ប្រទេសចិនទៀតហើយ រងទុក្ខផ្ទួនៗតែម្ដង! ក្រៅពីគ្រោះទឹកជំនន់ដែលកំពុងវាយប្រហារតាមបណ្តាខេត្តជាច្រើន ពេលនេះគ្រោះមហន្តរាយបាក់ភ្នំដ៏រន្ធត់មួយបានកើតឡើងក្នុងទីក្រុងឆុងឈីង (Chongqing) ដោយបានបោកបក់ផ្ដួលរំលំអគារលំនៅដ្ឋានរបស់ពលរដ្ឋជាង ១០ ខ្នងឱ្យបាក់រលំខ្ទេចខ្ទីចូលទៅក្នុងទន្លេ និងបានសង្កត់កប់មនុស្សមិនទាន់ដឹងចំនួន នាំឱ្យអាជ្ញាធរត្រូវប្រកាសអាសន្នគ្រោះមហន្តរាយកម្រិតទី២ ជាបន្ទាន់។
.jpg)
យោងតាមវីដេអូទិដ្ឋាការជាក់ស្តែង និងរបាយការណ៍បឋម ហេតុការណ៍បាក់ដីដ៏សាហាវនេះបានកើតឡើងនៅក្នុងសហគមន៍ហានជា (Hanjia) នៃស្រុកស្វយ័តផេងសួយ (Pengshui)។ សញ្ញានៃការធ្លាក់ដុំថ្មដំបូងត្រូវបានគេមើលឃើញនៅម៉ោងប្រហែល ៨:០០ ព្រឹក ដែលធ្វើឱ្យអាជ្ញាធរប្រកាសអាសន្ន និងជម្លៀសពលរដ្ឋបានជាង ៦០ នាក់ចេញទាន់ពេលវេលា។ ទោះជាយ៉ាងណា នៅម៉ោង ៩:០៨ នាទីព្រឹក ដីភ្នំដ៏ធំធេងបានបាក់រលំទាំងស្រុងចំពេលកំពុងជម្លៀស ដោយបានបោកបក់សង្កត់លើផ្ទះសម្បែងរបស់ពលរដ្ឋដែលស្ថិតនៅតាមបណ្តោយដងទន្លេអ៊ូជាំង (Wujiang River) បណ្តាលឱ្យមនុស្សមួយចំនួនត្រូវកប់បាត់ភ្លាមៗ។
.jpg)
ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ននេះ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បានបញ្ជូនមន្ត្រីជំនាញសង្គ្រោះបន្ទាន់ជាង ១០០ នាក់ ព្រមទាំងភ្នាក់ងារពន្លត់អគ្គិភ័យចំនួន ២០៦ នាក់ និងរថយន្តសង្គ្រោះ ៤៩ គ្រឿង ទៅកាន់ទីតាំងកើតហេតុ។ បន្ថែមលើនេះ ក្រុមការងារសំណង់វិស្វកម្មជាតិ (China Anneng) ក៏បានបញ្ជូនអ្នកជំនាញភូគព្ភសាស្ត្រ និងអ្នកជំនាញកាយដីចំនួន ១១០ នាក់ ចូលរួមអន្តរាគមន៍។ គិតត្រឹមពេលនេះ ក្រុមសង្គ្រោះបានជួយជីវិតមនុស្សចំនួន ៩ នាក់ ចេញពីគំនរបាក់បែកដោយជោគជ័យ ដោយជនរងគ្រោះទាំងអស់មិនមានរបួសធ្ងន់ធ្ងរដល់ជីវិតឡើយ ខណៈប្រព័ន្ធអគ្គិសនីដែលបានកាត់ផ្តាច់ កំពុងត្រូវបានជាងបច្ចេកទេសដុតដៃដុតជើងជួសជុលឡើងវិញ។.jpg)
បច្ចុប្បន្ន ប្រតិបត្តិការស្វែងរក និងសង្គ្រោះជនរងគ្រោះដែលកំពុងបាត់ខ្លួន នៅតែបន្តធ្វើឡើងយ៉ាងសកម្មបំផុត ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកដោយសារអាកាសធាតុ និងភូមិសាស្ត្រដីបាក់ក៏ដោយ។ គ្រោះមហន្តរាយធម្មជាតិនេះ គឺជាការដាស់តឿនមួយបន្ថែមទៀតអំពីគ្រោះថ្នាក់នៃបម្រែបម្រួលអាកាសធាតុ ដែលបង្កជាភ្លៀងធ្លាក់ជោកជាំខ្លាំងហួសកម្រិត និងកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ក៏ដូចជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជើងភ្នំ និងតាមដងទន្លេនៅក្នុងប្រទេសចិន៕
Home ព័ត៌មានអន្តរជាតិ ទិដ្ឋភាពរន្ធត់! គ្រោះបាក់ដីនៅក្រុងឆុងឈីង បានផ្ដួលរំលំអគារជាង ១០ខ្នង និងសង្កត់កប់មនុស្សមិនទាន់ដឹងចំនួន









