Home ព័ត៌មានអន្តរជាតិ ច្បាប់ថ្មីនៅកូរ៉េខាងត្បូង៖ «ផ្សាយព័ត៌មានក្លែងក្លាយ អាចប្រឈមនឹងការប្តឹងទារសំណងដល់ទៅ ៦សែនដុល្លារ»

ច្បាប់ថ្មីនៅកូរ៉េខាងត្បូង៖ «ផ្សាយព័ត៌មានក្លែងក្លាយ អាចប្រឈមនឹងការប្តឹងទារសំណងដល់ទៅ ៦សែនដុល្លារ»

81
0

លែងជាការព្រមានទៀតហើយ គឺពិន័យឱ្យរាងចាល! ច្បាប់ថ្មីរបស់ប្រទេសកូរ៉េខាងត្បូង បានបើកផ្លូវឱ្យជនរងគ្រោះអាចប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់ «៥ដង» ឬស្មើនឹងទឹកប្រាក់រាប់សែនដុល្លារអាមេរិក ប្រឆាំងនឹងអ្នកកាសែត YouTubers និងអ្នកលេងបណ្តាញសង្គមទូទាំងប្រទេស ប្រសិនបើហ៊ានបំភ្លៃការពិត។ នេះជាការផ្តល់សិទ្ធិឱ្យជនរងគ្រោះអាចប្តឹងទារសំណងក្នុងទឹកប្រាក់ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងគោលបំណងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ពីសង្គម ប៉ុន្តែច្បាប់នេះក៏កំពុងបង្កើតឱ្យមានក្តីបារម្ភពីមជ្ឈដ្ឋានខ្លះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrHY6G6pfFi_HQP5GtDncUtcpxMmZGlc8NxBrNOAc0qum-Revqm-KR9vybcskRd3JEZNO3UFuUPuPdMZ9Y3DWmqPNdhBtYVOXhocVMEfLcUY6efe_sPZSIJbncKhmqHjARAtmGAo9VlsVWcT0SA7kIMzI_1cjFbL-qDaFz6vYX8r_RDptuamleirhSwaE/s1000/photo_2026-07-08_09-09-22%20(2).jpg
ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់កូរ៉េខាងត្បូង បានចូលជាធរមានជាផ្លូវការហើយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បន្ទាប់ពីសភាជាតិបានអនុម័តកាលពីចុងឆ្នាំ២០២៥ កន្លងទៅ។ ច្បាប់ដែលធ្វើវិសោធនកម្មលើ «ច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង» នេះ អនុញ្ញាតឱ្យជនរងគ្រោះអាចប្តឹងទាមទារសំណងជំងឺចិត្តខ្ពស់រហូតដល់ ៥ដង នៃទំហំខូចខាតជាក់ស្តែង ប្រឆាំងនឹងស្ថាប័នព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ (Content Creators) និងអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅ ដែលមានចេតនាចែកចាយព័ត៌មានមិនពិត។

ខ្លឹមសារច្បាប់បានបញ្ជាក់ថា ជនរងគ្រោះដោយសារការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភ័ន្តក្នុងចេតនាបង្កគ្រោះថ្នាក់ ឬស្វែងរកផលប្រយោជន៍ខុសច្បាប់ នឹងទទួលបានសំណងជំងឺចិត្តរហូតដល់ ៥ដង នៃទំហំខូចខាតដែលបានរកឃើញ។ លើសពីនេះ ជនរងគ្រោះអាចទាមទារសំណងជំងឺចិត្តរហូតដល់ ១,០០០លានវ៉ុន (ប្រហែល ៦សែនដុល្លារអាមេរិក) ពីស្ថាប័នព័ត៌មានណាដែលនៅតែបន្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយចាប់ពី ២ដងឡើងទៅ ខណៈការផ្សព្វផ្សាយក្នុងន័យបរិហារកេរ្តិ៍ នឹងត្រូវរងការផាកពិន័យបន្ថែមចាប់ពី ៥០លានវ៉ុន ទៅ ៧០លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijczWH6mreWcqJvvJCZLCtSam_IVg_IQX1avUPblRlXHkhcgij_lkNcXI1TrmNtCmApVWtuCLEy3OFpp-dwCdcV5O5VPk8fhTl3im0iXmYpmXqn2mibwV0l2S9dr2fmqAdyUSknNbqhwaRTo0Wa-6NxPOfoXmh34zLrCbF9_REESVkeMOGLEtZu7QHpd0/s600/photo_2026-07-08_09-09-22.jpg

