អ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញ Chen Sihan, Zuo Qihan, និង Zhang Hanrui ដែលជាអ្នកហ្វឹកហាត់ TF Family ជំនាន់ទី៤ បានរៀនពាក្យមួយចំនួនជាភាសាខ្មែរ។ លើសពីនេះសមាជិកទាំង៣ក៏បានរៀនរាំរបាំតាមវីដេអូរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា និងបានរាំបទ «Pop Up» របស់ N. John។

TF Family (Time Fengjun) ត្រូវបានគេដឹងថាជាទីភ្នាក់ងាររបស់ចិនដែលនៅពីក្រោយក្រុមចម្រៀង C-Pop ដ៏ល្បីល្បាញត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយបានបង្កើតគំរូបណ្តុះបណ្តាល និងអភិវឌ្ឍន៍តារាល្បីសម័យទំនើបនៅក្នុងឧស្សាហកម្មវប្បធម៌ប៉ុបរបស់ប្រទេសចិន។ ៣ជំនាន់មកហើយដែល TF Family បានបង្ហាញក្រុមចម្រៀងរបស់ខ្លួន ខណៈជំនាន់ទី៤ ដែលមានសិក្ខាកាមចំនួន១៥នាក់កំពុងតែហ្វឹកហាត់សមត្ថភាពនៅក្នុងក្រុមហ៊ុនដោយការប្រកាសនៃជំនាន់ថ្មីនេះមិនដឹងថាមានប៉ុន្មាននាក់នោះទេ ដោយកាលពីឆ្នាំ២០២៤ ក្នុងជំនាន់ទី៣ហ្វឹកហាត់១២នាក់ប្រកាស Debut តែ៦នាក់ប៉ុណ្ណោះ។

ទោះយ៉ាងណា ថ្មីៗនេះអ្នកហ្វឹកហាត់ជំនាន់ទី៤ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញសមាជិក ៣រូបគឺ Chen Sihan, Zuo Qihan, និង Zhang Hanrui បានរៀននិយាយភាសាខ្មែរប្រៀបដូចជាកូនខ្មែរពិតៗ។ នៅក្នុងវីដេអូនេះសមាជិកទាំង៣បានរៀនពាក្យមួយចំនួនដូចជា «សួស្តី» «ជម្រាបសួរ» «លាហើយ» «លាសិនហើយ » «អរគុណ» រួមជាមួយនឹងពាក្យនិងប្រយោគមួយចំនួនទៀត។ ក្រៅពីការរៀនភាសាខ្មែរ Chen Sihan, Zuo Qihan, និង Zhang Hanrui ក៏បានរៀនរាំរបាំខ្មែរផងដែរ។.png)
សមាជិកទាំង៣បានរៀនរាំដោយត្រាប់តាមវីដេអូរបស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក្នុងអំឡុងពេលដែលទ្រង់ទៅប្រទេសចិនកន្លងមកនិងបានបង្ហាញទៅកាន់ទស្សនិកជនពីអត្ថន័យក៏ដូចជាចង្វាក់នីមួយៗរបស់រាំរបាំខ្មែរ។ អ្នកហ្វឹកហាត់ក្នុងត្រកូល TF ជំនាន់ទី៤នេះក៏បានរាំបទ «Pop Up» របស់ N. John ប្រកបដោយភាពសប្បាយរីករាយនិងពេញចិត្តជាខ្លាំង។

សកម្មភាពរបស់ពួកគេបានទាក់ទាញអារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សហើយវីដេអូមួយនេះកំពុងរីករាលដាលនៅលើបណ្តាញសង្គមសូម្បីតែឧកញ៉ា ព្រាប សុវត្ថិ រួមទាំង N. John ក៏បាន Repost នៅលើបណ្តាញសង្គមទិកតុកផងដែរ៕










