Home ព័ត៌មានអន្តរជាតិ បំបែកទីតាំងធំៗ! ថៃបង្ក្រាបទីតាំងផលិតទឹកស៊ីរ៉ូក្អកក្លែងក្លាយរហូតជាង១សែនដប​ ត្រៀមចែកចាយលើទីផ្សារ

បំបែកទីតាំងធំៗ! ថៃបង្ក្រាបទីតាំងផលិតទឹកស៊ីរ៉ូក្អកក្លែងក្លាយរហូតជាង១សែនដប​ ត្រៀមចែកចាយលើទីផ្សារ

88
0

ដើម្បីតែផលចំណេញផ្ទាល់ខ្លួន មិនខ្វល់ពីខូចសុខភាពអ្នកដទៃ! តើមានមនុស្សប៉ុន្មាននាក់ទៅដែលរងគ្រោះ ប្រសិនបើទឹកស៊ីរ៉ូក្លែងក្លាយទាំងនេះត្រូវបានចែកចាយទៅដល់ដៃ? ថ្មីៗនេះ សមត្ថកិច្ចថៃបានបំបែកសម្បុកក្រុមទុច្ចរិតផលិតទឹកស៊ីរ៉ូក្អកក្លែងក្លាយ ស្មើជាង១សែនដប នៅខេត្តប៉ាធុមថានី។ នេះជាការដាស់តឿនមួយសម្រាប់អ្នកប្រើប្រាស់ទឹកស៊ីរ៉ូទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតដើម្បីកុំឱ្យប៉ះពាល់សុខភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmINY7ok2FyXlD-M5VaL-OYV5tiroImm54z1b0KEIKkSqaw_Ckv3EF0H9sqCEasBZ4eGkbr7I5cXRdHoEdnIzXmNjPkM2qIa3TX88IelT4_Ax4ALHSXbbg19xIdf2tZQZAf1L_uCHv_hpYOONXXhA4_QKPNt3_WP8LGsqjTpGEzXhONBx-iD65_rQT3FM/s1280/photo_2026-06-25_16-50-11.jpg
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានសហការជាមួយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ព្រមទាំងមន្ត្រីសុខាភិបាលខេត្តប៉ាធុមថានី បើកប្រតិបត្តិការបង្ក្រាប និងរឹបអូសទឹកស៊ីរ៉ូក្អកក្លែងក្លាយ សរុបចំនួន១៣៩,៤០០ដប (ជាង១សែនដប) ស្ថិតនៅទីតាំងផលិត និងស្តុកទុកខុសច្បាប់ចំនួន៤ទីតាំង ក្នុងខេត្តប៉ាធុមថានី រួមមាន៖

ទី១-នៅឃុំឃ្លងហុក ស្រុកឃ្លងលួង៖ សមត្ថកិច្ចបានរឹបអូសទឹកស៊ីរ៉ូក្អកក្លែងក្លាយម៉ាក Datissin ចំនួន១២៧,៩០០ដប ព្រមទាំងដបផ្លាស្ទិកសម្រាប់ច្រក ចំនួន៦,៨០០ដប និងឆ្នាំងអ៊ីណុកសម្រាប់ស្ងោរទឹកស៊ីរ៉ូ ចំនួន២ឆ្នាំង។

