ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកមានមុខមានមាត់ខ្ពង់ខ្ពស់យ៉ាងត្រដែត ប្រចាំរោងចក្រ ក៏ប៉ុន្តែចរឹកហាក់បីដូចជាអន់បន្តិច បន្ទាប់ពីប្រព្រឹត្តអំពើឆបោក ខ្ចីម៉ូតូរបស់កូនចៅយកទៅជិះ បែជាបង្ហួសយកទៅបញ្ចាំបាត់ អស់រយៈពេល ១សប្តាហ៍ ព្យាយាមភូតកុហក់ គេចវេស ធ្វើឲ្យម្ចាស់ម៉ូតូអស់ជម្រើស លែងយោគយល់ ទ្រាំលែងបាន ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ។

ជនសង្ស័យឆបោកម៉ូតូកូនចៅ មានឈ្មោះ ជី ដារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរប្រធានក្រុម កម្មករប្រចាំរោងចក្រ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ស្នាក់នៅផ្ទះជួលសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា មានស្រុកកំណើតខាងខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះក្នុងករណីខាងលើ មានឈ្មោះ មាស សុផល ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាកូនក្រុមកម្មករ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកម៉ូតូ ដែលជនសង្ស័យឆបោកយកទៅបញ្ចាំបាត់ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F-7912 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ខ្លួនជាកូនក្រុមកម្មកររោងចក្រ ចំណែកជនសង្ស័យជាមេកើយរបស់គេ បម្រើការងារក្នុងរោងចក្រ ហើយនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧កន្លងមក ជនសង្ស័យបានខ្ចីម៉ូតូខ្លួនជិះ ប្រាប់ថា មានកិច្ចការមួយភ្លែត បែជាបាត់រហូត មិនឃើញយកមកឲ្យវិញ លុះដល់ពេល ចូលធ្វើការ បានសាកសួររកម៉ូតូជនសង្ស័យម្តងប្រាប់ថា ចាំថ្ងៃនេះ ម្តងប្រាប់ថាចាំពេលនោះ ហេតុផលច្រើនយ៉ាង យកមកដោះសារ រហូតដល់រសៀលថ្ងៃទី០៣ ខែឧសភា អស់រយៈពេល ១សប្តាហ៍ទៅហើយ ទើបបែកធ្លាយ ម៉ូតូយកទៅបញ្ចាំនៅ ម្ដុំផ្សារឃ្លាំរំសេវបាត់ ទ្រាំមិនបានចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ចោមចៅ ។

ជនសង្ស័យ មកដល់ប៉ុស្តិ៍នគរបាលហើយ នៅឆ្លៀតប្រើល្បិច ប្រើសំដីជាមួយនគរបាល ជាមួយជនរងគ្រោះ ឲ្យរង់ចាំមួយភ្លែត យកលុយមកសងជនរងគ្រោះវិញគ្រប់ចំនួន ម្តងថាម៉ោងនេះ ម្តងថាម៉ោងនោះ ម្តងថាចាំគេទៅលួសយកម៉ូតូមកវិញ បន្ទាប់ពីម៉ូតូត្រូវរូបគេហកទៅបញ្ចាំ នៅឃ្លាំរំសេវ បានលុយ ៦០០ដុល្លារ លេងល្បែងម៉ដ្ឋ ។

ទោះជាយ៉ាងណាក៏ដោយ នគរបាល បន្តសាកសួរកសាងសំណុំរឿង ដើម្បីបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្ត ៕ សហការី kbn-live.com