ប៊ី សុធារី Miss Cosmo Cambodia 2026 កាន់តែបង្ហាញភាពទាក់ទាញរបស់ខ្លួនមុនពេលតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងពេលខាងមុខនេះ។ ប៊ី សុធារី បានបង្ហាញពីការហ្វឹកហាត់តុបតែងមុខនិងធ្វើសក់ សកម្មភាពសង្គម ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ រួមជាមួយនឹងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ។
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថានៅពេលបវរកញ្ញានីមួយៗចេញទៅប្រកួតការចេះតុបតែងខ្លួនដោយខ្លួនឯងគឺមានសារៈសំខាន់ណាស់ពីព្រោះការបង្ហាញខ្លួនជារៀលថ្ងៃនៅក្នុងការប្រកួតគណៈកម្មការសុទ្ធសឹងតែសម្លឹងមើលបេក្ខភាពនោះ។ អ្វីដែលធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រកាន់តែមានទំនុកចិត្តគេសង្កេតឃើញថាឆ្នាំនេះ ប៊ី សុធារី បានត្រៀមខ្លួនជាច្រើនសម្រាប់ការប្រកួតរហូតមានអ្នកមួយចំនួនព្យាករថារូបនាងអាចនឹងទទួលបានចំណាត់ខ្ពស់ពីការប្រកួត Miss Cosmo។
តាមរយៈវីដេអូថ្មីៗនេះ ប៊ី សុធារី បានបង្ហាញរូបភាពចំនឹងរដូវកាល Victoria’s Secret ជាមួយនឹងស្លាបទេវតា។ មុននោះ Miss Cosmo Cambodia 2026 ក៏បានបង្ហាញពីការតុបតែងមុខដោយខ្លួនឯងហើយលទ្ធផលដែលទទួលបានគឺមានភាពស្រស់ស្អាតមិនចាញ់ស្នាដៃអ្នកអាជីពប៉ុន្មាននោះទេ។

ជាងនេះទៅទៀត ក្រៅពីការហ្វឹកហាត់ Make Up ប៊ី សុធារី ក៏បានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅខេត្តសៀមរាបតាមរយៈវីដេអូថ្មីកន្លែងកំពុងល្បី «ប្រាសាទមេបុណ្យខាងលិច»។ លើសពីនេះទៅទៀត ប៊ី សុធារី ក៏បានគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាតបង្អួតសម្រស់ដែលមានផ្ទៃខាងក្រោយជាកំពូលប្រាសាទអង្គរវត្ត។ បវរកញ្ញារូបនេះក៏បានចូលរួមផ្សព្វផ្សាយនិងចូលរួមទាក់ទងនឹងការប្រកួតផលិតផលមិនទាន់កែច្នៃរបស់កសិករមួយចំនួនដែលប្រកួតប្រជែងផលិតផលគ្នាផងដែរ។
សកម្មភាពទាំងនេះបង្ហាញថាការត្រៀមខ្លួនរបស់ ប៊ី សុធារី មិនបានផ្តោតតែលើការបង្ហាញសម្រស់ផ្ទាល់ខ្លួននោះទេប៉ុន្តែក៏រួមបញ្ចូលការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ សម្បត្តិវប្បធម៌របស់ប្រទេសជាតិ និងការលើកកម្ពស់ផលិតផលក្នុងស្រុករួមទាំងផ្តល់ការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
ការចូលរួមក្នុងសកម្មភាពចម្រុះទាំងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការរំពឹងទុកចំពោះសមត្ថភាពរបស់ ប៊ី សុធារី នៅលើឆាកអន្តរជាតិ។ អ្នកតាមដានវិស័យបវរកញ្ញាមួយចំនួនក៏បានបង្ហាញទស្សនៈថា ការត្រៀមខ្លួនយ៉ាងសកម្មរបស់នាងអាចជួយបង្កើនឱកាសក្នុងការទទួលបានលទ្ធផលល្អនៅក្នុងការប្រកួត Miss Cosmo៕










