តាមរយៈឥទ្ធិពលរបស់ខ្លួន Rick Kh បានចូលរួមតម្កើននិងផ្សព្វផ្សាយពី «ស្បៃខ្មែរ» យ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញមិនចាញ់នារីៗខ្មែរដែលកំពុងចូលរួមលេង Trend នៅលលើបណ្តាញសង្គមឡើយ។ ទន្ទឹមនឹងការផ្សព្វផ្សាយនេះ Rick Kh បានបង្ហាញថាវីដេអូរបស់ខ្លួនកំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ក្តៅក្រហាយយ៉ាងខ្លាំងហើយអ្នកជិតខាងទាំងនេះក៏ព្រួយបារម្ភនៅពេលឃើញខ្មែរកំពុងសាមគ្គី។

ថ្មីៗនេះប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាបវរកញ្ញានិងតារាល្បីៗបានចូលរួមនាំគ្នាលេង Trend បង្ហាញពីវប្បធម៌ខ្មែរ នៃស្បៃដ៏ផូរផង់ រួមទាំងតុបតែងខ្លួនបំផុសគំនិតជាតួអង្គ «យាយសុខ» ហើយពេលនេះកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរនៃសម្បត្តិដូនតាដែលបានបន្សល់ទុកជាមរតកកូនចៅជំនាន់ក្រោយ ក្នុងនាមជាកូនខ្មែរមួយរូបនិងទោះបីជាបុរសក្តី Rick Kh ក៏បានចូលរួមផ្សព្វផ្សាយពី «ស្បៃខ្មែរ» ដូចគ្នា ពីព្រោះកិច្ចការពារវប្បធម៌គឺជាកាតព្វកិច្ចកូនខ្មែរគ្រប់រូប។
.png)
វីដេអូរបស់ Rick Kh ទទួលបាននូវការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកមិនថានៅលើហ្វេកប៊ុកឬទិកតុកនោះទេពីព្រោះលោកគឺជាអ្នកបង្កើតមាតិកាដ៏មានឥទ្ធិពលមួយរូបប្រចាំប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ក្រោយ Rick Kh បញ្ចេញវីដេអូបង្ហាញពី «ស្បៃខ្មែរ» ជំរុញឱ្យផ្ទះលេខ២កើតចិត្តក្តៅក្រហាយបង្កើតការពិភាក្សាយ៉ាងផុសផុលមិនចាញ់ខ្មែរដែលកំពុងពួតដៃគ្នាជាធ្លុងមួយក្នុងការផ្សព្វផ្សាយពីវប្បធម៌ដូនតាដ៏ផូរផង់ឡើយ។
ឃើញសៀមក្តៅក្រហាយ Rick Kh បានលើកឡើងនៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ថា «បន្ទាប់ពីប្រជាជនខ្មែរជាច្រើនរួមគ្នាបង្កើតរូបភាព និងវីដេអូ ដើម្បីលើកស្ទួយ ស្បៃខ្មែរ ក៏មានការជជែក និងប្រតិកម្មយ៉ាងខ្លាំងនៅប្រទេសជិតខាងដែលគេមិននឹកស្មានថាស្បៃខ្មែរស្អាតល្អឯកប្រជាជនខ្មែរចេញមុខការពាររាប់លាននាក់ ហើយគេកំពុងព្រួយបារម្ភ ពេលខ្មែររួមដៃគ្នាដូចគ្រាមុន»។

អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះលើកឡើងទៀតថា «អ្វីដែលគួរឱ្យមោទនភាព គឺការរួបរួមរបស់ខ្មែរគ្រប់ទីកន្លែង ក្នុងការការពារ លើកតម្លៃស្បៃខ្មែរដែលជាមរតកជាតិ។ ស្បៃខ្មែរ គឺជាអត្តសញ្ញាណដែលយើងមិនគួរឱ្យបាត់បង់ និងឱ្យពិភពលោកបានឃើញ»។ នៅក្នុងការលើកឡើងផ្សេងទៀត Rick Kh បានសង្កត់ធ្ងន់ថា «ស្បៃខ្មែរ គឺអត្តសញ្ញាណខ្មែរ» «ស្បៃខ្មែរជាទ្រព្យរបស់ខ្មែរ»។ 
Rick Kh ក៏បានបង្ហាញការសោកស្តាយដោយសារឃើញពេលខ្លះវប្បធម៌ខ្មែរត្រូវបានយកទៅប្រើ ឬបង្ហាញដោយមិននិយាយថាមានដើមកំណើតចេញពីខ្មែរ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «យើងមិនចាំបាច់ស្អប់ប្រទេសណា អ្នកណាទេ តែយើងត្រូវនិយាយពីអ្វីដែលជារបស់យើង ហើយថែរក្សាឱ្យបានល្អ។ ស្បៃខ្មែរ គឺស្រស់ស្អាត មានអត្តសញ្ញាណ និងមានតម្លៃសម្រាប់ខ្មែរយើង»៕










