តារាម៉ូដែលល្បីឈ្មោះជនជាតិហុងគ្រី បាបារ៉ា ផាលវីន (Barbara Palvin) បានបង្ហាញខ្លួនយ៉ាងទាក់ទាញក្នុងកម្មវិធី Victoria’s Secret Fashion Show ឆ្នាំ២០២៦កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅ ដោយត្រឡប់មកដើរម៉ូដវិញក្នុងរយៈពេលត្រឹមតែ ៦ សប្តាហ៍បន្ទាប់ពីសម្រាលកូនស្រីដំបូងរបស់នាង។ ការបង្ហាញខ្លួនលើកនេះបានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន ខណៈស្វាមីរបស់នាងគឺតារាសម្ដែង Dylan Sprouse ក៏បានចូលរួមគាំទ្រលើកទឹកចិត្តភរិយាយ៉ាងពេញទំហឹង។.png)
ក្នុងកម្មវិធីដ៏ល្បីល្បាញនេះ បាបារ៉ា ផាលវីន បានបង្ហាញខ្លួនក្នុងឈុតខោអាវក្នុងពណ៌ផ្កាឈូក ផ្គួបជាមួយរ៉ូបរាត្រីស្តើងដែលមានការតុបតែងបែបអក្សរសរសេរដោយដៃ។ ក្រៅពីនេះ នាងក៏បានបង្ហាញឈុតពណ៌ប្រាក់ភ្លឺចែងចាំង តុបតែងដោយគ្រឿងអលង្ការភ្លឺរលោង និងស្លាបទេវតាដែលធ្វើឱ្យការដើរម៉ូដរបស់នាងកាន់តែលេចធ្លោ។

សម្រាប់ការតុបតែងខ្លួន តារាម៉ូដែលវ័យ៣៣ឆ្នាំរូបនេះបានទុកសក់ឱ្យមានសភាពក្រាស់ និងរៀបចំម៉ូតយ៉ាងស្រស់ស្អាត រួមជាមួយការតុបតែងមុខពណ៌ផ្កាឈូកបែបផ្អែមល្ហែម និងក្រវិលមាសធំៗដែលមានឡូហ្គោរបស់ Victoria’s Secret។ រូបរាងរបស់នាងបានបង្ហាញពីភាពជឿជាក់ និងភាពស្រស់ស្អាត ដែលជាលក្ខណៈពិសេសរបស់តារាម៉ូដែលរូបនេះ។
នៅពេល បាបារ៉ា ផាលវីន (Barbara Palvin) ដើរលើផ្លូវបង្ហាញម៉ូដ នាងទទួលបានការទះដៃអបអរសាទរយ៉ាងកក់ក្តៅពីទស្សនិកជន។ ចំណែកឯស្វាមីរបស់នាងលោក Dylan ដែលកំពុងអង្គុយទស្សនានៅជួរមុខក៏បានក្រោកឈរឡើងនិងបង្ហាញសកម្មភាពថើបផ្ញើទៅកាន់ភរិយា ដើម្បីបង្ហាញពីការគាំទ្រ និងមោទនភាពចំពោះការត្រឡប់មកវិញរបស់នាង។
អ្វីដែលធ្វើឱ្យការបង្ហាញខ្លួនលើកនេះកាន់តែពិសេសគឺ ផាលវីន ទើបតែសម្រាលកូនស្រីដំបូងឈ្មោះ Sylvie កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ ដូច្នេះ ការត្រឡប់មកដើរម៉ូដវិញក្នុងរយៈពេលប្រហែល ៦ សប្តាហ៍បន្ទាប់ពីសម្រាលកូនបានក្លាយជាចំណុចដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រនិងអ្នកតាមដានវិស័យម៉ូត។
មុនពេលកម្មវិធីចាប់ផ្តើមតារាម៉ូដែលរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រោយឆាក អំពីការសម្រេចចិត្តត្រឡប់មកដើរម៉ូដវិញក្រោយសម្រាលកូន។ នាងបាននិយាយថា ការឈប់សម្រាកក្រោយសម្រាលកូនជាទូទៅមានរយៈពេលពី ៦ ទៅ ៨ សប្តាហ៍ ហើយនៅថ្ងៃបន្ទាប់នាងនឹងគ្រប់រយៈពេល ៦ សប្តាហ៍ក្រោយសម្រាលកូន។ នាងក៏បាននិយាយលេងសើចថា ការងារដែលនាងត្រូវធ្វើគឺគ្រាន់តែដើរលើផ្លូវបង្ហាញម៉ូតប៉ុណ្ណោះ។

ផាលវីន បានបន្ថែមថានាងមានអារម្មណ៍រីករាយ និងរំភើបយ៉ាងខ្លាំងចំពោះការត្រឡប់មកវិញ ហើយសង្ឃឹមថានឹងមិនជំពប់ដួលនៅលើឆាក។ សម្ដីនេះបានបង្ហាញពីភាពរីករាយ និងអារម្មណ៍រំភើបរបស់នាងចំពោះឱកាសបានចូលរួមក្នុងកម្មវិធីដ៏សំខាន់មួយនេះម្ដងទៀត។
គួរបញ្ជាក់ថា Barbara Palvin បានចាប់ផ្តើមអាជីពដើរម៉ូតនៅលើឆាក Prada ក្នុងឆ្នាំ២០១០ នៅពេលនាងមានអាយុ ១៧ ឆ្នាំ។ ពីរឆ្នាំក្រោយមក នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធី Victoria’s Secret Fashion Show នៅអាយុ ១៩ ឆ្នាំ ហើយនៅឆ្នាំ២០១៩ នាងត្រូវបានតែងតាំងជាទេពធីតា Victoria’s Secret ជាផ្លូវការ។ ក្រោយមក នាងបានបន្តចូលរួមក្នុងកម្មវិធីរបស់ម៉ាកនេះក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ផងដែរ។
ការវិលត្រឡប់របស់ Barbara Palvin ក្នុងកម្មវិធីឆ្នាំ២០២៦ មិនត្រឹមតែជាការបន្តអាជីពដើរម៉ូដរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដ៏ពិសេសមួយក្នុងជីវិតផ្ទាល់ខ្លួនរបស់នាងផងដែរ ខណៈនាងកំពុងចាប់ផ្តើមតួនាទីថ្មីក្នុងនាមជាម្ដាយ និងបន្តអាជីពដែលនាងស្រលាញ់៕










