សន្តិសុខ​កំពុង​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស ​កូរ៉េខាងត្បូង​ មុន​ពេល​ការ​បោះឆ្នោត​ប្រធានាធិបតី​ចូល​មកដល់​នៅ​ថ្ងៃ​ទី ​៩​ ខែ​ ឧសភា​នេះ​ ដំណាល​ពេល​ដែល​បេក្ខភាព​ប្រធានាធិបតី​ទាំងឡាយ ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ សហរដ្ឋ​អាមេរិក​ នៅ​លើ​ទឹក​ដី​ កូរ៉េខាងត្បូង​ និង​ជា​ប្រធាន​បទ​សំខាន់​ក្នុង​ការ​ឃោសនា​ប្រកួតប្រជែង​នៃ​បេក្ខភាព​​នីមួយៗ ។​

ក្នុង​ចំណោម​បេក្ខភាព​ប្រធានាធិបតី​ កូរ៉េខាងត្បូង​ មាន​សំឡេង​នាំ​មុខ​គឺ​ លោក ​Moon Jae-in ​មក​ពី​គណបក្ស​រំដោះ ​ជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​ ។​ ចំណែក​លោក ​Ahn Cheol-soo ​ជា​អ្នក​មាន​គោល​នយោបាយ​ផ្ដោត​ទៅ​លើ​សន្តិសុខ​ជាតិ ​ហើយ​គាំទ្រ​វត្តមាន​​ប្រព័ន្ធ​ការពារ​មីស៊ីល​ នៅ​លើ​ទឹកដី​ កូរ៉េខាងត្បូង ​និង​ជា​បេក្ខភាព​ទទួល​បាន​​ការ​គាំទ្រ​ច្រើន​ក្នុង​ចំណោម​អ្នក​អភិរក្សនិយម​ ដោយ​ភាគ​ច្រើន​នៃ​បេក្ខភាព​អភិរក្ស​និយម​ជា​អ្នក​គាំទ្រ​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល ។​ អ្នកស្រី ​Sim Sang-jung ​ជា​បេក្ខភាព​ប្រឆាំង​ប្រព័ន្ធ​ការពារ​មីស៊ីល​ ដោយ​អះអាង​ថា​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​សង្គម​ កូរ៉េខាងត្បូង​ មិន​ចុះ​សម្រុង​គ្នា ។

ទោះ​យ៉ាង​ណា ​ក្នុង​ពេល​ដែល​ប្រព័ន្ធ​ការពារ​មីស៊ីល​កំពុង​ដំឡើង​ អ្នក​ជំនាញ​មិន​ប្រាកដ​ថា ​តើ​ប្រធានាធិបតី​ជាប់​ឆ្នោត​​មាន​អំណាច​លុប​ចោល​ផែនការ​នោះ​ដែរ​ឬ​យ៉ាងណា ។​ ប្រធាន​ក្រុម​​អ្នក​ស្រាវជ្រាវ​ផ្នែក​ការពារ​ និង​សន្តិសុខ ​កូរ៉េខាងត្បូង ​និយាយ​ថា ​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល ​មាន​សារសំខាន់​សម្រាប់​សម្ពន្ធភាព​ អាមេរិក​-កូរ៉េ​ ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​ក្រោយ​កែប្រែ​ផែនការ​នេះ​ នឹង​នាំ​ឲ្យ​ប៉ះទង្គិច​ដល់​ទំនាក់​ទំនង​រវាង​ទីក្រុង​ វ៉ាស៊ីនតោន ​និង​ទីក្រុង ​សេអ៊ូល ។​

ផ្ដល់សិទ្ធិដោយ ៖ Kqube