ក្រៅពីស្ថាប័នព័ត៌មានធំៗ ច្បាប់នេះក៏មានវិសាលភាពគ្របដណ្តប់លើអ្នកបង្កើតមាតិកាអនឡាញ ជាពិសេស YouTubers ដែលមានអ្នកតាមដាន (Subscribers) ចាប់ពី ១០០,០០០នាក់ឡើងទៅ ឬមានអ្នកចូលទស្សនាជាមធ្យម ១០០,០០០ដងក្នុងមួយខែ ព្រមទាំងអ្នកប្រើប្រាស់ទូទៅដែលបានបង្ហោះ ឬចែកចាយបន្តនូវព័ត៌មានមិនពិតនៅលើបណ្តាញសង្គមផងដែរ។

ដោយឡែក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង ដែលមានអ្នកប្រើប្រាស់លើសពី ១លាននាក់ ដូចជា Naver និង Kakao ត្រូវតែលុបមាតិកា ឬផ្អាកគណនីខុសច្បាប់ទាំងនោះភ្លាមៗ ពេលទទួលបានសេចក្តីរាយការណ៍ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងមានវិធានការអនុវត្តបែបណាចំពោះក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ដូចជា YouTube នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXELPPDDEKtqttPIOhU0UfantBx52TIex0q1eO3rTdkMTnSnlxsjPYCRH7Bt1T1XmnK3W4b8i1HRGS8vdfRHxweKOe884U0RUchmlhUXNvMFU-7v-JIuHGgk6F11l164Vxm7Ft0gnc8wQu8gNHHtrM0VS3iWYLVp1qaYvUvSk8pkwNj37-hRV_P-q2Mz0/s1024/photo_2026-07-08_09-09-23%20(2).jpg

ទោះជាមានការរឹតបន្តឹងខ្លាំងក្តី ច្បាប់នេះត្រូវបានលើកលែងចំពោះមាតិកាប្រភេទកំប្លែង ការធ្វើត្រាប់តាមបែបកំប្លែង (Parody) ក៏ដូចជារាល់ការផ្សព្វផ្សាយក្នុងន័យការពារផលប្រយោជន៍សាធារណៈ។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកសារព័ត៌មាននៅតែបង្ហាញក្តីបារម្ភថា ខ្លឹមសារច្បាប់ខ្លះនៅមានភាពស្រពិចស្រពិល ដែលអាចបើកឱកាសឱ្យអ្នកនយោបាយ ឬក្រុមហ៊ុនធំៗ យកមកប្រើប្រាស់ជាឧបករណ៍ដើម្បីបំបិទមាត់អ្នករិះគន់ និងឈានទៅរឹតបន្តឹងសេរីភាពសារព័ត៌មាន ដែលធ្វើឱ្យអ្នកកាសែតមិនហ៊ានរិះគន់រដ្ឋាភិបាល ឬអ្នកមានអំណាច។

សូមបញ្ជាក់ថា ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោកប្រធានាធិបតី Lee Jae Myung និងគណបក្សប្រជាធិបតេយ្យ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងពីហេតុផលថា ព័ត៌មានក្លែងក្លាយបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ ព្រោះវាបង្កឱ្យមានការបែកបាក់ ការស្អប់ខ្ពើម និងការយល់ច្រឡំយ៉ាងខ្លាំងនៅក្នុងសង្គមជាតិ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT0YOi-FUlpIQbpSqv77YOyJG0bZSa5EPp52Ecrl4SD4vqFV_ktEJcddj9LRCfM0Zms3v3Dqm2KXMaQ1TwIRUC5QzCAx9niVaPSPBG6P0uOuzOhEGSkdC0HH0Oyr8F26h4wBjMFYiJAuAffrH41i-Q3h4wlZidieQbE-ucWHfjM0mOFJGer-yCDE4c3Rw/s1200/photo_2026-07-08_09-09-23.jpg