យោងតាម Khaosod នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះអគ្គិភ័យឆាបឆេះរោងកែច្នៃ និងដាំកញ្ឆា មួយកន្លែងនៅកណ្តាលក្រុងប៉ាតាយ៉ា ដោយបង្កផ្សែងហុយទ្រលោមពេញតំបន់ ពង្វក់ស្មារតីធ្វើឱ្យទាំងប៉ូលិស ក្រុមពន្លត់ភ្លើង និងអ្នកភូមិ វង្វេងវង្វាន់ វិលមុខ និងញ័រដៃជើងគ្រប់គ្នា។.jpg)
____________
ស្រវឹងកញ្ឆាសឹងពេញមួយភូមិ! ក្រុមពន្លត់អគ្គីភ័យ ប៉ូលីស រួមទាំងអ្នកភូមិនៅតំបន់ថេបប្រាស៊ីត (Thepprasit) នៃក្រុងប៉ាតាយ៉ា ប្រទេសថៃ នាំគ្នាកើតមានអាការៈវង្វេងវង្វាន់ស្មារតី មមីងមមាំង ឈឺក្បាល និងញ័រដៃញ័រជើងគ្រប់ៗគ្នា ក្រោយពីបានហិតផ្សែងដែលហុយចេញពីគ្រោះអគ្គិភ័យឆាបឆេះសិប្បកម្មដាំដុះ និងកែច្នៃកញ្ឆាខុសច្បាប់មួយកន្លែង កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod ហេតុការណ៍នេះបានផ្ទុះឡើងនៅវេលាម៉ោង ០៧:៣៦ នាទីព្រឹក នៅតំបន់ថេបប្រាស៊ីត ស្ថិតក្នុងភូមិមួយនៃឃុំណងព្រូ ស្រុកបាងឡាមុង ខេត្តឈុនបុរី។ អគ្គីភ័យនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះកម្ពស់ ២ជាន់មួយខ្នង ដែលត្រូវបានគេលួចលាក់កែច្នៃធ្វើជារោងដាំដុះ និងបណ្តុះកញ្ឆាក្នុងផ្ទះយ៉ាងទំនើប ដោយមានជនបរទេសម្នាក់ជាម្ចាស់។ តាមសម្តីរបស់ស្ត្រីអាយុ ៤៧ឆ្នាំ ជាអ្នកមើលថែបានឱ្យដឹងថា មុនកើតហេតុមានផ្កាភ្លើងផ្ទុះចេញពីប្រអប់ហ្វុយស៊ីបបញ្ជាប្រព័ន្ធអគ្គិសនី រួចក៏រាលដាលឆេះដើមកញ្ឆារាប់រយដើមយ៉ាងលឿន សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ក្នុងអំឡុងពេលដែលឡានទឹក ២គ្រឿង សម្រុកបាញ់ពន្លត់អស់រយៈពេល ៣០នាទី ដើមកញ្ឆាដែលត្រូវភ្លើងដុតបំផ្លាញ បានភាយចេញជាផ្សែងពុលកញ្ឆាយ៉ាងក្រាស់ឃ្មួល និងធុំក្លិនឆួលអួរពេញសហគមន៍។ យោងតាមសាក្សីជិតខាងអាយុ ៦០ឆ្នាំ បានទម្លាយថា ផ្សែងនោះបានពង្វក់ស្មារតីមនុស្សសឹងមួយភូមិ ដោយទាំងប៉ូលីស ក្រុមពន្លត់ភ្លើង និងអ្នកភូមិដែលឈរមើល មានអាការៈធេងធោង វិលមុខ វង្វេងវង្វាន់ និងឈឺក្បាលយ៉ាងខ្លាំង រហូតចូលក្បែរលែងចុះ។ សំណាងល្អ គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសដោយសារអណ្តាតភ្លើង ឬបាត់បង់ជីវិតឡើយ ប៉ុន្តែវាបានបន្សល់ទុកនូវទិដ្ឋភាពស្រវឹងផ្សែងកញ្ឆាផ្អើលពេញប៉ាតាយ៉ា។

ជារួមមក គ្រោះអគ្គិភ័យឆេះរោងកញ្ឆាហុយផ្សែងពង្វក់ស្មារតីប៉ូលិស និងអ្នកភូមិពេញមួយតំបន់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពជាក់ស្តែងនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន ដែលជាស្រុកសម្បូរកញ្ឆា និងមានការបើកចំហរច្បាប់កញ្ឆាយ៉ាងទូលំទូលាយ។ ភាពធូររលុង និងការរីករាលដាលនៃអាជីវកម្មកញ្ឆាទាំងស្របច្បាប់ និងខុសច្បាប់លាក់ខ្លួនតាមផ្ទះសម្បែង បានបង្កើតជាហានិភ័យថ្មីមួយទៀតដល់សន្តិសុខសង្គម និងសុខភាពសាធារណៈ៕









