ស្រ្តីមេម៉ាយកូនមួយវ័យក្មេងម្នាក់ ជិះរថយន្តឈ្នួលមកពីខេត្តស្វាយរៀង មកដើរលេងចូល​ក្លឹបជាមួយមិត្តភក្ដិនៅភ្នំពេញ ស្រវឹងស្រាចូលដេកផ្ទះសំណាក់ ក៏ត្រូវសង្សាររបស់មិត្តភក្ដិចាប់រំលោភ បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងផ្ទះ​សំណាក់​យីហោ សុធារស​ ផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន កាលពីវេលាម៉ោង​២និង​៤០នាទី​ រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ​។

នារី​​រងគ្រោះ​មានឈ្មោះ​ វ ច វ ភេទស្រី អាយុ​ ១៩ឆ្នាំ​ មានស្រុកកំនើត​ ភូមិ​ចារ​ ឃុំ​ចារ​ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ​ ទៅធ្វើការនៅខេត្តស្វាយរៀង ជាស្រ្តីមេម៉ាយកូនស្រីអាយុ ​២ឆ្នាំ ។
​តាម​សម្ដី​ស្រ្តីរងគ្រោះ បាន​និយាយ​ថា​ នាងជាស្រ្តីមេម៉ាយកូនស្រីអាយុ ២ឆ្នាំម្នាក់ បច្ចុប្បន្នកូនស្រីរស់នៅជាមួយម្តាយនៅខេត្តតាកែវ ចំណែករូបនាងបានទៅធ្វើការនៅខេត្តស្វាយ​រៀង តែមិនបានប្រាប់ថាធ្វើការអ្វីទេ នៅថ្ងៃទី៣ ខែឧសភា ​រូបនាង​និងមិត្តស្រី​ម្នាក់ ​បានជិះ​រថយន្ត​ឈ្នួល​ចេញ​ពី​ខេត្ត​ស្វាយរៀង​ មកលេងភ្នំពេញ​ លុះមកដល់ភ្នំពេញ​ រូបនាង​និងមិត្តស្រី​របស់​នាង បានបែកផ្លូវគ្នា​ដោយ​រូបនាង​​ បាន​ទៅលេង​ផ្ទះ​មិត្តភក្តិរបស់នាង​នៅ​ម្ដុំ​ស្ពាន​ដែក​ចំការ​ដូង​ លុះដល់​ពេល​ល្ងាច​មិត្តភក្ដិ​ស្រី​របស់​នាង​ បាន​ទូរស័ព្ទ​ទៅបបួល​នាង​ទៅ​ហូប​អី​​ នៅហាងមួយ​ម្តុំ​ផ្សារ​អ៊ីអន​ ដោយឲ្យ​មិត្ត​ប្រុស​របស់​គេ​មកឌុបនាងទៅ ។​

បន្ទាប់​មក បានទៅ​​ផឹក​ស៊ី​នៅ​ហាងមួយ​ជាមួយមិត្តស្រី និងសង្សាររបស់មិត្តស្រីនោះ សរុបទាំងអស់​មានគ្នា​ ៣នាក់ ។ លុះពេលផឹកស៊ីស្រវឹងបន្តិចហើយ​ បាន​នាំគ្នា​ទៅចូល​ផឹក​ស៊ី​នៅ​ក្នុង​ក្លឹប​មួយ​កន្លែង​នៅទីក្រុង​ភ្នំពេញ​ តែនាងមិនស្គាល់​ឈ្មោះ​ក្លឹប​នោះ​ទេ​ លុះ​ដល់​ពេល​ផឹក​ស៊ី​រាំកំសាន្ត​សប្បាយ​រីករាយ​ រូបនាង​ស្រវឹង​យ៉ាង​ខ្លាំងពេក ក៍បាននាំគ្នា​ទៅដេក​ផ្ទះ​សំណាក់​ខាងលើ​ ដោយបានជួល​បន្ទប់​មួយ ​ដែលមាន​គ្រែ២​ ដេក​គ្នា​បីនាក់​ ។