ទី២-នៅឃុំឡាំឡូកកា ស្រុកឡាំឡូកកា៖ សមត្ថកិច្ចរឹបអូសទឹកស៊ីរ៉ូក្អកក្លែងក្លាយ ចំនួន១១,៤០០ដប និងទឹកស៊ីរ៉ូ ចំនួន៤,០៨៦ដបទៀត (ដែលមិនទាន់វេចខ្ចប់ត្រឹមត្រូវ) ព្រមទាំងសារធាតុរាវក្នុងធុងចំណុះ ១,២៥០លីត្រ ចំនួន២ធុង។ ក្រៅពីនេះ សមត្ថកិច្ចបានរឹបអូសស្លាកសញ្ញាក្លែងក្លាយ ជាង១១៤,១៦៥ស្លាក, សម្ភារៈផលិត ចំនួន២៨ប្រភេទ និងវត្ថុធាតុដើមសម្រាប់ផលិត ស្មើជាង៨០២ប្រភេទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEila5qiKeVZkL5pWbcQqOj6L-DaE_lC7neBYFo4t_blwKBZKGMpSaEX0zxbZCV_w5bEUD6Jt_BeLmEZMLVQ9XZnHxvUKA7baP9qz57QNK2uc16ZptZzMM0sCOQXxySBn-kTAaL9C6533hUi6j6fthtWuRWJNuV_KlIVzOUuAoL8G3Dt4JlBoXiwd2S5-9U/s800/photo_2026-06-25_16-50-11%20(2).jpg
ទី៣-នៅឃុំរាំងស៊ីត ស្រុកថាន់បុរី៖ សមត្ថកិច្ចរឹបអូសស្លាកសញ្ញាទឹកស៊ីរ៉ូក្លែងក្លាយ ចំនួន១៨,០៩០ស្លាក និងទឹកសម្រាប់ផលិតទឹកស៊ីរ៉ូ ចំនួន២៤០កាន។

ទី៤-នៅឃុំរាំងស៊ីត ស្រុកថាន់បុរី៖ សមត្ថកិច្ចរឹបអូសទឹកស៊ីរ៉ូក្អកក្លែងក្លាយ ចំនួន១០០ដប ស្លាកសញ្ញាក្លែងក្លាយ ចំនួន២៩៧,១៥០ស្លាក, សារធាតុរាវពណ៌ក្រហម (មិនស្គាល់ឈ្មោះ) ចំនួន១កាន និងសម្ភារៈផ្សេងទៀត។

តាមការស៊ើបអង្កេត គឺទីតាំងទាំងនេះបានលួចប្រើប្រាស់វត្ថុធាតុដើមលាយសារធាតុគីមីមកផលិតជាទឹកស៊ីរ៉ូក្អក និងលក់ទៅកាន់ទីផ្សារ ដោយមិនខ្វល់ពីផលប៉ះពាល់សុខភាពអតិជនឡើយ ហើយក្រុមជនល្មើសបានផ្លាស់ប្តូរទីតាំងផលិតជាញឹកញាប់ពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីឱ្យរួចផុតពីការតាមដានរបស់សមត្ថកិច្ច។ ពួកគេត្រូវបានជាប់ចោទពីបទផលិតដោយគ្មានអាជ្ញាប័ណ្ណ ប្រឈមនឹងជាប់ពន្ធនាគារចាប់ពី៥ឆ្នាំ រហូតដល់១ជីវិត និងត្រូវបង់ប្រាក់ពិន័យ ពី១ម៉ឺនបាត ទៅ៥ម៉ឺនបាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_C0q-OHrtVRgmGPWAE9YadJthKxQsB7dX8FAK9SL7uteYZL1RLQP0gpIB31JNEwuIzLuqGhh9y-WLv0NZwG7fnOckxYAInHTXcF-ohm1iUbuyaGxITn6KV5w-hB6E6Mjjknj3S_qIvTyP-_s0Ab4yWUJsnyb4x8T7NXLOFCieLJ3lKgYL8ePG9TSj0X0/s800/photo_2026-06-25_16-50-11%20(4).jpg

គួរបញ្ជាក់ថា ការចុះបង្ក្រាបនេះ បន្ទាប់ពីការស៊ើបអង្កេតលើបណ្តាញសង្គមឃើញថា មានការលក់ចែកចាយទឹកស៊ីរ៉ូក្អកក្លែងក្លាយទាំងនេះទៅឱ្យក្រុមយុវជនយកទៅលាយជាមួយទឹកក្រាធុម (ទឹកថ្នាំរុក្ខជាតិ) ដើម្បីបង្កើតជាគ្រឿងស្រវឹងខុសច្បាប់បង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព។ តាមរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ច គឺមិនមានការបញ្ជាក់កាលបរិច្ឆេទជាក់លាក់ថា តើការផលិតទឹកស៊ីរ៉ូចាប់ផ្តើមតាំងពីឆ្នាំណានោះទេ៕