សម្រាប់មនុស្សម្នារាប់លាននាក់នៅជុំវិញពិភពលោក ក្លិនឈ្ងុយ និងកម្តៅឧណ្ហៗនៃកាហ្វេមួយកែវនៅពេលព្រឹក គឺជាឱសថទិព្វដាស់ស្មារតីឱ្យស្វាហាប់។ យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រថ្មីៗ បានចេញមុខព្រមានថា ទម្លាប់ «ប្រញាប់ក្រេបភេសជ្ជៈទាំងក្តៅខ្លាំង» អាចប្រែក្លាយជាការផ្សងដ៏គ្រោះថ្នាក់មួយចំពោះសុខភាព ដោយសារវាបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារយ៉ាងគំហុក។
.jpg)
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានការវិភាគលើទិន្នន័យសុខភាពខ្នាតធំមួយនៅចក្រភពអង់គ្លេស ដែលបានតាមដានទម្លាប់រស់នៅរបស់ប្រជាជនជិតកន្លះលាននាក់ អស់រយៈពេលរហូតដល់ ១២ ឆ្នាំ។ លទ្ធផលបានបង្ហាញឱ្យឃើញថា ភ្នាក់ងារបង្កហេតុមិនមែនស្ថិតនៅលើជាតិកាហ្វេអ៊ីន ឬសារធាតុនៅក្នុងគ្រាប់កាហ្វេនោះទេ ប៉ុន្តែវាគឺជា «សីតុណ្ហភាព» នៃភេសជ្ជៈទៅវិញទេ។
តាមរបាយការណ៍ស្រាវជ្រាវ អត្រាប្រឈមនឹងជំងឺមហារីកបំពង់អាហារ (Esophageal Cancer) មានការកើនឡើងស្របទៅតាមកម្រិតកម្តៅ និងបរិមាណដែលបានពិសារ៖
ក្រុមអ្នកនិយមញ៉ាំក្តៅខ្លាំង លើសពី ៨ កែវមួយថ្ងៃ មានអត្រាប្រឈមមុខខ្ពស់ជាងមនុស្សទូទៅរហូតដល់ទៅ ៦ ដង។
ក្រុមអ្នកញ៉ាំកម្រិតមធ្យម ៤ ទៅ ៦ កែវមួយថ្ងៃ ក៏នៅតែមានហានិភ័យខ្ពស់ជាងគេពី ២ ទៅ ៣ ដង ដែរ ឱ្យតែភេសជ្ជៈនោះមានកម្តៅខ្លាំងពេក។
.jpg)
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវពីជំងឺមហារីក (IARC) នៃអង្គការសុខភាពពិភពលោក (WHO) ក៏បានចាត់ថ្នាក់ភេសជ្ជៈទាំងឡាយណាដែលមានសីតុណ្ហភាពខ្ពស់លើសពី ៦៥ អង្សាសេ (65°C) ថាជា «សារធាតុដែលអាចបង្កមហារីកដល់រាងកាយមនុស្ស» (Group 2A) ផងដែរ។
ប៉ុន្តែតើហេតុអ្វីបានជាភេសជ្ជៈក្តៅខ្លាំងអាចបង្កជាជំងឺមហារីកបាន? អ្នកជំនាញផ្នែកជំងឺមហារីកបានពន្យល់ថា ស្រទាប់ខាងក្នុងនៃបំពង់អាហាររបស់មនុស្សយើង គឺមានសភាពស្តើង និងងាយរងគ្រោះណាស់។ នៅពេលដែលយើងលេបភេសជ្ជៈដែលមានកម្តៅលើសពី ៦៥ អង្សាសេ វានឹងទៅរលាក និងបំផ្លាញស្រទាប់កោសិកាការពារ (Squamous cells) ខាងក្នុងនោះភ្លាមៗ។
នៅពេលបំពង់អាហារត្រូវរងរបួសដោយសារកម្តៅជារៀងរាល់ថ្ងៃ រាងកាយត្រូវបង្ខំចិត្តជួសជុល និងបង្កើតកោសិកាថ្មីៗជំនួសវិញឥតឈប់ឈរ។ ដំណើរការនៃការបង្កើតកោសិកាឡើងវិញក្នុងល្បឿនលឿន និងរ៉ាំរ៉ៃបែបនេះ ងាយនឹងបង្កឱ្យមាន “កំហុសឆ្គងក្នុងការចម្លង DNA” (Genetic Mutation) ដែលជាដើមហេតុធ្វើឱ្យកោសិកាធម្មតា បំប្លែងខ្លួនទៅជាកោសិកាមហារីក។ លើសពីនេះ ការញ៉ាំមួយក្អឹកធំៗលឿនៗ ធ្វើឱ្យកម្តៅជ្រាបចូលទៅក្នុងបំពង់អាហារបានជ្រៅ និងរក្សាកម្តៅបានយូរ ដែលបង្កការខូចខាតខ្លាំងជាងការក្រេបបន្តិចម្តងៗ។.jpg)
ទោះជាយ៉ាងណា នេះមិនមែនមានន័យថាអ្នកត្រូវបោះបង់ចោលកាហ្វេនោះឡើយ។ ផ្ទុយទៅវិញ វិទ្យាសាស្ត្របានសរសើរភេសជ្ជៈនេះថាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ខ្ពស់ ដែលជួយការពាររាងកាយពីជំងឺមហារីកថ្លើម និងជំងឺទឹកនោមផ្អែមប្រភេទទី២។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្លាស់ប្តូររបៀបញ៉ាំបន្តិចបន្តួចប៉ុណ្ណោះដូចជា៖
បន្ទាប់ពីឆុងកាហ្វេរួច សូមទុកវាចោលប្រហែល ៤ ទៅ ៥ នាទីសិន ដើម្បីឱ្យកម្តៅថយចុះមកត្រឹមសីតុណ្ហភាពឧណ្ហៗ (ទាបជាង ៦០ អង្សាសេ) ជៀសវាងការញ៉ាំមួយក្អឹកធំៗភ្លាមៗ បន្ថែមទឹកដោះគោត្រជាក់ ឬទឹកធម្មតាបន្តិច ដើម្បីបង្អន់កម្តៅភ្លាមៗក្នុងករណីប្រញាប់។
ការណែនាំចុងក្រោយក្រុមគ្រូពេទ្យគឺ «ប្រសិនបើភេសជ្ជៈនោះក្តៅរហូតដល់រលាកអណ្តាតរបស់អ្នក វាក៏កំពុងតែរលាកបំពង់ក និងបំពង់អាហាររបស់អ្នកដូចគ្នា»។ ដូច្នេះ សូមរង់ចាំឱ្យវាត្រជាក់បន្តិចសិន មុននឹងរីករាយជាមួយកាហ្វេប្រចាំថ្ងៃរបស់អ្នក ដើម្បីការពារសុខភាពបំពង់អាហារឱ្យបានយូរអង្វែង៕