ស្រ្តីរងគ្រោះ ​បានបន្តទៀតថា​ នៅពេល​មិត្ត​​ស្រី​របស់​នាង​បានដេកគ្រែមួយជាមួយសង្សារ​​របស់​គេ​​ ចំនែក​រូប​នាង​បានដេក​គ្រែមួយ​តែម្នាក់​ឯង​ ដោយសាតែរូបនាង​ស្រវឹង​ខ្លាំង​ពេក​ បានដេក​លក់ដោយមិនដឹង​ខ្លួន​ ។ ខណៈ​ពេល​នោះ ​ក៏​ស្រាប់​តែ​​សង្សារ​របស់​មិត្តភក្ដិ​នាង​ បានមកធ្វើសកម្មភាព​ចាប់​រំលោភ​រូប​នាង​រហូតបានសម្រេច ទោះបីជានាងខំប្រឹងរើបំរះក៏មិនឈ្នះដែរ ដោយសារតែ​នាងស្រវឹង​ខ្លាំង​​ ។

​ប្រភពដដែលបានបន្តទៀតថា នៅពេលដែលចាប់​រំលោភ​នាងរួចហើយ​ ពួកគេទាំងពីរនាក់​សង្សារ​ បាននាំគ្នា​ចេញ​ពី​បន្ទប់​ផ្ទះ​សំណាក់​ដើម្បី​រត់​គេច​ខ្លួន​ ស្រប​ពេល​នោះ ​រូប​នាង​បានរារាំងពួក​គេព្រម​ទាំង​ អោយអ្នក​មើល​ការ​ ក្នុង​ផ្ទះ​សំណាក់​ជួយ​ឃាត់​ពួកគេទាំងពីនាក់​ តែអ្នក​មើល​ការ​មិនបានឃាត់​ បាន​បណ្តោយ​ឲ្យ​អ្នក​ទាំង​ពីរ​នាក់​នោះ ​ជិះ​ម៉ូតូ​ចេញទៅបាត់​អស់​ទៅ​ ។

ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការរញ៉េរញ៉ៃផ្អើលពេញផ្ទះសំណាក់ទើបខាងម្ចាស់ផ្ទះសំណាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ច មកនាំភាគីជនរងគ្រោះ និងម្ចាស់ផ្ទះសំណាក់ទៅសួរនាំនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ទើបខាង​ខាង​ផ្ទះ​សំណាក់​បានបដិសេធ​ថា​ នៅពេលជនរងគ្រោះ និងមិត្តភក្កិតរបស់គេ ២នាក់ទៀតចេញមកពីក្នុងបន្ទប់ ឃើញដូចមានការឈ្លោះ ប្រកែកគ្នា គាត់ក៏បានសួរថា​មានរឿងអី​ តែ​នារី​រងគ្រោះ​បាន​ឆ្លើយ​ថា​ អត់​មាន​រឿង​អី​នោះ​ទេ​ ទើប​ពួក​គាត់​បានអោយ ២នាក់​សង្សារ​នោះ​ចេញ​ទៅបាត់​ហើយ​​​ ស្រាប់​តែ​នារី​រងគ្រោះ​ស្រែក​​យំ​ ផ្អើល​គេ​ផ្អើល​ឯង​ទើប​ដឹង​រឿង​ច្បាស់​ ។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​បាននាំម្ចាស់ផ្ទះ​សំណាក់ ​ទៅសាកសួររួច ហើយមិនបានឃាត់ខ្លួនខាងផ្ទះសំណាក់ទេ ព្រោះថាមិនមានពាក់ព័ន្ធនឹងផ្ទះសំណាក់ទេ​ ចំនែក​នារី​រងគ្រោះ​បានទៅដាក់ពាក្យ​បណ្តឹង​នៅប៉ុស្ត៍នគរបាល​ទន្លេ​បាសាក់ ​ឲ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យ និងមិត្តភ្ដិស្រីរបស់គេយកមកផ្តន្ទាទោសតាមច្បាប់ ៕ សហការី kbn-live.com