ភ្នំពេញ៖ បុរសចំណាស់ ជាអនិកជនខ្មែរអាមេរិច បានដេកស្លាប់ក្នុងបន្ទប់ជួល រហូតដល់ធំក្លិនស្អុយ ទើបមានអ្នកដឹង។ បង្ករភ្ញាក់ផ្អើល កាលពីម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី០៣ ឧសភា ២០១៧ នៅបន្ទប់ជួលលេខ១៥ ជាន់ទី១ ក្នុងក្រុមទី៥ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សពឈ្មោះ ផៃ វាសនា ហៅ ចន អាយុ៦៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ១៥ ជាន់ទី១ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅសង្កាត់លេខ
២ក្រុងភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋម្នាក់ ដែលជួលបន្ទប់ នៅក្បែរជាមួយគ្នា បានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ ក្រោយពីគាត់បានបោសសំរាម នៅមុខបន្ទប់ខាងលើ ស្រាប់តែមានធំក្លិនស្អុយ ចំឡែកក៏ទៅគោះទ្វារបន្ទប់ តែមិនមានអ្នកឆ្លើយតប ពេលនោះគាត់បានមើលតាមប្រឡោះបង្អួច ស្រាប់តែឃើញបុរសខាងលើ ដេកស្លាប់លើគ្រែ ឡើងហើមស្ពុលទៅហើយ ទើបបង្ករភ្ញាក់ផ្អើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ច អោយចុះមកពិនិត្យ។

តាមសំដីស្ត្រីឈ្មោះផៃ សុភ័ក្តវត្តី ត្រូវជាប្អូនស្រីសព បានប្រាប់ថា មុនកើតហេតុកាលពី ថ្ងៃទី២៨ មេសា ២០១៧ គាត់បានទំនាក់ទំនងនិងបងគាត់ និងបានខលនិយាយគ្នាធម្មតា រហូតដល់ថ្ងៃ ៣០ មេសា គាត់បានខល មកបងគាត់ម្តងទៀត ទូរស័ព្ទចូល ប៉ុន្តែមិនមានអ្នកលើកឡើយ ដោយសារតែគាត់ រវល់ធ្វើការ គាត់មិនបានមកមើល បងគាត់ឡើយ លុះដល់ថ្ងៃខាងលើ ម្ចាស់ផ្ទះជួល បានខលប្រាប់ថា បងគាត់ស្លាប់ក្នុងបន្ទប់ទៅហើយ ទើបគាត់មកឃើញស្លាប់ ក្នុងបន្ទន់ជួល ដោយចាក់សោរខ្ទាស់ពីខាងក្នុង។

គួររំលឹកថា បុរសចំណាស់ជាអនិកជនខាងលើ បានមកជួលបន្ទប់លេខ១៥ ជាន់ទី១ ស្ទាក់នៅកាលពីថ្ងៃទី០៥ កក្កដា ២០១៦ ដោយស្នាក់នៅម្នាក់ឯង ក្នុងតម្លៃ៩០ដុល្លា ក្នុងមួយខែ ចំណែកការបង់លុយរាល់ខែ គឺប្អូនស្រីគាត់ជាអ្នកចេញ អោយទាំងអស់។

ក្នុងករណីខាងលើនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញរបស់ការិយាល័យ នគរបាលបច្ចេកទេស និងវិជ្ជសាស្ត្ររាជធានីភ្នំពេញ ចុះមកពិនិត្យសាកសពខាងលើ និងបានសន្និដ្ឋានថា សពគាំងបេះដូង ដេកស្លាប់យ៉ាងតិច៤ថ្ងៃ ពីព្រោះឡើងហើមទៅហើយ ក្រោយពិនិត្យរួច បានប្រគល់អោយប្អូនស្រី យកទៅធ្វើបុណ្យតាមប្រពៃណី៕

សហការី KBN-live.com