់ទូរស័ព្ទមិនបានសម្រេច ហើយត្រូវប្រជាពលរដ្ឋ ស្វាគមន៍មួយដៃមួយជើង ជិតក្ស័យ ពេលជិះម៉ូតូ បុកអ្នកធ្វើដំណើរផ្សេងទៀតតាមផ្លូវ តែជនរងគ្រោះដេញតាម យកទូរស័ព្ទបានវិញ មិនមកដាក់ពាក្យប្តឹងឡើយ ។

ករណីឆក់ទូរស័ព្ទនេះ កើតឡើងនៅផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង ៤និង២៥នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ។

ជនសង្ស័យ មានឈ្មោះ ប៊ុន សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១១អា១ នៃវិទ្យាល័យសម្តេច ហ៊ុនសែន ភ្នំពេញថ្មី និងស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់ថា ខ្លួនមិនបានឆក់ទេ គឺអ្នកជិះម៉ូតូឌ្រីមសង់ជាអ្នកឆក់ ហើយបានបោះទូរស័ព្ទអោយមកខ្លួន ។

តាមសំដីជនរងគ្រោះ ដែលមិនមកដាក់ពាក្យប្តឹង បានប្រាប់អោយដឹងថា គាត់បានឈប់ ចុចទូរស័ព្ទនៅលើម៉ូតូ ដែលឈប់នៅលើផ្លូវ២៩១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ស្រាប់តែមានក្រុមជនសង្ស័យចំនួន២ម៉ូតូ មានម៉ូតូម៉ាកឌ្រីមសង់ និងម៉ូតូផ្សេងទៀត មិនចាំម៉ាក បានមកធ្វើសកម្មភាព ឆក់ទូរស័ព្ទ អាយហ្វូស៊ីចអេស ពីដៃតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូ ដេញតាមពីខាងក្រោយ រហូតមកដល់កែង ស្តុប១៩៨៦ ខាងជនសង្ស័យ បានជិះម៉ូតូបុកជាមួយ អ្នកធ្វើដំណើរ តាមផ្លូវផ្សេងទៀត ទើបដួលធ្លាក់ជនសង្ស័យម្នាក់ ត្រូវបាននរគបាលចរាចរ និងប្រជាពលរដ្ឋ ចាប់ស្វាគមន៍មួយដៃមួយជើង ដោយជនរងគ្រោះ ដែលជិះដេញតាមពីខាងក្រោយ ស្រែកចោរឆក់ៗ ។

ក្រោយពេលចាប់បានជនសង្ស័យ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានប្រាប់ហេតុផល មិនចង់អោយជនល្មើស រួចខ្លួនពីការផ្តន្ទាទោសតាមផ្លូវច្បាប់ តែជនរងគ្រោះ ឆ្លើយដោយខ្លី មិនចង់ពាក់ព័ន្ធឡើយ ហើយជនរងគ្រោះម្នាក់ទៀត ដែលត្រូវខាងម៉ូតូក្រុមជនសង្ស័យ បុកបណ្តាលអោយរងខូចខាតម៉ូតូ បានប្រាប់ថា នេះជាថ្ងៃស៊ោយ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរគបាល ខណ្ឌទួលគោក និង សាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

សហការី KBN