ទីបំផុតបន្ទាប់ពីមានអ្នកគាំទ្រមួយចំនួនចង់ឱ្យ រ៉េត ស៊ូហ្សាណា និង វណ្ណដា សហការគ្នាកាលពីកន្លងមក ពេលនេះបានសម្រេចបំណងហើយ។ ជាពិសេសបទថ្មីរបស់អ្នកទាំងពីរត្រូវបានអ្នកគាំទ្រលើកឡើងថាហឹរខ្លាំង។ អ្នកខ្លះក៏ថា វណ្ណដា ពេលនេះក្លាយជា villain ហើយ។

នៅយប់ថ្ងៃទី២១ ខែសីហា រ៉េត ស៊ូហ្សាណា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «TIKI TIKI» ដោយមានការចូលរួមពីតារារ៉េប វណ្ណដា ។ នេះគឺជាការសហការលើកដំបូងរវាងអ្នកទាំងពីរចាប់តាំងពី ហ្សាណា បានចូលក្នុងទ្រនំបារមីរយៈពេល២ឆ្នាំមកនេះ។ តាមរយៈសកម្មភាពកន្លងមកអ្នកគាំទ្រជាច្រើនធ្លាប់រពឹងថាអ្នកទាំងពីរនឹងសហការគ្នាហើយ ពេលនេះអ្វីៗក៏ក្លាយជាការពិត។

ជាមួយនឹងស្នាដៃថ្មីរបស់ ហ្សាណា មិនមែនជាប្រភេទបទបែបមនោសញ្ចេតនាដែលទស្សនិកជនធ្លាប់ស្គាល់នោះទេប៉ុន្តែបទ «TIKI TIKI» គឺជាប្រភេទបទបែបហឹរៗរបស់មនុស្សពេញវ័យដោយមានការលេបខាយពាក្យសម្តីគ្នានៅក្នុងក្លិបកម្សាន្ត។ នៅក្នុងបារ៉ូលនៃចម្រៀងនេះក៏បានលាយឡំភាសាស្នេហាបែបស៊ីអារម្មណ៍ផងដែរ។
ក្រោយការចេញផ្សាយ «TIKI TIKI» កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនិងកំពុងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមជាពិសេសគឺនៅលើទិកតុកផ្ទាល់ដែលកំពុងមានមនុស្សជាច្រើនលេងកម្សាន្តបទនេះ។ ងាកមកកាន់ទស្សនិកជនវិញបានបង្ហាញចំណាប់អារម្មណ៍ទៅកាន់ វណ្ណដា ថាពេលនេះលោកគឺជ្រើសរើសធ្វើជា villain មិនមែនជាសុភាពបុរសដូចមុននោះទេ។ MV របស់ ហ្សាណា និង វណ្ណដា ក៏មានការចូលរួមជាពិសេសពីតារារ៉េបជំនាន់ថ្មីចូលរួមក្នុងការថតនេះផងដែរមានដូចជា Chris Diva ,FINN ,Yung JX ,Chutima ,Ti TUY ,P-Kai ,VANNSAK , Lil KZy ។

ទន្ទឹមនឹងការចេញផ្សាយបទថ្មី រ៉េត ស៊ូហ្សាណា ក៏បានបង្ហោះវីដេអូមួយដែលមានការលេងបទចម្រៀងនេះជាមួយនឹង វណ្ណដា ខណៈ វណ្ណដា ក៏បានបង្ហោះរូបមួយសន្លឹកជាមួយនឹង ហ្សាណា នៅលើ Story អបអរសាទរនាងចំពោះការទម្លាក់បទថ្មីនេះ៕










